ជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងរៀបចំភូមិ«គិរីអភិវឌ្ឍន៍» ក្នុងស្រុកសាមគ្គីមានជ័យ ជាតំបន់ទេសចរណ៍
28, Aug 2021 , 12:09 pm        
រូបភាព
រូបភាពពី លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង
រូបភាពពី លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង
ដោយ:
មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង កំពុងសិក្សា និងរៀបគម្រោង ប្រែក្លាយភូមិគិរីអភិវឌ្ឍន៍ ក្នុងស្រុក សាមគ្គីមានជ័យ ឱ្យក្លាយជាភូមិទេសចរណ៍។ ការប្រែក្លាយតំបន់នេះ ជាផលិតផលទេសចរណ៍ថ្មី ព្រោះជាតំបន់សម្បូរដោយធនធានធម្មជាតិ និងមានភ្នំថ្មផុសបន្តុបលើគ្នា យ៉ាងប្លែកភ្នែក។ ក្រៅពី សក្ដានុពលធម្មជាតិ ផ្លូវទៅតំបន់នេះក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរដែរ។


លោក សេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះថា  អាជ្ញាធរ និងមន្ទីរទេសចរណ៍កំពុងចងក្រងប្រជាពលរដ្ឋក្នុងភូមិគិរីអភិវឌ្ឍន៍នេះ ឱ្យក្លាយជាសហគម៍ទេសចរណ៍មួយ។ការបង្កើតសហគមន៍គឺត្រូវផ្ដើមពីការផ្ដល់វគ្គបណ្ដុះបណ្ដាល ផ្នែកបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋក្នុងតំបន់។ 
 


រូបភាពពី លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង 

លោក សេង សាលី បន្ថែម៖«ភូមិគិរីអភិវឌ្ឍន៍មានសក្ដានុពលធម្មជាតិស្រសបំព្រង ហើយថែមទាំងមានថ្មផុស ហើយបើភ្ញៀវឡើងលើភ្នំ អាចមើលឃើញបឹងអន្លង់ជ្រៃដែលនៅខេត្តកំពង់ស្ពឺ។ដូច្នេះហើយបានយើង មានគម្រោងបង្កើតភូមិនេះ ជាភូមិទេសចរណ៍។យើងនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលប្រជាជនក្នុងភូមិ ឱ្យចេះទទួលភ្ញៀវជាមុនសិន ហើយយើងនឹងចងក្រងជាសហគមន៍»។ 
 
នៅជើងភ្នំថ្មផុសនេះ មានប្រជាជនលក់ម្ហូបអាហារនិងមានទីតាំងសម្រាប់អង្គុយលេងប្រមាណ ២០-២៤ តូបដែរ។ រាល់ចុងសប្តាហ៍ ទេសចរជាតិជាពិសេសប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ក៏តែងទៅកម្សាន្តនៅតំបន់នេះជារឿយៗដែរ។សម្រាប់ទេសចរ ដែលចង់ទៅបោះតង់សម្រាកក្នុងតំបន់គិរីអភិវឌ្ឍន៍ត្រូវសុំអនុញ្ញាតពីអាជ្ញាធរ និងប្រជាជននៅទីនោះជាមុនសិនព្រោះដីក្នុងភូមិនេះជារបស់ឯកជន។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
 
ដ្បិតជាតំបន់សម្បូរដោយ ភ្នំនិងថ្មប៉ុន្តែផ្លូវទៅភូមិគិរីអភិវឌ្ឍន៍ គឺមិនលំបាកធ្វើដំណើរនោះទេដោយផ្លូវចូលមានក្រាលកៅស៊ូ និងតំបន់ខ្លះជាផ្លូវក្រួសក្រហម ។ សូមជម្រាបដែរថាភូមិគិរីអភិវឌ្ឍន៍ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យត្រូវបានបង្កើតឡើងចុងក្រោយគេបង្អស់នៅខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០១៥។ភូមិនេះបច្ចុប្បន្នមានប្រជាជនរស់នៅជាង ២០០គ្រួសារ៕
 


 រូបភាពពី លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង 


Tag:
 ThmeyThmey25
  គិរីអភិវឌ្ឍន៍
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com