ជាតិ
លោក មាស សោភ័ណ្ឌ៖ ការបង្កើតគណៈកម្មការតាមដានវាយតម្លៃ មិនមែនរឹតត្បិតវិស័យព័ត៌មានទេ
05, Aug 2021 , 11:35 am        
រូបភាព
លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន (រូបពីហ្វេសប៊ុកលោក មាស សោភណ្ឌ)
លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន (រូបពីហ្វេសប៊ុកលោក មាស សោភណ្ឌ)
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី២ សីហា។ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា គណៈកម្មការមួយនេះ នឹងជួយលើកកិត្យានុភាពវិស័យព័ត៌មាននៅកម្ពុជា ថែមទៀត។

 
លោក មាស សោភ័ណ្ឌ បានពន្យល់ថា គណកម្មការតាមដាន វាយតម្លៃ នឹងពិនិត្យមើលស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា ដែលបានបំពេញការងារតាមវិជ្ជាជីវៈនិងក្រមសីលធម៌ត្រូវត្រឹមនោះ គឺត្រូវផ្ដល់ការសរសើរ និងលើកទឹកចិត្តដល់ស្ថាប័ននោះ។ ប៉ុន្តែបើគណៈកម្មការ រកពិនិត្យថា ស្ថាប័ន ឬអ្នកសារព័ត៌មានណា ដែលបំពេញការងារខុសវិជ្ជាជីវៈ និងក្រមសីលធម៌ គឺនឹងដាក់ពិន័យពួកគេ តាមច្បាប់ស្តីពីរបបសារព័ត៌មាន។
 
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដូចតទៅ៖





 
បើតាមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ការបង្កើតគណកម្មការតាមដាន វាយតម្លៃនេះឡើង មិនមែនបំបិទសេរីភាពអ្នកសារព័ត៌មាន ឬស្ថាប័នផ្សព្វផ្សាយនោះទេ ប៉ុន្តែវានឹងជួយលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពវិស័យព័ត៌មានថែមទៀត។ ត្រង់ចំណុចនេះ លោក មាស សោភ័ណ្ឌ ព្យាយាមពន្យល់ទៀតថា គណៈកម្មការមួយនេះ នឹងជួយដុះខាត់ និងតម្រង់ទិសស្ថាប័ន និងអ្នកសារព័ត៌មាន ប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យអនុវត្តត្រឹមត្រូវវិញ។
 
គិតត្រឹមខែកក្កដា ២០២១នេះ មានអង្គភាពសារព័ត៌មាន៦ហើយ ដែលក្រសួងព័ត៌មាន បានសម្រេចដកអាជ្ញាបណ្ណពីពួកគេវិញ ដោយសារតែស្ថាប័នទាំងនោះ បានប្រព្រឹត្តខុសធ្ងន់ធ្ងរ ផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌។ នេះបើតាមលោក មាស សោភ័ណ្ឌ។

អត្ថបទទាក់ទង

 
ចំពោះគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានគឺមានលោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន។ ក្នុងនោះក៏មានអនុប្រធាន២រូប និងអនុប្រធានអចិន្ត្រៃយ៍១រូប រួមទាំងសមាជិក១១រូបទៀត៕
 

Tag:
 មាស សោភណ្ឌ
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com