អន្តរជាតិ
ការសិក្សា៖ កាហ្វេ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើម
04, Jul 2021 , 8:59 pm        
រូបភាព
ជាធម្មតា មនុស្សគ្នាប្រាកដជាដឹងថា ការទទួលទានកាហ្វេ អាចរំខានដំណេក និងបង្កផល​ប៉ះពាល់ដល់សុខភាពមួយចំនួន។ ​ ប៉ុន្តែវាមិនមែនបែបនោះទាំងស្រុងទេ គ្រប់យ៉ាងតែងមានគុណ​សម្បត្តិ និងគុណវិបត្តិរបស់វា។ ការទទួលទានកាហ្វេ ក៏មានអត្ថប្រយោជន៍ដែរ។ វាអាច​ជួយសុខភាពអ្នកទទួលទាន បានយ៉ាងច្រើន ជាពិសេសអាចកើតបន្ថយការវិវឌ្ឍនៃជំងឺថ្លើម ប្រសិនបើអ្នកទទួលទាន ក្នុងបរិមាណត្រឹមត្រូវ។

 
ការសិក្សាថ្មីមួយ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា លើទិនានុប្បវត្តិសុខភាពសាធារណៈ BMC បានបង្ហាញថា ការទទួលទានកាហ្វេពី៣ពែង ទៅ៤ពែង ដែលស្មើនឹង៣០០ទៅ៤០០មីលីក្រាមក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃការកើត និងស្លាប់ដោយសារជំងឺថ្លើមរ៉ាំរ៉ៃ។ 
 
អំណះអំណាងខាងលើ គឺផ្អែកលើការសិក្សាមួយដែលមានអ្នកចូលរួមជិត៥០ម៉ឺននាក់។ ​ជាលទ្ធផល ក្រុមអ្នកជំនាញ បានរកឃើញថា អ្នកទទួលទានកាហ្វេ អាចកាត់បន្ថយអត្រាវិវដ្តទៅ​រកជំងឺថ្លើមរ៉ាំរ៉ៃបានប្រមាណ២១ភាគរយ និងជំងឺខ្លាញ់រុំថ្លើមបានចំនួន២០ភាគរយ។ លើសពីនេះ អ្នកបរិភោគកាហ្វេ អាច​កាត់​បន្ថយហានិភ័យនៃការ​ស្លាប់ដោយជំងឺថ្លើមរ៉ាំរ៉ៃបានដល់៤៩ភាគរយ បើធៀបនឹងអ្នក​មិនទទួលទានកាហ្វេសោះ។ 
 
នេះមិនមែនជាការសិក្សាដំបូង ដែលបង្ហាញពីគុណសម្បត្តិរបស់កាហ្វេឡើយ។​ វាមានការ​សិក្សាជាច្រើនទៀត ដែលធ្លាប់បានធ្វើឡើងកន្លងមក និងបង្ហាញថាការទទួលទានកាហ្វេបានរួមចំណែក​ជួយកាត់​បន្ថយហានិភ័យជំងឺខ្សោយបេះដូងដែរ។ ទន្ទឹមនឹងនេះ កាហ្វេក៏អាចជួយកាត់​បន្ថយលទ្ធភាពនៃការកើតជំងឺផ្សេងទៀតដូចជា ទឹកនោមផ្អែមប្រភេទ២ មហារីកក្រពេញ​ប្រូស្តាត ជំងឺវង្វេង និងជំងឺមហារីកស្បែកជាដើម។ នេះបើតាមការចុះផ្សាយរបស់ទំព័រសុខ​ភាពទូរទស្សន៍ CNN ។ 
 
មិនត្រឹមតែអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើននោះទេ កាហ្វេក៏អាចជួយការពារការកើនឡើង​អត្រាការស្លាប់ដោយជំងឺមហារីក ឬស្លាប់ដោយស្ទះសរសៃឈាមបេះដូង​ឡើយ បើទោះជា អ្នកទទួលទានកាហ្វេដល់ទៅ ៦ពែងក្នុងមួយថ្ងៃក៏ដោយ។ នេះបើតាម​ការលើកឡើង របស់លោកវេជ្ជបណ្ឌិត Rob van Dam នៃសាលាសុខភាពសាធារណៈរបស់​សកលវិទ្យាល័យ Harvard។ 
 
តែទោះយ៉ាងណា កាហ្វេផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សលុះត្រាតែទទួលទានក្នុង​បរិមាណមួយត្រឹមត្រូវ។ មនុស្សម្នាក់ៗ មានបញ្ហាសុខភាពខុសៗគ្នា។ ជាការល្អ អ្នកជំងឺដែលមានមានបញ្ហាដំណេក និងមានបញ្ហាទឹកនោមផ្អែម គួរ​តែពិគ្រោះជាមួយ​គ្រូពេទ្យជំនាញ ដើម្បីដឹងពី​សុខភាពផ្ទាល់ខ្លួនមុនទទួលទានកាហ្វេ។ 
 
សូមបញ្ជាក់ថា កាហ្វេមិនអាចផលល្អដល់សុខភាពសម្រាប់មនុស្សទាំងអស់នោះទេ។ ចំពោះស្ត្រី​មានផ្ទៃពោះ ការទទួល​ទានកាហ្វេច្រើនហួស​កម្រិត នឹងងអាចបណ្តាល​ឱ្យកូន​កើតមិនគ្រប់​គីឡូ ឬកើតមិនគ្រប់ខែ និងអាចស្លាប់ក្នុងផ្ទៃ​ជាដើម។ ចំណែកកុមារ ក៏មិនត្រូវ​បានណែនាំឱ្យទទួលទានកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងមានសារជាតិកាហ្វេអ៊ីនដែរ៕
 

Tag:
 កាហ្វេ
  ជំងឺថ្លើម
© រក្សាសិទ្ធិដោយ thmeythmey.com