អន្តរជាតិ
ជប៉ុន៖ អ្នកស្លាប់កើនដល់៣នាក់ និងបាត់ខ្លួន១១៣នាក់ក្នុងហេតុការណ៍បាក់ដីនៅ Atami
05, Jul 2021 , 10:52 am        
រូបភាព
ហេតុការណ៍បាក់នៅក្រុង Atami ក្បែរទីក្រុងតូក្យូ ។ រូបថត Xinhua
ហេតុការណ៍បាក់នៅក្រុង Atami ក្បែរទីក្រុងតូក្យូ ។ រូបថត Xinhua
ដោយ: ថ្មីៗ
ដោយ៖​ ជា ពេជ្រដាឡែន
 
អ្នកស្លាប់ក្នុងហេតុការណ៍បាក់ដីក្នុងក្រុង Atami របស់ជប៉ុន កើនដល់បីនាក់ហើយ ខណៈ អ្នកបាត់ខ្លួនឡើងរហូតដល់១១៣នាក់គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា។ ក្រុមជួយសង្រ្គោះ បន្តប្រតិបត្តិការរបស់ខ្លួនទោះជាអាកាសធាតុអាក្រក់បន្តជះឥទ្ធិពលដល់ការរុករកក្ដី។

 
ភ្លៀងធ្លាក់ខ្លាំង បង្កទៅជាការបាក់ដី និងល្បាប់ភក់ដែលសង្កត់ផ្ទះប្រជាជនរាប់សិបខ្នងនៅទីក្រុង Atami ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងតូក្យូ កាលពីថ្ងៃទី៣ ខែកក្កដាកន្លងមក។​ ក្នុងប្រតិបត្តិការជួយសង្រ្គោះពីរថ្ងៃមកនេះ ក្រុមអ្នករុករក រកឃើញសាកសពចំនួនបី ហើយមនុស្សដែលកំពុងបាត់ខ្លួនមានដល់១១៣នាក់ឯណោះ។ 
 
 
ទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា មនុស្សទីបីដែលត្រូវបានស្លាប់បន្ទាប់ពីការបាក់ដីនេះ​ ជាស្ត្រីម្នាក់។ 
 
ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី ជាសញ្ញានៃការដែលអាចកើតមានគ្រោះមហន្តរាយធម្មជាតិ ផ្សេងទៀតដូចជា ការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ។ ការណ៍នេះធ្វើឱ្យ មានការព្រួយបារម្ភចំពោះជប៉ុន និងទីក្រុងតូក្យូដែលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកចាប់ពីខែកក្កដាទៅ។ 
 
ទីក្រុង Atami ជាទីក្រុងកម្សាន្តមាត់សមុទ្រនៅចម្ងាយ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ដែរថា ភ្លៀងធ្លាក់ខ្លាំងនៅសប្ដាហ៍មុន បូកផ្សំដីដែលបាក់ បង្កើតទៅជាភក់ និងកម្ទេចកម្ទីដែលបានហូរតាមដងទន្លេប្រហែល២គីឡូម៉ែត្រឆ្ពោះទៅកាន់សមុទ្រ។ 
 
ភ្លាមក្រោយហេតុការណ៍បាក់ដីនេះ ផ្ទះប្រមាណ១៣០ខ្នង រងផលប៉ះពាល់ ហើយការផ្គត់ផ្គង់អគ្គិសនី ត្រូវបានកាត់ផ្ដាច់ផងដែរ។ នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ និយាយថា ក្រុមជួយសង្រ្គោះដែលមានប៉ូលិស និងយោធាផងនោះ ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសង្រ្គោះអ្នកដែលកប់ក្រោមគំនរបាក់បែក៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com