COVID-19
អន្តរជាតិ
តើអាការៈនៃជំងឺកូវីដ-១៩ ខុសពីជំងឺផ្ដាសាយត្រង់ណា?
24, Oct 2021 , 8:30 am        
រូបភាព
 
បច្ចុប្បន្ន ជំងឺកូវីដ-១៩ នៅកម្ពុជានៅតែបន្តកើតមាន។ ស្របគ្នានេះ កម្ពុជាក៏កំពុងស្ថិតក្នុងរដូវភ្លៀងដែលងាយធ្វើឱ្យប្រជាជនមានជំងឺផ្ដាសាយដែរ។ ដោយសារជំងឺទាំងពីរនេះមានអាការៈស្រដៀងគ្នា វាបានធ្វើឱ្យប្រជាជនភាន់ច្រឡំ និងពិបាកបែងចែកថាតើកើតជំងឺមួយណា។ ប៉ុន្តែ វានៅតែមានលក្ខណៈពិសេសខុសគ្នាមួយអាចឱ្យពួកគាត់កំណត់ថានោះជាជំងឺកូវីដ-១៩ គឺអាការៈបាត់បង់ក្លិន ឬរសជាតិអាហារ។



ស្របគ្នានឹងការបើកប្រទេសរស់នៅជាមួយជំងឺកូវីដ-១៩ ករណីវិជ្ជមានថ្មីនៅតែបន្តកើតមាន ហើយកម្ពុជាក៏កំពុងស្ថិតនៅក្នុងរដូវភ្លៀងដែលធ្វើឱ្យប្រជាជនងាយកើតជំងឺផ្ដាសាយដែរ។ អាស្រ័យហេតុនេះ វាបានធ្វើឱ្យប្រជាជនងាយភាន់ច្រឡំរវាងការកើតជំងឺកូវីដ-១៩ និងជំងឺផ្ដាសាយ ដោយសារវាមានអាការៈស្រដៀងគ្នា។ ដើម្បីបែកចែករវាងជំងឺទាំង២ នេះ អ្នកត្រូវសង្កេតលើអាការៈបាត់បង់ក្លិន ឬរសជាតិអាហារ។

តាំងពីដំបូងមក អាការៈអ្នកជំងឺកូវីដ-១៩ ត្រូវបានកំណត់ថាមានត្រឹមតែ៣ សំខាន់ៗប៉ុណ្ណោះគឺ ក្អក ក្តៅខ្លួន និងបាត់បង់ក្លិន។ យ៉ាងណាមិញ ការសិក្សាស្តីពីអាការៈជំងឺកូវីដ-១៩ឈ្មោះថា ZOE បានស្ទង់មតិពីអ្នកជំងឺផ្ទាល់ ហើយទទួលបានព័ត៌មានពីអាការៈផ្សេងទៀតរួមមាន ការឈឺបំពង់ក ឈឺក្បាល និងហៀរសំបោរដែលស្រដៀងខ្លាំងទៅនឹងអាការៈជំងឺផ្ដាសាយ។ ទាំងនេះជាអាការៈបឋមដែលអ្នកជំងឺកូវីដ-១៩ មិនទាន់បានចាក់វ៉ាក់សាំងភាគច្រើនជួបប្រទះ។

ក្រោយមកបន្ទាប់ពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ត្រូវបានប្រើប្រាស់ទូលំទូលាយ អ្នកកើតជំងឺកូវីដ-១៩ ដែលបានចាក់វ៉ាក់សាំងរួចអាចមានអាការៈ ហៀរសំបោរ កណ្ដាស់ ឈឺក្បាល ឈឺបំពង់ករ និងបាត់បង់រសជាតិអាហារ ឬបាត់បង់ក្លិន។

ជាលទ្ធផល ការសិក្សា ZOE ស្តីពីអាការៈជំងឺកូវីដ-១៩ ដែលដឹកនាំធ្វើដោយលោក Tim Spector សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៃមហាវិទ្យាល័យ King’s Collage ទីក្រុងឡុងដ៍ បានបង្ហាញថា បើទោះជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ ឬមិនទាន់រួចក៏ដោយ ក៏នៅតែមានអាការៈមួយខុសប្លែកពីអ្នកកើតជំងឺផ្ដាសាយ នោះគឺការបាត់បង់រសជាតិអាហារ ឬបាត់បង់ក្លិន។ ការបាត់បង់រសជាតិអាហារ ឬបាត់បង់ក្លិនគឺជាអាការៈពិសេសមួយដែលអាចបញ្ជាក់បានថាអ្នកជំងឺមានជំងឺកូវីដ-១៩ មិនមែនជំងឺផ្ដាសាយ។

ដូច្នេះ ប្រសិនបើអ្នកមានអាការៈ ក្អក កណ្ដាស់ ក្តៅខ្លួន ឈឺបំពង់ករ ឈឺក្បាល និងហៀរសំបោរជាដើម អ្នកប្រហែលជាកើតជំងឺផ្ដាសាយប៉ុណ្ណោះ។ តែទោះយ៉ាងណា ដើម្បីទទួលបានលទ្ធផលពិតប្រាកដ អ្នកគួរតែធ្វើតេស្តឱ្យបានត្រឹមត្រូវបញ្ជាក់ថាអ្នកមិនមានផ្ទុកជំងឺកូវីដ-១៩ ចៀសវាងការសន្និដ្ឋានខុសព្រោះអាការៈបាត់បង់រសជាតិអាហារ ឬបាត់បង់ក្លិនលេចអាចឡើងយឺតពេល៕


© រក្សាសិទ្ធិដោយ thmeythmey.com