ជាតិ
សិប្បកម្មរបស់លោក ឆៃងន់ យកស្រទបស្លា ធ្វើជាចាន និងស្លាបព្រា ដើម្បីកាត់បន្ថយប្លាស្ទិក
28, Feb 2021 , 11:39 pm        
រូបភាព
ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ លោក ហួ ឆៃងន់ ម្ចាស់សិប្បកម្ម Areca Cam នឹងកែច្នៃស្រទបស្លា ទៅជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ស្លាបព្រា សម និងប្រអប់។ សិប្បកម្ម ដែលគ្រោងដំណើរការនាខែមេសាខាងមុខនេះ នឹងរួមចំណែកកាត់បន្ថយប្លាស្ទិក ជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងបង្កើតការងារដល់ក្រុមយុវជនស្រឡាញ់បរិស្ថាន។


ស្លា ជាដំណាំមួយប្រភេទដែលមានដើមមូលរលូនត្រង់ ផ្លែមានរសជាតិចត់ ដែលភាគច្រើនគេនិយមដាំយកផ្លែ។ ដំណាំមួយប្រភេទនេះ ក្រៅពីប្រជាកសិករដាំក្នុងចម្ការ ក៏មានការនិយមដាំនៅតាមផ្ទះជាលក្ខណៈគ្រួសារផងដែរ។ បើនិយាយពីស្រទបស្លាវិញ តែងជ្រុះចោល មិនសូវបានគេយកប្រើប្រាស់ទេ ប៉ុន្តែ លោក ហួ ឆៃងន់ បានប្រកាសតាមគណនីហ្វេសប៊ុករបស់ខ្លួនថា៖«ខ្ញុំត្រូវការស្រទបស្លា ចំនួន១០០,០០០ (ដប់ម៉ឺន) ស្រទបក្នុងមួយខែៗ។ បើបងប្អូនណាមាន ឬដឹង សូមជួយប្រាប់ផង»។ 
 
លោក ហួ ឆៃងន់ បានប្រាប់សារព័ត៌មានThmeythmey25 ថា លោកកំពុងត្រូវការស្រទបស្លាចំនួន១០ម៉ឺនស្រទប រៀងរាល់ខែ ដើម្បីច្នៃធ្វើ ចាន ស្លាបព្រា សម និងប្រអប់ ដែលអាចប្រើជំនួសប្រអប់ស្នោបាន។ លោក ហួ ឆៃងន់ បញ្ជាក់ទៀតថា៖« ស្រទបស្លាចំនួន ១០០ស្រទប យើងទិញក្នុងតម្លៃ ៨ពាន់រៀល ទៅ ១ម៉ឺនរៀល ដោយគិតទៅតាមស្រទបស្អាត មិនស្អាត ធំ មិនធំ»។ 
  

ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក

បើតាមម្ចាស់សិប្បកម្ម Areca Cam  អាជីវកម្មខ្នាតតូចនេះ គ្រោងដំណើរការជាផ្លូវការនាខែមេសា ឆ្នាំ២០២១នេះ ដោយលោកកំពុងស្ទាបស្ទង់លើសន្ទុះនៃការផ្គត់ផ្គង់ស្រទបស្លា និងទីតាំងដាក់ស្រទបស្លា ក្នុងខេត្តកំពង់ចាម ដើម្បីងាយស្រួលរៀបឧបករណ៍ក្នុងការប្រើប្រាស់ និងផលិត។
 
គោលដៅអតិថិជនរបស់លោក ហួ ឆៃងន់ ផ្តោតទៅលើអ្នកស្រឡាញ់បរិស្ថាន ភោជនីយដ្ឋាន សណ្ឋាគារ ឬក៏នាំចេញទៅក្រៅប្រទេស។ ចានស្រទបស្លា ដែលគ្រោងលក់ចេញ គឺចាន ១មានតម្លៃ ៨រយរៀល ទៅ ១ពាន់រៀល ដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្នុងការរួមចំណែកកាត់បន្ថយប្លាស្ទិក។ លើសពីនេះ លោក ហួ ឆៃងន់ ក៏គ្រោងប្រើប្រាស់ថវិកា ដែលចំណេញពីការលក់ ដើម្បីលើកស្ទួយផ្នែកបរិស្ថាននៅកម្ពុជា។
 
ម្ចាស់សិប្បកម្មរូបនេះ រំពឹងថា នឹងទទួលបានការគាំទ្រច្រើន ដោយមើលឃើញពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលលើការកាត់បន្ថយប្លាស្ទិក ហើយសង្គមទាំងមូលក៏មានការចាប់អារម្មណ៍ច្រើន ទៅលើការប្រើប្រាស់សម្ភារជួយដល់បរិស្ថានផងដែរ៕


ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក


 ប្រភព៖ គណនីហ្វេសប៊ុល លោក ហួ ឆៃហុក


© រក្សាសិទ្ធិដោយ thmeythmey.com