អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជនអង្គការទស្សនៈពិភពលោក ក្នុងនាមជាដៃគូសហការ
27, Sep 2021 , 3:57 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ - ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជន ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូ ដល់កម្មវិធីយុវជន និងការចូលរួម របស់អង្គការទស្សនៈពិភពលោក រហូតដល់ខែកញ្ញា ឆ្នាំ២០២២។ កម្មវិធីនេះ នឹងផ្តល់ការបណ្តុះបណ្តាល និងការតម្រង់ទិស ដល់កុមារ ក្មេងជំទង់ និងយុវជន ដែលមានអាយុពី១២ឆ្នាំ ដល់ ១៨ឆ្នាំ ប្រមាណជាង២ម៉ឺននាក់។
 
កម្មវិធីយុវជន និងការចូលរួម (Impact+)  នឹងផ្តល់ការគាំពារដល់កុមារ ក្មេងជំទង់ និងយុវជន ក្នុងស្រុកចំនួន៨ តាមបណ្តាខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង កណ្តាល កំពង់ឆ្នាំង ព្រះវិហារ សៀមរាប និងខេត្តតាកែវ ដើម្បីជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលជាពលរដ្ឋសកម្មពោរពេញដោយសមត្ថភាព គុណតម្លៃ ការជឿជាក់ និងទំនាក់ទំនងល្អជាមួយគ្នាក្នុងសង្គម។ 
 


លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ និងការចូលរួម នៃអង្គការទស្សនៈពិភពលោក លើកឡើងថា កម្មវិធីយុវជន និងការចូលរួម ត្រូវបានបង្កើតឡើង ដើម្បីឱ្យប្រាកដថាយុវជនទទួល បានការគាំទ្រនូវអ្វីដែលពួកគេត្រូវការសម្រាប់បង្កើតក្តីស្រមៃនាថ្ងៃអនាគត ដាក់គោលដៅ និងសម្រេចបំណងផ្ទាល់ខ្លួន ក៏ដូចជាពង្រីកលទ្ធភាពនានា សម្រាប់ខ្លួនពួកគេផងដែរ ។ 
 
លោក យាង សិដ្ឋសមប្រាថ្នា មានប្រសាសន៍បន្ថែមថា៖«យើងជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះ នឹងផ្តល់ជាវេទិកាដ៏មានសុវត្ថិភាពមួយ សម្រាប់កុមារ ក្មេងជំទង់ និងយុវជន ដើម្បីឱ្យពួកគេកសាងបំណិនជីវិត បង្កើតជម្រើសបែបវិជ្ជមាន និងប្រកបដោយសុខុមាលភាពល្អប្រសើរ ក្នុងជីវិតប្រចាំថ្ងៃ ធ្វើឱ្យប្រសើរឡើងនូវជំនាញភាពជាអ្នកដឹកនាំ និងធ្វើឱ្យពួកគេរស់នៅ មានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងសង្គម។ ជំនាញទាំងនេះ ជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេ ក្នុងការអភិវឌ្ឍខ្លួនជាពលរដ្ឋសកម្ម និងក្លាយជាអ្នកដឹកនាំ ដ៏មានសក្តានុពលនាពេលអនាគត»។
 


នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងប្តេជ្ញាចិត្តក្នុងការវិនិយោគ ដើម្បីការរីកចម្រើនរយៈពេលយូរអង្វែង របស់ប្រទេសកម្ពុជា។ ពួកយើងគិតថា យុទ្ធសាស្រ្តដែលមាននិរន្តរភាពបំផុត ចំពោះកំណើនសេដ្ឋកិច្ច គឺការវិនិយោគលើការអភិវឌ្ឍយុវជន និងមូលធនមនុស្ស។ យុវជន និងការចូលរួម គឺជាកម្មវិធីមួយដែលយើងគាំទ្រ ព្រោះវាដំណើរការដោយផ្អែកលើការអប់រំ ការណែនាំ និងកីឡា ដែលជួយយុវជនក្នុងការបញ្ចេញនូវសក្តានុពលពេញលេញរបស់ពួកគេ និងស្វែងយល់ពីឱកាសថ្មីៗ និងបង្កើនលទ្ធភាពរស់នៅ ប្រកបដោយសុខភាពល្អ និងវិជ្ជមាន»។
 
លោក ថូម៉ាស បានបន្ថែមថា៖ «យើងមានមោទកភាពយ៉ាងខ្លាំង ចំពោះភាពជាដៃគូជោគជ័យ ដែលត្រូវបានបង្កើតឡើង រវាងក្រុមហ៊ុន Smart Axiata និងអង្គការទស្សនៈពិភពលោក។ យុវជនដែលបានចូលរួមក្នុងកម្មវិធីទាំងនេះ គឺមានភាពរឹងមាំ មានទំនុកចិត្តក្នុងខ្លួនឯង និងមានការប្តេជ្ញាចិត្តដ៏គួរឲ្យកោតសរសើរ។ យើងមានជំនឿថា ពួកគេនឹងបន្តធ្វើឱ្យប្រសើរឡើង នូវជីវភាពគ្រួសារ និងសហគមន៍ ព្រមទាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសង្គមកម្ពុជាកាន់តែប្រសើរឡើង» ។


 
យុវតី សៀវម៉ី វ័យ១៦ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីយុវជន និងការចូលរួម លើកឡើងថា៖ «ខ្លួនពិតជាមានមោកភាព ចំពោះបទពិសោធន៍ដែលបានមកពីការរៀនសូត្រ ការដឹកនាំគម្រោងសហគមន៍ និងការលេងកីឡា»។ 
 
សៀវម៉ី និយាយថា៖ «ឥឡូវនេះ ខ្ញុំមានភាពជឿជាក់គ្រប់គ្រាន់ ក្នុងការបញ្ចេញមតិ និងលើកឡើងពីក្តីកង្វល់របស់ខ្ញុំ សូម្បីតែទៅកាន់អាជ្ញាធរមូលដ្ឋាន។ ខ្ញុំថែមទាំងរក្សាទំនាក់ទំនង ជាមួយមិត្តភ័ក្ត និងអ្នកភូមិ បានល្អជាងមុនទៀតផង។ ខ្ញុំអរគុណ ដល់បទពិសោធន៍ដែលខ្ញុំទទួលបានពីក្លិបយុវជន»។ 


 
នៅឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata ក៏បានគាំទ្រក្នុងភាពជាដៃគូដល់អង្គការទស្សនៈពិភពលោក ក្នុងការចាប់ផ្តើមកម្មវិធី One Goal ជាគំនិតផ្តួចផ្តើមមួយ ដែលជួយលើកទឹកចិត្តយុវជនឱ្យមានជម្រើសជីវិតដែលប្រសើរ អភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងទទួលបំណិនជីវិត ដែលមានសារៈប្រយោជន៍ដើម្បីកាត់បន្ថយឥរិយាបថ ដែលជាហានិភ័យ តាមរយៈការប្រកួតបាល់ទាត់ប្រចាំសប្តាហ៍។ ចាប់ពីឆ្នាំ២០១៧ ដល់២០២០ យុវជនប្រមាណ ១៩ ០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
 


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ស៊ុន សុខេន   មន្រ្តីជំនាញជាន់ខ្ពស់កិច្ចការទំនាក់ទំនងសាធារណៈនៃអង្គការទស្សនៈ                ពិភពលោកអន្តរជាតិ កម្ពុជា
អ៊ីម៉ែល៖              [email protected]  
ទូរសព្ទ៖              +855 10 906 409
 
លោក គាំ ទីវា                ប្រធានផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន Smart Axiata 
អ៊ីម៉ែល៖              [email protected]
ទូរសព្ទ៖              +855 10 202 271 


















 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com