ជាតិ
រក​ឃើញ​ជ័យលាភីព្រះនាង​ឥន្ទ្រ​ទេវីឆ្នាំ​២០២១ទាំង​១០​រូបហើយ
31, Dec 2021 , 7:59 am        
រូបភាព
 រូបភាពផ្ដល់ឱ្យ
រូបភាពផ្ដល់ឱ្យ
ភ្នំពេញ​៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់ ព្រះ​នាង​ឥន្ទ្រទេវីឆ្នាំ​២០២១​ ទាំង​១០​រូប​ហើយ​ ដោយ​ផ្នែក​ប្រលោម​លោក​ខ្នាត​ខ្លី​ ៥ចំណាត់​ថ្នាក់ និង​កំណាព្យ​រឿង​ចំនួន​៥​ចំណាត់​ថ្នាក់​។ ស្នាដៃ​ទាំង​១០​នោះ ត្រូវ​បាន​ឱ្យ​តម្លៃខ្ពស់​ លើ​តម្លៃ​អប់រំ​សង្គម​។



ក្នុង​ចំណោម​​ស្នាដៃ​អក្សរ​សិល្ប៍​ចំនួន​១៩០​ ដែល​មាន​​ប្រលោម​លោក​១២៦ស្នាដៃ និង​កំណាព្យរឿង​​៦៤​ស្នាដៃ​នោះ មាន​ស្នាដៃអក្សរ​សិល្ប៍​ផ្នែក​ប្រលោម​លោក​៥ និង​កំណាព្យ​រឿង​៥​ ត្រូវ​បាន​ជ្រើស​​ ដើម្បី​ផ្ដល់​ពាន​រង្វាន់​។
 
«​គែនព្យួរ​ជញ្ជាំង» គឺ​ជា​ប្រលោម​លោក​ខ្នាត​ខ្លី​ របស់​លោក​ លីម ដារ៉ា បាន​ទទួលចំណាត់​ថ្នាក់​លេខ​១ ពី​​ពាន​រង្វាន់ព្រះនាង​ឥន្ទ្រទេវី ឆ្នាំ​២០២១​។ ​«គែនព្យួរ​ជញ្ជាំង» តំណាល​ពី​បុរស​វ័យ​ចំណាស់​​ម្នាក់​ ត្រូវ​បាន​បាត់​បង់​សមាជិក​គ្រួសារ​ទាំង​អស់​ក្នុង​សង្គ្រាម​ប៉ុល​ពត​។ លោក​មាន​​គែន​១​​ជា​កេរ​នៅ​ជាប់នឹង​​ខ្លួន​។
 
ដោយ​សារ​សម័យ​បច្ចុប្បន្ន​ គែន​ត្រូវ​បាន​គេ​មើល​រំលង​ ដូច្នេះ​វា​ត្រូវ​​ព្យួរ​ជាប់​ជញ្ជាំង​ជា​ប្រចាំ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែបំផុត​ ​ពី​បុរស​វ័យ​ចំណាស់​នោះ​។ ថ្ងៃ​មួយ​បុរស​វ័យ​ចំណាស់​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ដោយ​ពុំ​មាន​ប្រាក់​ព្យាបាល​ជំងឺ ចៅ​ប្រុស​ចិញ្ចឹម​របស់​បុរស​ចំណាស់ បាន​យក​គែន​នោះ​ទៅ​លក់​ឱ្យ​អ្នក​មាន​ម្នាក់​ ដោយ​អះ​អាង​ថា​ ពេល​​មាន​ប្រាក់​គេ​នឹង​ទិញ​គែន​នោះ​​វិញ​។
 
ចំណេរក្រោយ​មក ចៅ​ប្រុស​នោះ​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ផង និង​ធ្វើ​ការ​ផង​ដើម្បី​រក​ប្រាក់​។ ក្មេង​ប្រុស​មាន​ឱកាស​បាន​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ​អ្នក​មាន​ដែល​ទិញ​គែន​នោះ​។ ដោយ​ការ​ខឹត​ខំ​ប្រឹង​ប្រែង​ និង​ជួយ​យក​អាសា​ម្ចាស់​ផ្ទះ​ឱ្យ​ផុត​ពី​គ្រោះ​ថ្នាក់​នានា​ ទី​បំផុត​ទៅ ម្ចាស់​ផ្ទះ​បាន​ប្រគល់​គែន​ឱ្យ​ក្មេង​ប្រុស​នោះ​ ដោយ​មិន​គិត​ថ្លៃ និង​បាន​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​គេ រួម​ទាំង​សង់​សាលា​ ដើម្បី​បង្រៀន​​គែន​ដល់​ក្មេង​ៗ​ផង​។
  
ម្ចាស់​ជ័យ​លាភី​លេខ​១ ដែល​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ បញ្ជាក់​​ថា “គែន​ព្យួរ​ជញ្ជាំង​” ​ចង់​លើក​តម្កើង​ និង​ពញ្ញាក់​ស្មារតី​ ប្រជា​ជន​ខ្មែរ​ឱ្យ​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​មរតកសិល្បៈ​​គែន​។ ព្រោះបច្ចុប្បន្ន​​ឧបករណ៍​គែន ​​កម្រ​ឃើញ​មាន​អ្នក​ប្រើ ហើយ​អ្នក​និពន្ធ​វ័យ​ជាង​៣០ឆ្នាំ​​រូប​នេះ​ ព្រួយ​បារម្ភ​ខ្លាច​ថ្ងៃ​ណា​មួយ​ គែន អាច​ត្រូវ​បាន​គេ​ព្យួរ​ទុក​ចោល​ ក្នុង​ផ្ទះ​ឬ​ការិយាល័យ​ដែរ​។
 
អ្នក​និពន្ធ​ដែល​ធ្លាប់​ទទួល​បាន​​ពាន​រង្វាន់ ​ចំនួន​៥​លើកក្នុង​ការ​ប្រកួត​នានា​នោះ​ បន្ថែម​ថា៖«​“គែន​ព្យួរ​ជញ្ជាំង​” ក៏​ចង់​បណ្ដុះ​ស្មារតី​នៃ​ការ​​តស៊ូ ភាព​ស្មោះ​ត្រង់ ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ របស់​តួអង្គ​ក្នុង​រឿង​ផង​ដែរ»​។
 
​ចំណែក​ជ័យ​លាភី​លេខ​២ បាន​ទៅ​លើ​រឿង “បូណ៌មី” របស់​អ្នក​និពន្ធ អ៊ុច ថា​វី មក​ពី​រាជ​ធានី​ភ្នំពេញ​។ “បូណ៌មី” និយាយពី​ការតស៊ូ​របស់​ក្មេង​ស្រី​ឈ្មោះ “បូណ៌មី” ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ជា​នារី​អាកាសចរណ៍​ ដោយ​សមត្ថភាព​ផ្ទាល់​ខ្លួន​។ “បូណ៌មី” ត្រូវ​បាន​អ្នក​មាន​អំណាច​ និង​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ ចង់​ឱ្យ​នាង​ធ្វើ​ជាស្រី​​កំណាន់ ប៉ុន្តែ​នាង​មិន​លុះ​ក្រោម​អំណាច​នោះ​ឡើយ​ ដោយនាង​​ខំ​តស៊ូ​រៀន​ដោយ​ខ្លួន​ឯង​។ 
 
ក្រោយ​មាន​ជីវភាព​ធូរធារ “បូណ៌មី” បាន​យក​ចំណេះ​ដែល​នាង​មាន ទៅ​ជួយ​ស្ត្រី​និង​ក្មេង​ៗ ឱ្យ​មាន​ការ​ងារ​ធ្វើ​។ នាង​បាន​ផ្សាយ​​ចំណេះ​ដឹង “ភាព​ឯករាជ​ផ្នែក​សេដ្ឋ​កិច្ច​” ដើម្បី​ឱ្យ​ស្ត្រី​នានា​ អាច​ប្រើ​ជីវិត​ឯក​រាជ​ដែល​ខ្លួន​ចង់​បាន​។
 
​អ្នក​និពន្ធ​ស្ត្រី​ ដែល​ធ្លាប់​បាន​ដាក់​ស្នាដៃ​ប្រកួត​ពាន​រង្វាន់​នានា​៤​លើក​មក​ហើយ​នេះ បញ្ជាក់​បន្ថែម​ដូច្នេះ​៖«​រឿង​នេះ ចង់​អប់រំ​ស្ត្រី​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ ផ្ដល់​តម្លៃ​លើ​កិត្តិយស​ក្នុង​នាម​ជា​ស្ត្រី លើក​ទឹក​ចិត្ត​ស្ត្រីឱ្យ​ក្លាហាន ​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃរបស់​ខ្លួន បណ្ដុះ​ស្មារតី​ជួយ​មនុស្ស​ជាតិ​ សង្គម​ជាតិ និង​រស់​នៅ​ប្រកប​ដោយ​គុណ​ធម៌​។ ព្រះ​នាង​ឥន្ទ្រទេវី គឺ​ជា​ក្សត្រិយ៍ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ស្រឡាញ់​ និង​លើក​តម្កើង​វិស័យ​អក្សរ​សាស្ត្រ​ អក្សរ​សិល្ប៍​ ដូច្នេះ​ខ្ញុំ​បង្កើត​តួអង្គ “បូណ៌​មី”ឡើង​ ឱ្យ​​យក​ចំណេះ​ដឹងនោះ ទៅ​​រំដោះ​ខ្លួន​​ចេញផុត​​ពី​ភក់​ជ្រាំ»។
  
រីឯ “ចិត្ត​ប្រណី​” ស្នាដៃ​របស់​អ្នក​និពន្ធ​ ឡុង លាបសុជាតា មក​ពី​ខេត្ត​កំពង់​ចាម ជាប់​ជ័យ​លាភី​លេខ​៣។ “ចិត្ត​ប្រណី​” ត្រូវ​បាន​អ្នក​និពន្ធ​វ័យ​៣៤​ឆ្នាំ ប្រតិដ្ឋ​ឡើង ដោយ​ឆ្លុះ​បញ្ចាំង​ពី​​វេជ្ជបណ្ឌិត​ស្រី​ម្នាក់​ ជា​កូន​ទោលក្នុង​គ្រូសារ។ ដោយ​សារ​អាយុ​កាន់​តែ​ច្រើន ម្ដាយ​ឪពុក​បាន​រៀប​ចំ​ផ្សំ​ផ្គុំ​គូស្រករឱ្យ​នាង​។ ដោយ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ខ្លះ ពួក​គេ​ក៏​បាន​ចូល​រោង​ការ​។ ​ក្រោយ​ដឹង​ថា ប្រណី មាន​​គ័ភ៌កូន​ស្រី គ្រួសារ​ខាងប្រុសមិន​ពេញ​ចិត្ត ព្រោះ​ពួក​គេ​ចង់​បាន​ចៅ​ប្រុស​ ដើម្បី​ស្នង​ត្រកូល​។ មិន​យូរ​ប៉ុន្មាន​ ស្វាមី​ភរិយា​ថ្មី​នេះ បាន​បែក​បាក់​គ្នា​។
ប្រណី​ បាន​បន្ត​ក្ដី​ស្រមៃ​របស់​ខ្លួន ធ្វើ​ជា​គ្រូ​ពេទ្រ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ ថ្ងៃ​មួយ​អតីត​ប្ដី​ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រណី​ មិន​ត្រឹម​តែ​មិន​ប្រកាន់​រឿង​ចាស់​ ហើយ​ថែម​ទាំង​ប្រឹង​ប្រែង​ជួយ​អតីតប្ដីរបស់​នាង ដោយ​​អស់​ពី​លទ្ធភាព ប៉ុន្តែ​ក៏​នៅ​តែ​សង្គ្រោះ​មិន​បាន​។  


 អ្នកស្រី ឡុង លាបសុជាតា ម្ចាស់ស្នាដៃប្រលោមលោករឿង"ចិត្តប្រណី​ ដែលទទួលបានជ័យលាភីលេខ៣

គ្រូ​បង្រៀនកម្រិត​​វិទ្យាល័យ ដែលធ្លាប់​ដាក់ស្នាដៃ​​​៤ដង ទៅ​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​នានា​ ហើយ​​ធ្លាប់​ជាប់​ពាន​ទន្លេ​មេគង្គ​ផង​នោះ ពន្យល់​បន្ថែម​៖«រឿង​នេះ​ចង់​បង្ហាញពី​ទឹក​ចិត្ត​របស់​តួអង្គ នាង​​ប្រណី ដោយនាង​​មិន​ប្រកាន់​រឿង​ចាស់​។ បង្ហាញ​ពី​ទឹក​ចិត្ត​នាង​ជួយ​​សង្គម ​ក្នុង​នាម​ជា​គ្រូ​ពេទ្យ​។ រឿង​នេះ ខ្ញុំក៏​​ចង់បង្ហាញ​ដល់​អ្នក​​គ្រប់​គ្នា គួរពិចារណា​ឱ្យ​បាន​ច្បាស់ ​មុន​ជ្រើស​រើស​គូស្រករ​ផង​ដែរ​»។ 
 
ជ័យ​លាភី​លេខ​៤ បាន​ទៅ​លើ​រឿង​ “ជំនោរជីវិត” និពន្ធ​ដោយ​លោក ពៅ​ មករា មក​ពី​រាជ​ធានី​ភ្នំពេញ​។ រឿង​នេះ ដំណាល​ពី​កូន​កំព្រា​៣​នាក់​ ត្រូវ​បាន​អ្នក​ភូមិ​រើស​អើង ព្រោះ​តែ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ស្លាប់​ដោយ​សារ​ជីងឺ​អេដស៍​។ បង​ស្រី​ត្រូវបាន​គេ​បង្ខំ​ឱ្យ​បោះ​បង់​ប្អូន​ៗ​ចោល​។ ប៉ុន្តែ​ទោះ​មាន​រឿង​យ៉ាង​ណា នាង​នៅតែ​ឱប​ក្រសោប​​ប្អូន​ៗ ដើរ​ឆ្លង​ភព​ងងឹត​ ឆ្ពោះ​ទៅ​រក​ពន្លឺ​ព្រះ​អាទិត្យ​រួម​គ្នា​។
 
«គោល​បំណង​សំខាន់ក្នុង​រឿង​នេះ ​បង្ហាញ​ពី​ទំហំ​ទឹក​ចិត្តបង​ស្រី ដែលខំ​​មើល​ថែ និង​​ចិញ្ចឹម​ប្អូន​ប្រុស​ស្រីទាំង​ពីរនាក់ ឱ្យ​ដល់នូវ​​សេចក្ដី​សុខ​ក្សេម​ក្សាន្ត​​។ នេះ​ជា​ការ​បញ្ជាក់​របស់អ្នក​និពន្ធ​​ ពៅ​ មករា​ ដែល​មាន​តួនាទី​ជា​​ជំនួយ​ការ​ដឹក​នាំ​រឿង នៅ​ផលិត​កម្ម​រស្មី​ហង្សមាស។
  

 លោក ពៅ មករា ម្ចាស់ស្នាដៃប្រលោមលោករឿង"ជំនោរជីវិត" ដែលជាប់ពានលេខ៤
 
ចំណែក​ឯស្នាដៃ​របស់​អ្នក​និពន្ធ ជា​ តុហៃ មក​ពី​ខេត្ត​តាកែវ​ បាន​ទទួល​ជ័យ​លាភី​លេខ​៥ ក្រោម​ចំណង​ជើង “ទឹក​ភ្នែស្នេហា”​។ អ្នក​និពន្ធ​វ័យ​​២៩​ឆ្នាំរូប​នេះ​ ធ្លាប់​បាន​ដាក់ស្នាដៃ​​ប្រឡង​៣​ដង​ ហើយ​ទទួល​បាន​ជ័យ​លាភី​២​ដង​។ ចំពោះ​ “ទឹក​ភ្នែក​ស្នេហា​” បាន​បរិយាយ​ពី​ដំណើរ​រឿង​ស្នេហា របស់​កំលោះ​ក្រមុំមួយ​គូ​។ តួ​ឯក​ស្រី​ជា​អ្នក​តស៊ូ​មតិ​ការ​ពារ​ធនធាន​ធម្មជាតិ​។ ឯតួប្រុស​ជា​អ្នក​ជំនួញទឹក​ប្រៃ​។ ពួក​គេ​ជួប​គ្នា ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា រួច​ក៏​ឈ្លោះ​ទាស់​ទែង​គ្នា​ព្រោះ​តែ​ទំ​នាស់​នៃ​គុណ​ប្រយោ​ន៍​ការ​ងារ​។ 
  
អ្នក​និពន្ធ​មក​ពីខេត្ត​​តាកែវ តុង​ហៃ បន្ថែម​៖«​រឿង​នេះ​ខ្ញុំ​ចង់​ឆ្លុះ​បញ្ចាំង​បញ្ហា​ក្នុង​សង្គម​ដែល​កំពុង​កើត​ឡើង​ គឺ​ផល​ប៉ះ​ពាល់​នៃ​ការ​អភិវឌ្ឍតំបន់​ធម្មជាតិ​ ទៅ​លើ​ប្រជា​ជន​មូល​ដ្ឋាន​ ដែល​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ​»។
 
ចំណែក​ឯ​​ស្នាដៃជ័យ​លាភី​​ផ្នែក​កំណាព្យ​រឿង​វិញ ​លេខ​១ បាន​លើ​កំណាព្យ​រឿង “និស្ស័យ​ស្នេហ៍​កុលាប​ស” និពន្ធ​ដោយ​លោក វណ្ណ សារ៉េត មក​ពី​ខេត្ត​ព្រៃ​វែង​។ “និស្ស័យ​ស្នេហ៍​កុលាបស” ជា​កំណាព្យ​បទ​ពាក្យ​៧ មាន​៤៦៦​ល្បះ ដោយ​ស្រង់​យក​ទិដ្ឋ​ភាព​សង្គម​​ដែល​អ្នក​និពន្ធ​បាន​ជួប និមិត្ត​​ជា​សាច់រឿង​ឡើង​។​ 
 
វីរ​ពង្ស កើត​ក្នុង​គ្រួសារ​ដែល​​មាន​ទ្រព្យ​សម្បត្តិ​ធូរ​ធារមួយ​​នៅ​ក្នុង​ខេត្ត ហើយ​គេ​គឺ​​ជា​មន្ត្រី​នគរបាល​​ ក្នុង​ជួរ​រដ្ឋាភិបាល​។ កុលាប គឺ​ជា​តួឯក​ស្រី ដែល​កំព្រាឪពុក​ហើយ​មាន​តែ​ម្ដាយក្រី​ក្រ​​នៅ​មើល​ថែ​​។ អ្នក​និពន្ធ ដែល​ទទួល​បាន​ពាន​លេខ​១​ ចំនួន​​៣​លើក​ ក្នុង​​កម្ម​វិធី​ផ្សេង​​គ្នារូប​នេះ បាន​គូស​ឱ្យ​តួឯក​ស្រី​ ប្រឹង​ប្រែង​រៀន​រហូត​ក្លាយ​ជា​គ្រូ​ពេទ្យ​ ដើម្បី​បម្រើ​សង្គម​ ក្នុង​ដំណាក់​កាល​កូវីដ-១៩​។ ជា​រួម​សាច់​រឿង​ទាំង​មូល​ ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពលី​របស់​ក្រុម​កង​ទ័ព​អាវ​ស(ពេទ្យ)ដែល​មាន​តួអង្គ​ កុលាប ជា​តំណាង​​ និង​សមត្ថកិច្ច​គ្រប់​ផ្នែក​ ដែល​មាន​ វីរពង្ស ជា​តំណាង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​។
  

  ម្ចាស់ស្នាដៃកំណាព្យរឿង "និស្ស័យស្នេហ៍កុលាស" លោក វណ្ណ សារ៉េត ដែលជាប់ជ័យលាភីលេខ១
 
គ្រូ​បង្រៀន​កម្រិត​ឧត្តម​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ ដែល​មាន​បំណង​​ដាក់ស្នាដៃ​ ទៅ​ប្រកួត​​ពាន​ទន្លេ​មេគង្គ​បន្ត​ទៀត​រូប​នេះបន្ថែម​៖«រឿង​នេះ​មាន​​បំណង​លុប​បំបាត់​ទស្ស​នៈ​អវិជ្ជមាន​មួយ​ចំនួន​លើ​កូន​ស្រី ដូច​ជា​ទស្សនៈ​ “​កូន​ស្រី​បង្វិល​ចង្ក្រា​ន​មិន​ជុំ​” ជា​ដើម​។
 
ខ្ញុំ​ចង់​​​លើក​កម្ពស់​តម្លៃ​ស្ត្រី​ ក្នុង​សង្គម​ខ្មែរ តាម​រយៈ​ទំព័រ​អក្សរ​សិល្ប៍របស់​ខ្ញុំ​។ ស្ត្រី​គឺ​ជា​កម្លាំង​ចលករ​​អភិវឌ្ឍន៍​សង្គម​ ដែល​មិន​អាច​ខ្វះ​បាន។ រឿង​នេះ​ក៏​​បាន​បង្ហាញ​ពី​ភក្ដី​ស្នេហ៍​ដ៏​ស្មោះ​ស​ ដើរ​តាម​គន្លង​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​​ខ្មែរ និង​ជា​ស្នេហា​ដែល​មិន​ប្រកាន់​វណ្ណៈ​គ្រួសារ​​»។
 
រីឯកំណាព្យ​រឿង​ “លោហិតវីរនារី” និពន្ធ​ដោយ​លោក វង្ស សុភាជ មក​ពី​ខេត្ត​ព្រៃ​វែង​ ទទួល​បាន​ជ័យ​លាភី​លេខ​២​។ អ្នក​និពន្ធ​ដែល​ទទួល​បាន​​ពានរង្វាន់​​ព្រះ​នាង​ឥន្ទ្រទេវី ​៣លើក​មក​ហើយ​នោះ បរិយាយ​ថា “លោហិតវីរនារី” បាន​ផ្ដោត​សំខាន់ ​លើ​ការ​តស៊ូ​របស់​សិស្ស​នារី​នៅ​ជន​បទ​ ដែល​ស្រឡាញ់​វិស័យ​កសិកម្ម​។ ក្រោយ​រៀន​ចប់ នាង​បាន​ខំ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ភូមិ​ ដើម្បីលើក​កម្ពស់​សុខភាព​សាធារណៈ​ តាម​រយៈ​បន្លែ​ផ្លែ​ឈើគ្មាន​សារធាតុ​គីមី​​ជា​ដើម ដោយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​​។ ​
 
ក្នុង​រឿង​ដដែល​នេះ អ្នក​និពន្ធ​ដែលជា​គ្រូបង្រៀន​ផង​នោះ​ បាន​និមិត្ត​តួឯក​ប្រុស​ ប្រកប​ដោយ​លក្ខណៈ​​​សម្បត្ដិយ៉ាង​ល្អ​ប្រពៃ​ ព្រម​ដោយ​ការ​រក្សា​សីល​ទាន​ និងមាន​​គុណ​ធម៌​​ខ្ពស់​ផង​។ “លោហិតវីរនារី” ក៏​បាន​បង្ហាញ​ពី​ភក្ដី​ស្នេហ៍​ដ៏​ស្មោះ​ស្ម័គ្រ​របស់​តួឯក​ទាំង​ពី​រ​ បើ​ទោះ​បី​ជា​ម្ដាយ​ខាង​ប្រុស​ ប្រើ​អំណាច​ខ្លួន​ជា​អ្នកមាន​​ទ្រព្យ​ ទៅ​បំបែក​ពួក​គេ​យ៉ាង​ណា​ក៏​ដោយ​។ 
  

  រូបថតអនុស្សាវរីយ៍ របស់អ្នកជាប់ជ័យលាភីទាំង១០រូប ជាមួយលោកស្រីនេត្រ ភូម៉ារី តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 
អ្នក​និពន្ធ​វ័យ​៣៧​ឆ្នាំ​ ដែល​ចូល​ចិត្ត​ការ​តែង​និពន្ធ​តាំង​ពី​រៀន​នៅ​វិទ្យា​ល័យ​ លោក វង្ស សុភាជ ពន្យល់​បន្ថែម​៖«តម្លៃ​អប់រំ​ក្នុង​រឿង ខ្ញុំ​ចង់​បង្ហាញ​ពី​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​ ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ផ្ទាល់​ខ្លួន​ តាម​រយៈ​របប​​អាហារ​ ​ភក្ដី​ស្នេហ៍​ និង​​គុណ​តម្លៃ​ពិត​របស់​មនុស្សជា​ដើម​។ ​ខ្មែរ​បច្ចុប្បន្ន​ មិន​សូវ​ចូល​ចិត្ត​ការ​ដាំ​ដុះខ្លួន​ឯង​ទេ​ ចាំ​តែ​ទិញ​របស់​ពី​ក្រៅ​ប្រទេស​ ដូច្នេះ​ខ្ញុំ​បង្កើត​តួអង្គ​ស្រី ឱ្យ​​​ជា​តួអង្គ​គំរូ​ ខ្វល់​ខ្វាយ​ពី​បញ្ហា​សង្គម​»។ 


 លោក សែម ពណ្ណរាយ ម្ចាស់ស្នាដៃកំណាព្យរឿង "កំណប់ស្នេហ៍" ដែលជាប់ជ័យលាភីលេខ៣
 
ចំពោះ​អ្នក​និពន្ធ​ សែម ពណ្ណរាយ ដែល​មក​ពី​រាជ​ធានី​ភ្នំពេញ បានទទួល​ជ័យ​លាភី​លេខ​៣ លើ​ស្នាដៃ​កំណាព្យ​រឿង​ “កំណប់​ស្នេហ៍”។ រឿង​នេះឆ្លុះ​បញ្ចាំងអំពី​ជីវិត​ប្រជា​ជន​ធម្មតា ​ដែល​គ្មាន​ទ្រព្យ​និង​គ្មាន​អំណាច មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​តូច​ ដែល​មិនខំ​បំពេញ​តួនាទី​ខ្លួន។ រឿង​នេះ​ក៏​បាន​បរិយាយ​ពី​ដំណើរ​ជីវិត​របស់​តួឯក​ស្រី ដែល​ត្រូវ​ប្ដូរ​មុខ​របរ​របស់​ខ្លួន​ ជា​ញឹក​ញាប់​ព្រោះ​បញ្ហា​សង្គម ដោយ​ដំបូង​ជា​​​គ្រូ​បង្រៀន​ ទៅ​ជា​​មគ្គុទេស រួច​ទៅ​បង្កើត​មុខ​របរ​ត្បាញ​ហូល​ផាមួង ហើយ​ទៅ​បើក​មុខ​របរ​ទូក​ទេស​ចរណ៍ ទៅ​បង្កើត​មុខ​របរ​ទឹក​បរិសុទ្ធ បន្ទាប់​មក​ទៀត​ ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ដដែល​ នៅ​ទី​បញ្ចប់​ក៏​ក្លាយ​ជា​មេឃុំ​។
  
«រឿង​នេះ ខ្ញុំ​ចង់​អប់រំ​នារី​ឱ្យ​រឹង​មាំ​ ចំពោះ​បញ្ហា​គ្រប់​បែប​យ៉ាង​ដែល​បាន​ជួប​ ទាំង​ស្នេហា​ គ្រួសារ សេដ្ឋកិច្ច​ ការ​បាក់​ទឹក​ចិត្ត​ និង​ការ​ប្រកប​មុខ​របរ​ជា​ដើម​។ រឿង​នេះ​ខ្ញុំ​ឱ្យ​តួអង្គ​ ​ឈឺ​ឆ្អាល​ចំពោះសុខ​ទុក្ខ​​ប្រជារាស្ត្រ​។ ខ្ញុំ​ក៏​បង្ហាញ​ពី​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំនួនតូច នៅ​តាម​ភូមិ​ឃុំ​ដែល​មិន​បាន​គោរព​តួនាទី​របស់​ខ្លួន​ ធ្វើ​ឱ្យ​ប្រជា​ជន​មាន​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ​។ ខ្ញុំ​ក៏​ឆ្លៀត​បញ្ចូលគុណ​ធម៌​របស់​មន្ត្រី​ល្អ ដែល​ជួយ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់ប្រជា​រាស្រ្ត​ផង​ដែរ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ សែម ពណ្ណរាយ​ ដែល​ធ្លាប់​បាន​​ជាប់​ពានរង្វាន់​ជា​ច្រើន​កន្លង​មក​។​


 លោក កែវ សេងរដ្ឋា ម្ចាស់កំណាព្យរឿង "សំឡេងសង្គម" ទទួលបានពានលេខ៤
ជ័យ​លាភី​លេខ​៤ បាន​លើកំណាព្យ​​រឿង​ “​សំឡេង​សង្គម​” និពន្ធ​ដោយ​លោក កែវ សេង​រដ្ឋា មក​ពី​ខេត្ត​កំពង់​ឆ្នាំង​។ អ្នក​និពន្ធ​ដែល​ជា​វេជ្ជបណ្ឌិត​រូប​នេះ ពន្យល់​ថា “​សំឡេង​សង្គម​” ​​បង្ហាញ​ពី​តួអង្គ មីនា​ ដែល​ជា​គ្រូបង្រៀន​ដ៏​ល្អ​ម្នាក់ ត្រូវ​​​ជួប​រឿង​អាស្រូវ​ ពាក់​ព័ន្ធ​នឹង​កេរ្ដិ៍​ខ្មាស ហើយ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ហ្វេស​ប៊ុក​។ រឿង​នេះ​ បណ្ដាល​ឱ្យ​នាង​បាត់​បង់​ការ​ងារ​ជា​គ្រូ​បង្រៀន​។ ទោះ​ជា​យ៉ាង​ណា​ នាង​បាន​រើ​បំរះ​ចេញ​ពី​ភាព​អយុត្តិធម៌ រហូត​នាង​ទទួល​បាន​ពាន​រង្វាន់​គ្រូបង្រៀន​ឆ្នើម​។ អ្នក​គ្រូ មីនា ក៏​​បាន​ជួយតស៊ូ​មតិ ឱ្យ​​ស្ត្រី​រង​គ្រោះ​តាម​បណ្ដាញ​សង្គម​ផ្សេង​ៗ​ទៀត​ផង​ដែរ​។  
អ្នក​និពន្ធវ័យ​៣០​ឆ្នាំ ​ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​​លេខ​១ និង​ចំណាត់​ថ្នាក់​ជា​ច្រើន​​ទៀត ក្នុង​ពាន​រង្វាន់​នានា​កន្លង​ទៅរូប​នេះ ពន្យល់​៖«​កំណាព្យ​រឿងនេះ ចង់​បង្ហាញ​ពី​មតិរិះ​គន់​របស់​មហាជន តាម​បណ្ដាញ​សង្គម​ទៅ​លើ​ស្រ្តី ​ដោយ​មិន​ដឹង​ពី​ហេតុ​ផល​ច្បាស់​លាស់។ ពួក​គេ​វិនិច្ឆ័យ ​ដោយប្រើ​​ពាក្យ​​អសុរោះ អសីលធម៌ ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​និង​អារម្មណ៍​របស់​ស្ត្រី​​រង​គ្រោះ ទាំង​ដែល​ពួក​គេ​​ពុំ​ទាន់​​​ដឹង​រឿង​ច្បាស់​​។ សង្គម​យើង​មិន​គួរ​បន្ត​បែប​នេះ​ទេ​»។ 
 
នៅ​ចុង​បញ្ចប់ គឺ​​ជ័យ​លាភី​លេខ​៥ បាន​លើកំណាព្យ​​រឿង “ម្ដាយ​” និពន្ធ​ដោយ​លោក មឿន សំណាង មក​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​។ “ម៉ែ” ត្រូវ​បាន​អ្នក​និពន្ធ​វ័យ ៣៤​ឆ្នាំ ស្ដែង​ឡើង​ឱ្យ​ឃើញ​ពី​​គ្រួសារ​មួយ​ ដែល​មាន​ម្ដាយ​ជា​បង្គោលរក​ប្រាក់​​ចិញ្ចឹម​​គ្រួសារទាំង​មូល​ ​​មាន​ប្ដី និង​កូន​ស្រី​ប្រុស​ពីរ​នាក់។ ប្ដី​ដែល​មិន​ត្រឹម​តែ​ មិន​បាន​ជួយ​រក​ប្រាក់​​ផ្គត់​ផ្គង់​គ្រួសារ ថែម​ទាំង​ជា​មនុស្ស​ញៀន​ស្រា​ទៀត​ផង​។ ចំណែក​កូន​ប្រុស​ផុង​ខ្លួន​ទៅ​សេពគប់មិត្ត​​មិន​ល្អ ដែល​ចូល​ចិត្ត​ដើរ​លេង​សប្បាយ​ និង​តែង​បង្ក​ជម្លោះ​ជា​ញឹក​ញាប់​។​ ក្រោយ​ពី​ប្ដី​ស្លាប់​ព្រោះ​តែ​ស្រា ហើយ​កូន​ប្រុស​ត្រូវ​រត់​ចោល​ស្រុក ម្ដាយ​និង​កូន​ស្រី​ប្រឹង​ប្រែង​ធ្វើ​ការ​និង​រៀន​សូត្រ​ គ្រប់​បែប​យ៉ាង​រហូត​ដល់​កូន​ស្រី​អាច​ប្រឡង​ជាប់​ជា​គ្រូ​បង្រៀន​។ 
  

 លោក មឿន សំណាង ម្ចាស់ស្នាដៃកំណាព្យរឿង"ម្ដាយ" ដែលជាប់ពានលេខ៥ កំពុងទទួលលិខិតសរសើរ
 
កវីនិពន្ធ​​ដែល​មាន​ការ​ងារ​ស្នូល​ ជា​ប្រធាន​សាខា​ធនាគារឯក​ជន​​មួយ​ និង​ធ្លាប់​ជាប់​​ពានរង្វាន់​​ទម្លេ​មេគង្គ​ផង​នោះ​ បញ្ជាក់​បន្ថែម​៖«គំនិត​អប់​រំក្នុង​កំណាព្យ​រឿង​ ខ្ញុំ​ផ្ដោត​លើ​ការ​ទទួល​ទាន​ស្រា ការ​ដើរ​លេង​ មាន​មិត្ត​មិន​ល្អ ឈ្លោះ​ប្រកែក​ទាស់​ទែង​គ្នា មិន​បាន​នាំ​ជីវិត​ឱ្យ​ប្រសើរ​ឡើយ​។ ចំណែក​​ការ​តស៊ូ​ព្យាយាម​របស់​ម្ដាយ​ក្នុង​លោក​ ដើម្បី​​​កូន​បាន​រៀន​សូត្រ​ មាន​ទំហំ​ធំ​ធេងណាស់​​។ រួម​ទាំង​​ការ​ដឹង​គុណ និង​តប​គុណ​របស់​កូន​​ទៅ​ម្ដាយ​វិញ​ គឺ​ជា​អ្វី​ដែល​មនុស្ស​ទូទៅ​គួរ​ធ្វើ​»។
 
សូម​បញ្ជាក់​ថា ស្នាដៃ​អក្សរ​សិល្ប៍​ចំនួន​១៩០ ដែល​បាន​ដាក់ប្រកួត​ប្រជែង​​ មាន​ស្នាដៃ​និពន្ធ​ដោយ​​ស្ត្រី​ចំនួន​៧២​​រឿង។​ ស្នាដៃអ្នក​និពន្ធ​រៀម​ច្បង​​ ប្រមាណ​៣៦​ភាគ​រយ និង​អ្នក​និពន្ធ​ជំនាន់​ថ្មី ៦៤​ភាគ​រយ​ ​មក​ពី​រាជ​ធានី​ខេត្ត​ចំនួន​២០ និង​​ពី​បណ្ដា​ប្រទេស​នានា​​ក្រៅពី​កម្ពុជា​​ចំនួន​៤​ប្រទេស ​ជា​ស្នាដៃ​ជន​ជាតិ​ខ្មែរ​ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​។ 
 
បើ​ប្រៀប​ទៅ​ឆ្នាំ​២០២០ ក្នុង​ឆ្នាំ​២០២១​នេះ ការ​ដាក់​ស្នាដៃ​ទៅ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី មាន​ការ​កើន​ឡើង​២៤​ស្នាដៃ​។
 


 រូបទី១១(រូបផ្ដល់ឱ្យ)
 
គួរ​រំលឹក​ផង​ដែរ​ថា ការ​វាយ​តម្លៃ​ទាំង​ស្នាដៃ​ប្រលោម​លោក និង​កំណាព្យ​ ​ផ្អែក​លើ​គោល​ការ​៣​យ៉ាង។ ទី​១  ​អត្ថន័យ មាន​​គុណ​ធម៌ សច្ចធម៌ និង​សីលធម៌ ទី​២ ​អត្ថរូប ផ្ដោត​លើ​វិធី​តែង រចនាបទ និង​សោភ័ណ្ឌ​វិជ្ជា​ និង​ទី​៣ អត្ថរស ដែល​​ផ្ដោត​លើ​តម្លៃ​អប់រំ តម្លៃ​ជាតិ និង​តម្លៃ​នៃ​ការ​អភិវឌ្ឍ​។
 
ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ គ្រប់​គ្រង​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ រហូត​ដល់​ឆ្នាំ ១៩៦៧​។ ក្រោយ​ស្ងាត់​ការ​ប្រកួត​ប្រជែង​មួយ​រយៈ​ធំ​ នៅ​ឆ្នាំ​២០០២ ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី​ បាន​ចាប់​ផ្ដើម​ឡើង​វិញជា​ថ្មី​​ ដែល​ជា​ជំនាន់​ទី​១​នៃ​ការ​គ្រប់​គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។ ពាន​រង្វាន់​នេះ​ ក៏​បាន​ផ្អាក​ម្ដង​ទៀត​ ហើយ​បាន​ចាប់​ផ្ដើម​ជា​ថ្មី​ នៅ​ឆ្នាំ​២០១៩​ រហូត​ដល់​បច្ចុប្បន្ន​​៕ 

លោក លីម ដារ៉ា ម្ចាស់ស្នាដៃប្រលោមលោករឿង គែនព្យួរជញ្ជាំង ដែលជាប់ជ័យលាភីលេខ១

Tag:
 អក្សរ​សិល្ប៍​
  អក្សរ​សាស្ត្រ​
  ពាន​រង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com