ជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖ ក្នុងសារព័ត៌មាន ឯករាជ្យសំដៅដល់សេរីភាពនៃ​ការគិតក្នុងខួរក្បាល
16, Nov 2021 , 12:29 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែវិច្ឆិកា។
រដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា ពាក្យឯករាជ្យក្នុងសារព័ត៌មាន សំដៅដល់សេរីភាពក្នុងការគិត មិនមែនជាការប្រឆាំងដាច់ខាត ឬការគាំទ្រដាច់ខាតឡើយ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៅកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះក៏អះអាងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ។

 
«គ្មានសារព័ត៌មានដែលសេរី និងឯករាជ្យ គ្មានសង្គមប្រជាធិបតេយ្យ។» នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីព័ត៌មានលោក ខៀវ កាញារីទ្ធ ទៅកាន់អ្នកសារព័ត៌មា១៦០នាក់ដែលចូលរួមក្នុងសិក្ខាសាលាស្ដីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៅកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា។ 
 


ត្រង់ពាក្យឯករាជ្យ លោក ខៀវ កាញារីទ្ធ សង្កត់ធ្ងន់ថា ក្នុងសារព័ត៌មាន ឯករាជ្យ ជាសេរីភាពក្នុងការគិតក្នុងខួរក្បាល មិនមែនជាការប្រឆាំងដាច់ខាត ឬគាំទ្ររដ្ឋាភិបាលដាច់ខាតនោះដែរ។ បើតាមលោករដ្ឋមន្រ្តី ការគិតថា ការប្រឆាំងរដ្ឋាភិបាលជារឿងឯករាជ្យដែរ ជាការយល់ច្រឡំ។
 
ទាក់ទងសិទ្ធិសារព័ត៌មានវិញ ចំពោះមុខអ្នកសារព័ត៌មានជាច្រើនសា្ថប័ន លោក ខៀវ កាញារីទ្ធ បន្តថា ប្រជាជនទាំងអស់ សុទ្ធតែមានសិទ្ធិប្រកបអាជីពសារព័ត៌មាន ហើយវិជ្ជាជីវៈសារព័ត៌មាន គឺសេរី ដោយមិនចាំបាច់ត្រូវការសញ្ញាបត្រចេញសាលាអ្វីឡើយ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ពេលចូលប្រកបអាជីពនេះហើយ អ្នកសារព័ត៌មានត្រូវអនុវត្តតាមក្រឹត្យក្រមជាក់លាក់។
 


ជុំវិញការរៀបចំសិក្ខាសាលានេះ រដ្ឋមន្រ្តីព័ត៌មានកម្ពុជាដដែល លើកឡើងថា វាជាឱកាសសម្រាប់អ្នកសារព័ត៌មាន សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជជែកគ្នា ស្វែងយល់ពីគ្នា និងផ្លាស់ប្ដូរបទពិសោធទៅវិញទៅមក។ លោកកត់សម្គាល់ថា​ កន្លងមក ទាំងអ្នកសារព័ត៌មាន ទាំងអាជ្ញាធរ សុទ្ធតែមានកំហុសឆ្គងដូចគ្នា ដូចនេះ សិក្ខាសាលានេះ ជាឱកាសសម្រាប់ការផ្លាស់ប្ដូរគំនិតទៅមក ក៏ដូចជាដោះស្រាយបញ្ហាដែលមាន មិនមែនជាការគូសផ្លូវដើរឡើយ។
 
«សុំតែមួយ និយាយគ្នាជាបងប្អូនដើម្បីយល់គ្នា។ មិនមែនជះភក់ដាក់គ្នាទេ។» លោករដ្ឋមន្រ្តីស្នើបែបនេះទៅកាន់អ្នកចូលរួម មុនបន្តថា លទ្ធផលនៃការពិភាក្សា នឹងត្រូវបញ្ជូនឱ្យប្រមុខរដ្ឋាភិបាលផងដែរ៕

Tag:
 សេរីភាពព័ត៌មាន
  ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com