ជាតិ
សង្គ​មស៊ីវិលជាង៨០ទាមទារឲ្យទម្លាក់បទចោទ និងដោះលែង លោក ឆន ផល្លា រួមទាំង​សកម្មជនដទៃទៀត
16, Nov 2021 , 5:59 pm        
រូបភាព
លោក ឆន ផល្លា ស្ថិតក្នុងសន្និសីទកាសែតមួយពាក់ព័ន្ធបញ្ហាដីធ្លី និងព្រៃឈើ កាលពីខែកក្កដា ឆ្នាំ២០២០។
លោក ឆន ផល្លា ស្ថិតក្នុងសន្និសីទកាសែតមួយពាក់ព័ន្ធបញ្ហាដីធ្លី និងព្រៃឈើ កាលពីខែកក្កដា ឆ្នាំ២០២០។
ភ្នំពេញ៖ សង្គមស៊ីវិលចំនួន៨៥ ស្នើឲ្យតុលាការទម្លាក់បទចោទនិងដោះលែង លោក ឆន ផល្លា និងសកម្មជនព្រៃឈើដទៃទៀត ឲ្យមានសេរីភាពនិងឥតលក្ខខ័ណ្ឌ ដើម្បីឲ្យពួកគេបន្តរួមចំណែកការងារសង្គមបន្ត។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ចុះថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២១។

 
 
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក(ADHOC), មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា(CCHR), សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ(LICADHO) និងសង្គមស៊ីវិលដទៃទៀត សកម្មជនជាច្រើនត្រូវបានអាជ្ញាធរធ្វើទុក្ខបុកម្នេញ ហើយចោទប្រកាន់ពីស្ថាប័នតុលាការ។ ពួកគេរងគ្រោះ ដោយសារការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទល្មើសដែលមានលក្ខណៈនយោបាយផ្សេងៗទៀត។ 
 
ការលើឡើងបែបនេះ ដោយសារក្រុមសង្គមស៊ីវិលអង្កេតឃើញថា ថ្មីៗនេះ សកម្មជនព្រៃឈើឆ្នើមម្នាក់ប្រចាំខេត្តរតនៈគិរីម្នាក់ ត្រូវបានចាប់ខ្លួន ហើយតុលាការសម្រេចឲ្យជាប់ឃុំ៥ឆ្នាំ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្កាដុត ឈូសឆាយ ដើម្បីយកដីព្រៃមកធ្វើជាកម្មសិទ្ធ។ ប៉ុន្តែ សង្គមស៊ីវិលកត់សម្គាលឃើញថា សកម្មជនរូបនេះ បានចូលរួមយ៉ាងសកម្ម ក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ និងដីសហគមន៍របស់ជនជាតិដើមភាគតិច ក្នុងស្រុកលំផាត ខេត្តរតនៈគិរី សម្រាប់អ្នកជំនាន់ក្រោយ។ 
 
ចំណែក សំណុំរឿងករណី លោក ផុន សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំ, លោក ចាន់ ធឿន សមាជិតសកម្មជិកសកម្មរបស់បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ, លោក ខេម សុឃី និងលោក ថាល់ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ក៏រងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនិងចោទប្រកាន់ពីស្ថាប័នតុលាការដែរ។ 
 
ក្រុមសង្គមស៊ីវិលសង្កត់ធ្ងន់ថា ការចាប់និងឃុំខ្លួនសកម្មជនទាំងអស់នេះ គឺជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដោយផ្ទាល់និងប្រយោល ដល់សកម្មជនដទៃទៀតនៅទូទាំងប្រទេសដែលជួយដល់កិច្ចសង្គមយ៉ាងសកម្ម។ «យើងខ្ញុំទាំងអស់ ស្នើសុំឲ្យរាជរដ្ឋាភិបាលធានាសិទ្ធសេរីភាពមូលដ្ឋាន ពិសេសសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំ…និងស្នើសុំឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយ ដោយមិនមានលក្ខណៈ លើសកម្មជនសង្គម បរិស្ថាន និងដីធ្លីទាំងអស់ ដែលបានដោះលែងរួចនាពេលថ្មីៗនេះ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដោយទទូចស្នើសុំឲ្យមានការដោះលែងសកម្មជន ដែលកំពុងជាប់ឃុំទាំងអស់ផងដែរ។ 
 
នាពេលថ្មីៗនេះ យុវជនសកម្មការពារបរិស្ថានត្រូវបានតុលាការសម្រេចដោះលែង រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី, លោក លី ច័ន្ទតារាវុធ, លោក យឹម លាងហី, កញ្ញា ស៊ុន រដ្ឋា។ល។ ប៉ុន្តែ ពួកគេត្រូវបាន ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពោលគឺមិនទាន់ទម្លាក់ចោទបទចោទប្រកាន់ឡើយ៕ 
 

Tag:
 សង្គម
  សកម្មជនព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com