COVID-19
ជាតិ
រដ្ឋបាលភ្នំពេញ ផ្អាកជាថ្មីនូវអាជីវកម្ម ដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩
19, Jun 2021 , 6:35 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបពី AKP
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបពី AKP
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមទាំងការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការផ្អាកបណ្ដោះអាសន្ននេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។



សេចក្ដីសម្រេច ចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនានេះ បានឲ្យដឹងថា សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម រួមមាន សាលារៀន សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងរដ្ឋនិងឯកជន លើកលែងតែសាលារៀន ដែលបណ្ដុះបណ្ដាលតាមអនឡាញ ត្រូវផ្អាកជាបណ្ដោះអាសន្ន។

បន្ថែមពីនោះ អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ក៏ត្រូវផ្អាកដែរ។

ក្រៅពីនោះ សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ត្រូវមើលទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បញ្ជាក់ក្នុងសេចក្តីសម្រេចថា៖«ក្នុងអំឡុងនៃការដាក់ចេញវិធានការរដ្ឋបាល ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន មិនឱ្យលើសពី១៥នាក់ឡើយ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមសមាជិកគ្រួសារ និងរង្វង់សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន  ឬទីសំណាក់ជាមួយគ្នា ក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ»។

បើតាមសេចក្តីប្រកាសសម្រេចដដែល មានករណីខ្លះ ត្រូវលើកលែង រួមមាន ការជួបជុំរបស់ស្ថានប័នសាធារណៈ ការប្រមូលផ្ដុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទ៍ ការយកវត្ថុសំណាកទៅវិភាគ រកមេរោគកូវីដ-១៩ និង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវលើកលែងដែរ។

នៅមានសកម្មភាពមួយចំនួនទៀត ត្រូវលើកលែង គឺ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធី របស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្ដី ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរ មានសមត្ថកិច្ច ការប្រជុំ ឬការប្រមូលផ្សុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ខាងលើ។

ទោះជាយ៉ាងណា សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានលើកលែងបម្រាមទាំងអស់ ត្រូវតែអនុវត្តវិធានការការពារ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Tag:
 COVID-19
  ផ្អាកអាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com