ជាតិ
សេដ្ឋកិច្ច
ការព្យាករថ្មីរបស់ADB៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ មានកំណើនត្រឹម១,៩ភាគរយប៉ុណ្ណោះ
22, Sep 2021 , 6:59 pm        
រូបភាព
ទិដ្ឋភាពទូទៅនៃរាជធានីភ្នំពេញ។
ទិដ្ឋភាពទូទៅនៃរាជធានីភ្នំពេញ។
ភ្នំពេញ៖ ការអូសបន្លាយនៃការរាតត្បាតដោយជំងឺកូវីដ-១៩ នៅកម្ពុជា បានធ្វើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទម្លាក់ការព្យាកររបស់ខ្លួន មកលើសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ ដែលមានកំណើន៤ភាគរយ មកត្រឹម១,៩ភាគរយវិញ។  យ៉ាងណាក៏ដោយ ADB បានរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងវិញ នៅអត្រា៥,៥ភាគរយ ក្នុងឆ្នាំ២០២២។



នាព្រឹកថ្ងៃទី២២កញ្ញានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដោយ ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងត្រឹម១,៩ភាគរយ ក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ។ បើតាមលោកស្រី Sunniya Durrani-Jamal ដែលជានាយិការបស់ADB ប្រចាំកម្ពុជា ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ពី៤ភាគរយ មកត្រឹម ១,៩ភាគរយនេះ គឺដោយសារតែភាពអូសបន្លាយពេលយូរ នៃជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។
 
លោកស្រី Sunniya Durrani-Jamal បាននិយាយដូច្នេះ៖«ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំ[២០២១]នេះ។ ដោយផ្អែកលើចំណុចនេះ យើងព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹម១,៩ភាគរយនៅឆ្នាំ២០២១ ដែលទាបជាងការព្យាករ ៤,០ភាគរយ របស់យើងកាលពីខែមេសា»។
 
ការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ ADB ដែលធ្លាក់មកត្រឹម១,៩ភាគរយវិញនេះ គឺដោយសារតែតម្រូវការក្នុងស្រុក សម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀត បានប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩ និងការបិទខ្ទប់នានា។ ជាពិសេស គឺការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះរហូតដល់ ៩១,៣ភាគរយ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ទន្ទឹមនឹងនេះ កំណើនវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះ ០,៦ភាគរយនៅឆ្នាំ ២០២១ ផងដែរ។ ប៉ុន្តែវិស័យកសិកម្មកម្ពុជា ត្រូវបាន ADB រំពឹងថា នឹងកើនឡើង១,៥ភាគរយ នៅក្នុងឆ្នាំ២០២១ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់វិស័យកសិកម្ម។
 
រីឯ កំណើនវិស័យឧស្សាហកម្មកម្ពុជា ត្រូវបានព្យាករនៅកម្រិត ៥,៣ភាគរយ  ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យនឹងលទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង និងការបន្តនៃភាពរឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។
 
ជាមួយនឹងគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះ រួមមាន៖ ការផ្តល់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ, ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ, ការជំរុញសេដ្ឋកិច្ច និងកម្មវិធីរៀបចំកម្ចីឡើងវិញ (Loan Restructuring)។
 
«ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល នឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ»។ នេះជាការលើកឡើងរបស់ លោកស្រី Durrani-Jamal ដោយបានបន្ថែមថា ការបន្តកំណែទម្រង់ហេដ្ឋារចនា សម្ព័ន្ធឌីជីថលក៏ចាំបាច់ផងដែរ ដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់។ នាយិការបស់ADBប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះ៖ «ការធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ»។
 
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគនានានៅកម្ពុជា  ដែលមានតម្លៃ ២,០៨ ពាន់លានដុល្លារ។  ក្នុងឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧,២លានដុល្លារដល់កម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១,៣លានដុល្លារទៀត តាមរយៈសហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទាន ចំនួន ១,៤៩ ពាន់លានដុល្លារ និងជំនួយឥតសំណង ៣១,៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច  និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB៕ 
 
 

Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com