ជាតិ
រថយន្ត
ត្រឹម៣ថ្ងៃ អាជ្ញាធរឃាត់យានយន្តល្មើសបម្រាមគោចរ ជិត៩០០គ្រឿង
02, Aug 2021 , 7:29 pm        
រូបភាព
សមត្ថកិច្ចចុះអនុវត្តបម្រាបគោចរនៅរាជធានីភ្នំពេញ។
សមត្ថកិច្ចចុះអនុវត្តបម្រាបគោចរនៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ រយៈពេលបីថ្ងៃ ដោយគិតពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី១សីហានេះ សមត្ថកិច្ចរាជធានីភ្នំពេញបានអនុវត្តបម្រាមគោចរ ដោយឃាត់យានយន្តបាន៨៩២គ្រឿង ដែលល្មើសបម្រាមក្នុងនោះមានរថយន្ត២៥៤គ្រឿង និងម៉ូតូ៦៣៨គ្រឿង។


ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់នូវវិធានការ១៤ថ្ងៃ គឺផ្អាកសកម្មភាពការងារមុខរបរ និងអាជីវកម្មណា ដែលមានហានីភ័យឆ្លងកូវីដ-១៩ខ្ពស់។ លើសពីនេះ គឺបម្រាមគោចរត្រូវអនុវត្តចន្លោះពីម៉ោង៩យប់ដល់ម៉ោង៣អាធ្រាត្រ គឺអនុវត្តនៅទី៣០កក្កដាដល់១២សីហាដោយលើកលែងករណីមួយចំនួនប៉ុណ្ណោះ។ 
 
រយៈពេលបីថ្ងៃនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់យានយន្តចំនួន៨៩២គ្រឿង ក្នុងនោះ ពិន័យបាន២៣៨គ្រឿង។ ជាមួយគ្នាដែរកម្លាំងសមត្ថកិច្ចក៏សម្រេចរក្សាទុក យានយន្តជាង២០០គ្រឿងផងដែរ។ ក្រៅពីនេះយកយានយន្តដែលនៅសល់ សមត្ថកិច្ចក៏អនុញ្ញាតឲ្យយកត្រឡប់ទៅវិញ។ ចំណែក អ្នកល្មើសបម្រាមជាង១៣០០នាក់ត្រូវកម្លាំងសមត្ថកិច្ចអប់រំណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានថ្មីៗទទួលបានពី លោក សាន សុខសីហាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ។ 
 
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរឹតត្បិតសកម្មភាពការងារ មុខរបរ និងអាជីវកម្មណា ដែលប្រឈមការឆ្លងរាលដាលកូវីដ-១៩មានដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន សារមន្ទីសួនកុមារ សួនកម្សាន្ត ម៉ាស្សា ស្ទីម សូណាគ្រប់ប្រភេទ។ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទក៏ត្រូវបានហាមឃាត់ផងដែរ។ ហើយក្រៅពីនេះ មានរោងភាពយន្ត រោងសម្តែងសិល្បៈក្លិបហាត់ប្រាណ និងមណ្ឌលកីឡាគ្រប់ប្រភេទ។ រីឯការជួបជុំគ្នាលើសពី១០នាក់ត្រូវតម្រូវឲ្យផ្អាកជាបណ្តោះអាសន្ន លើកលែងជំនួបក្នុងគ្រួសារ ឬលក្ខខណ្ឌផ្សេងៗដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕ 
 
 

Tag:
 យានយន្ត
  បម្រាមគោចរ
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com