ជាតិ
សម្ដេច ហ៊ុន​ សែន អនុញ្ញាតឱ្យឈប់សម្រាក និងដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក ដើម្បីជួយស្ដារសេដ្ឋកិច្ច
01, Nov 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមេ្ដច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យមានការឈប់សម្រាកក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី ១៨ ដល់២០វិច្ឆិកា។ អំឡុងពេលឈប់សម្រាកនេះសម្ដេច លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដើរកម្សាន្តតាមរមណីយដ្ឋាននានា ដើម្បីស្ដារសេដ្ឋកិច្ច។



ក្នុងវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាល លើកឡើងដូច្នេះ៖ «អ្វីដែលមិនទាន់ពេញលេញគឺទេសចរបរទេស តែទេសចរផ្ទៃក្នុងឱ្យបើក នាំគ្នាដើរលេងទៅ»។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យម្ចាស់អាជីវកម្ម​ និងរមណីយដ្ឋានយោគយល់ដល់អ្នកមិនទាន់ទទួលបានប័ណ្ឌចាក់វ៉ាក់សាំង អាចដើរកម្សាន្ត  និងចូលហាងរបស់ខ្លួនជាធម្មតាសិន។ ប៉ុន្តែ នាពេល ២ទៅ៣ខែខាងមុខ អ្នកមិនទាន់មានប័ណ្ឌចាក់វ៉ាក់សាំង នឹងមិនអនុញ្ញាតឱ្យចូលហាង ឬកន្លែងកម្សាន្តណានោះទេ។
 
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យ អ្នកដំណើរមកពីបរទេស ដែលមានលទ្ធផលតេស្តអវិជ្ជមាន ពេលមកដល់កម្ពុជា អាចចត្តាឡីស័ករយៈពេល១សប្តាហ៍  នៅតាមផ្ទះរៀងខ្លួនដោយមិនចាំបាច់ចត្តាឡីស័កក្នុងសណ្ឋាគារដូចមុនទេ។
 
សូមជម្រាបផងដែរថា ក្រោយសម្រេចជោគជ័យ ក្នុងយុទ្ធនាការចាក់សាំងទូទាំងប្រទេសបាន​ ១០០ភាគរយ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្រេចឱ្យបើកប្រទេសលើគ្រប់វិស័យទាំងអស់។ យ៉ាងណាក៏ដោយ សម្ដេច អះអាងថា ការបើកប្រទេសឡើងវិញលើគ្របវិស័យនេះ គឺអមជាមួយនឹងការប្រុងប្រយ័ត្នជាប់និច្ច ពោលគឺ មិនអាចធ្វេសប្រហែលនឹងជំងឺកូវីដ-១៩បានឡើយ៕ 

Tag:
 អុំទូក
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com