ជាតិ
រាជធានី-ខេត្តចំនួន១០ នៅតែមានសកម្មភាពទេសចរណ៍ខ្លាំង ក្នុងវិបត្តិកូវីដ-១៩ នាឆ្នាំ២០២១
31, Dec 2021 , 11:59 am        
រូបភាព
ដោយ:
ភ្ញៀវទេសចរជាតិ​ ជាកម្លាំងចលករ ជំរុញវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរអន្តរជាតិ មានតិចតួចប៉ុណ្ណោះ។​ នាឆ្នាំដែលកម្ពុជារស់នៅជាមួយជំងឺកូវីដ-១៩នេះ ខេត្តចំនួន១០ ហាក់មានភាពលេចធ្លោ ដោយសារមានភ្ញៀវទេសចរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់។ រាជធានី-ខេត្តទាំងនោះមាន រាជធានីភ្នំពេញ កំពត ព្រះសីហនុ កែប បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កណ្ដាល និង ខេត្តមណ្ឌលគិរី។



ភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជា ដែលមានបណ្ដុំសេដ្ឋកិច្ចមួយយ៉ាងសំខាន់។ ភ្នំពេញ ក៏ជាទីតាំងមួយទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងឆ្នាំ២០២១។ ភ្ញៀវទេសចរជាតិ អន្តរជាតិអាចដើរទស្សនា ទិដ្ឋភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងដ៏មមាញឹកនេះ ។ បន្ថែមពីនេះ ទេសចរក៏អាចទស្សនាអាគារចាស់ ដែលសេសសល់ពីសម័យបារាំងនៅរាជធានីភ្នំពេញបានផងដែរ។ សកម្មភាពភ្ញៀវទេសចរ បានជួយដល់សេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញបានមួយផ្នែក ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។​
 
កំពត ជាខេត្តមួយដែលមាន សមុទ្រ ព្រែក ភ្នំ និងនៅមិនឆ្ងាយពីរាជធានីភ្នំពេញ។ រាប់តាំងពីផ្លូវចូល​​ នៃខេត្តជាប់សមុទ្រមួយនេះ មានកន្លែងកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍នាចុងសប្តាហ៍ ឬថ្ងៃសម្រាក។ តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តមួយនេះ រួមមានតំបន់តាមមាត់ព្រែក ដែលមានកន្លែងកម្សាន្តដូចជា​ ឧទ្យានដងព្រែក រមណីយដ្ឋានដូងទេរ រមណីយដ្ឋានទឹកឈូរ ទឹកធ្លាក់តាដា និងភ្នំបូកគោជាដើម។ បន្ថែមពីនេះទេសចរ ក៏អាចកម្សាន្តពេលរាត្រី នៅទីរួមខេត្តកំពតដូចជា ដើរកម្សាន្តក្នុងខេត្ត ផ្សាររាត្រី និងជិះទូកមើលអំពិលអំពែកជាដើម។
 
ចំណែកភ្ញៀវទេសចរខ្លះដែលមិនហ៊ានចេញដើរកម្សាន្តតាមរមណីយដ្ឋាន ពួកគេជ្រើស ទៅសម្រាកនៅបឹងកាឡូ ឬ រីសត​  ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ត្រជាដើម។ សក្តានុពលទាំងនេះ ធ្វើឱ្យខេត្តកំពតនៅតែមានសកម្មភាពទេសចរណ៍យ៉ាងខ្លាំងក្លា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ។ ខេត្តកំពត ខ្សត់ភ្ញៀវទេសចរ តែក្នុងអំឡុងពេលបិទខ្ទប់ និងការផ្អាកចរាចរឆ្លងខេត្តប៉ុណ្ណោះ។ 

 ខេត្តព្រះសីហនុ
 
ខេត្តនៅជាប់មាត់សមុទ្រមួយទៀត ដែលមានភាពល្បីល្បាញមិនចាញ់ខេត្តកំពតប៉ុន្មានដែរ នោះគឺខេត្តព្រះសីហនុ។ នាឆ្នាំ២០២១នេះ ខេត្តព្រះសីហនុបានប្ដូមុខមាត់ថ្មី មានអាគារខ្ពស់ៗដូចផ្សិត ហេដ្ឋារចនាសម្ព័ន្ធតាមមាត់ឆ្នេរ កាន់តែមានភាពទាក់ទាញថែមទៀត។ ភ្ញៀវទេសចរជាតិសម្រុកទៅកម្សាន្តនៅខេត្តមួយនេះ ដោយចង់ឃើញមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុ។ ទេសចរ ក៏និយមទៅកម្សាន្តនៅតាមកោះ និងមុជទឹកមើលផ្កាថ្មជាដើម។ បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទោះខេត្តព្រះសីហនុត្រូវបានបិទខ្ទប់ជាច្រើនលើក ដោយសារជំងឺកូវីដ-១៩ តែពេលបើកទទួលទេសចរវិញ ប្រជាពលរដ្ឋកម្ពុជា នៅតែបន្តទៅកម្សាន្តនៅខេត្តមួយនេះ។​ លោកកត់សម្គាល់ថា ទេសចរជាតិនិយមទៅកម្សាន្តនៅ តាមឆ្នេរអូត្រេះ និងឆ្នេរអូរឈើទាល។ ចំណែកអ្នកមានធនធានច្រើន ភាគច្រើនទៅកម្សាន្តកោះ និង មុជទឹកមើលផ្កាថ្ម។
 
កែប ជាខេត្តតូចជាងគេក្នុងប្រទេសកម្ពុជា ជាប់មាត់សមុទ្រ ដែលមានភាពល្បីល្បាញដោយសារគ្រឿងសមុទ្រ និង ភាពស្រស់ស្អាតនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្ត។ ជាមួយគ្នានេះ ផ្កាក្ងោកនៅតាមដងផ្លូវក្នុងខេត្តកែប នាខែឧសភា ក៏បានធ្វើឱ្យខេត្តកែប កាន់តែមានសម្រស់ទាក់ទាញផងដែរ។​ នាឆ្នាំ២០២១នេះ បានផ្ដល់ឱកាសឱ្យខេត្តតូច តែខ្លឹមមួយនេះបង្ហាញ សក្តានុពលរបស់ខ្លួន។ ដោយនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញផងនោះ​ ខេត្តកែបតែងមានទេសចរទៅកម្សាន្តយ៉ាងច្រើននៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ភ្ញៀវទេសចរទៅលេងខេត្តកែប អាចងូតទឹកសមុទ្រ លេងតាមឆ្នេរខ្សាច់ បរិភោគគ្រឿងសមុទ្រស្រស់ៗ និងគយគន់ទេសភាពកូនភ្នំតូចៗនៅក្នុងខេត្តមួយនេះ។

 ភ្នំខ្នងផ្សា ក្នុងខេត្តកំពង់ស្ពឺ
 
ចំណែក ខេត្តបាត់ដំបង ក៏ទទួលបានការគាំទ្រពីភ្ញៀវទេសចរច្រើនណាស់ដែរ ព្រោះសម្បូរដោយទេសចរណ៍បែបវប្បធម៌ រួមមានផ្ទះបុរាណ និងសំណង់បុរាណ ។​ បន្ថែមពីនេះ តំបន់ទេសចរណ៍កែច្នៃជាច្រើន ក៏បានលេចរូបរាងនៅខេត្តបាត់ដំបង ដែលធ្វើឱ្យភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ទៅកម្សាន្ត ខេត្តមួយនេះ មិនចេះជិនណាយ។ ទេសចរភាគច្រើនទៅលេងខេត្តបាត់ដំបង ព្រោះចង់ទស្សនាសំណង់បុរាណ ដើរកម្សាន្តនៅតាមជើងភ្នំបែបធម្មជាតិ ជិះឡូរី និងជាពិសេសទេសចរនិយមថតរូបនៅតាមសួនផ្កា ដែលជាតំបន់ទេសចរណ៍កែច្នៃ។ 
 
ខេត្តបាត់ដំបង បានស្ងប់ស្ងាត់មួយរយៈផងដែរ នាអំឡុងរដ្ឋបាលខេត្តបិទរមណីយដ្ឋានទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តែទោះជាយ៉ាងនេះក្ដី ក្រោយបើកដំណើរការឡើងវិញ សន្ទុះភ្ញៀវទេសចរ ក៏កើនឡើងជាថ្មី។ នាឆ្នាំ២០២២ខាងមុខនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នឹងបោះពុម្ភសៀមភៅម្ហូបអាហារតាមតំបន់ដើម្បីឱ្យទេសចរ អាចរកភ្លក់ម្ហូបតាមតំបន់នីមួយៗក្នងខេត្តនេះបាន។

 រមណីយដ្ឋានអន្លង់ភ្ញៀវខេត្តតាកែវ
 
ជាមួយគ្នានេះដែរ ខេត្តកំពង់ស្ពឺ ដែលកន្លងមកភ្ញៀវទេសចរតែងមើលរំលង ឬគ្រាន់តែចាត់ទុកថាជាខេត្តឆ្លងកាត់នោះ ក៏បានផ្លាស់ប្ដូរមុខមាត់ថ្មីដែរ។ ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ ព្រោះនិន្នាការនៃការដើរកម្សាន្តបែបធម្មជាតិ និងផ្សងព្រេង។ ប្រជាពលរដ្ឋក្នុងសហគមន៍ ចាប់ផ្ដើមប្ដូរមុខរបរពីចូលព្រៃកាប់ឈើ មកបម្រើរសេវាកម្មទេសចរវិញ។ ការណ៍នេះបានធ្វើឱ្យប្រជាជនតាមមូលដ្ឋានទេសចរណ៍ផ្ទាល់ទទួលបានចំណូលសមល្មមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ តំបន់ទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ស្ពឺ មាន ភ្នំខ្នងផ្សា ភ្នំឱរ៉ាល់ ឧទ្យានជាតិគិរីរម្យ និងទឹកធ្លាកជ្រៀវ ជាដើម។ 
 
តាមរយៈកំណើនភ្ញៀវទេសចរនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែង អំណរគុណដល់ភ្ញៀវទេសចរ ដែលបានផ្ដល់មុខមាត់ថ្មីដល់ខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អះអាងថា លោកនឹងបន្តអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងខេត្តបន្តទៀត និងបង្កើនផលិតផលទេសចរណ៍តាមសហគមន៍ ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺស្ថិតក្នុងបេះដូងអ្នកទេសចររហូត។

 រាជធានីភ្នំពេញ
 
បន្ថែមពីនេះ ខេត្តពោធិ៍សាត់ ក៏មានភាពល្បីល្បាញខ្លាំងណាស់ដែរ ។ ភ្ញៀវទេសចរជិតឆ្ងាយ បានដើរកម្សាន្តនៅខេត្តពោធិ៍សាត់ នៅតាមតំបន់ទេសចរណ៍នានាដូចជា ភ្នំ១៥០០ ទឹកធ្លាក់ថ្មដា និងសហគមន៍ទេសចរណ៍ជាច្រើនទៀត។ ក្រៅពីនេះ ភ្ញៀវទេសចរ ចូលចិត្តការកម្សាន្តបែបផ្សងព្រេង កម្ររំលងខេត្តពោធ៍សាត់ណាស់ ព្រោះខេត្តនេះគ្របដណ្ដប់ដោយភ្នំ។ ទេសចរផ្សងព្រេង និយមឡើងភ្នំទំព័រ ភ្នំសំកុស និងភ្នំតាក្រហមកជាដើម។ ចំណែកថ្មីៗនេះ សហគមន៍អេកូទេសចរណ៍អូរសោម និងតំបន់ភ្នំខ្នងព្រះ បានក្លាយជាចំណីអារម្មណ៍ថ្មីដល់ទេសចរចូលចិត្តផ្សងព្រេងផងដែរ។ សក្តានុពលទាំងនេះបាន រុញច្រានឱ្យខេត្តពោធិ៍សាត់ នៅតែមានសកម្មភាពភ្ញៀវទេសចរយ៉ាងខ្លាំងក្លា ក្នុងឆ្នាំ២០២១ នៃបរិបទកូវីដ-១៩ ។
 
ជាមួយគ្នានេះ ទេសចរជាតិ ក្នុងឆ្នាំ២០២១ ក៏ចាប់អារម្មណ៍ទៅកម្សាន្តនៅខេត្តតាកែវ ដែលនៅក្បែររាជធានីភ្នំពេញផងដែរ។ ទេសចរនិយមទៅកម្សាន្តនៅខេត្តតាកែវ ព្រោះតំបន់ទេសចរណ៍២ បានលេចរូបរាងឡើងអន្ទងចិត្តភ្ញៀវ នោះគឹរមណីយដ្ឋានអន្លង់ភ្ញៀវ ដែលមានទេសចរភាព ជើងភ្នំខៀវស្រងាត់ សួនផ្កាបែបធម្មជាតិ។ រមណីយដ្ឋានត្រីមាស ដែល នៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋាន អន្លង់ភ្ញៀវ ក៏បានទាក់ទាញទេសចរច្រើនណាស់ដែរ ដោយទេសចរអាចជិះទូកកៃយ៉ាក់ មើលត្រីជាច្រើនប្រភេទ ក្នុងរមណីយដ្ឋាននោះ។ បន្ថែមពីនេះ ទេសភាពតាមដងផ្លូវ អមដោយភ្នំនិងធម្មជាតិ បានធ្វើឱ្យរមណីយដ្ឋានត្រីមាស ទទួលបានចំណាប់អារមណ៍ខ្លាំងពីទេសចរក្នុងស្រុក។ អ្នកទេសចរ ភាគច្រើនទៅសម្រាកលម្ហែនៅទីនោះនា ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ តាមរយៈសក្តានុពលទាំងនេះ ធ្វើឱ្យទេសចរណ៍ខេត្តតាកែវនៅតែមានសកម្មភាព ដែលអាចផ្ដល់ចំណូលដល់ប្រជាជនមូលដ្ឋានបាន​។
 
ខេត្តក្បែរក្រុងមួយទៀតដែលទេសចរនិយម ទៅសម្រាកតាមរីសត​ តំបន់ទេសចរណ៍នោះ គឺខេត្តកណ្ដាល។ ខេត្តនេះបានទាក់ទាញអ្នកធ្វើការ ឬរស់នៅរាជធានីភ្នំពេញបានច្រើន ព្រោះពួកគេចំណាយពេលវេលាតិចក្នុងការធ្វើដំណើរ ហើយអាចរំសាយអារម្មណ៍តាមបែបធម្មជាតិបាន ។ ជាមួយគ្នានេះ កីឡាជិះកង់ ក៏បានធ្វើឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ក្នុងខេត្តកណ្ដាលទទួលបានចំណូល អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ នាឆ្នាំ២០២១នេះផងដែរ។ អ្នកជិះកង់ជាច្រើនតែងទៅលម្ហែនៅអរិយក្សត្រ និងតាមតំបន់ទេសចរណ៍មួយចំនួនទៀត។ មួយរយៈចុងក្រោយនេះ កន្លែងកម្សាន្តជាច្រើន បានរីកដុះដាលឡើងក្នុងខេត្តកណ្ដាល  ។

 រូបភាពពីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី
 
ដោយឡែក បើនិយាយពីទេសចរណ៍បែបធម្មជាតិ ភ្ញៀវទេសចរប្រាកដ ជានឹកឃើញដល់ខេត្តមណ្ឌលគិរី នៃតំបន់ភូមិភាគឦសាន្ត។ ដ្បិតនៅឆ្ងាយពីរាជធានីភ្នំពេញ តែរាល់ពេលឈប់សម្រាកបុណ្យទាននានា ភ្ញៀវទេសចរជាច្រើនតែងទៅកម្សាន្តនៅខេត្តមណ្ឌលគិរី។ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ប៉ុន្តែ ខេត្តមណ្ឌលគិរី តែងទទួលបានភ្ញៀវទេសចរយ៉ាងច្រើន នៅតាមរីសត និងកន្លែងស្នាក់នៅក្នុងខេត្ត គឺមានភ្ញៀវពេញ រហូតដល់ពេលខ្លះ ទេសចរត្រូវបោះតង់សម្រាកទៀតផង។ សក្តានុពលដែលធ្វើឱ្យខេត្តមណ្ឌលគិរី ទាក់ទាញទេសចរបានច្រើនបែបនេះ ព្រោះខេត្តភូមិភាគឦសាន្តមួយនេះ អាចឱ្យទេសចរកម្សាន្តបានគ្រប់រដូវកាល។ ទេសចរទៅកម្សាន្តនៅរដូវវស្សា នឹងឃើញវាលស្មៅ ខៀវខ្ចី តែបើរដូវប្រាំងវិញទេសចរ អាចមើលឃើញវាលស្មៅពណ៌មាស យ៉ាងទាក់ទាញ។​ ចំណែកវប្បធម៌ជនជាតិដើម និងតំបន់ទេសចរណ៍ទឹកធ្លាក់ ក៏មានភាពទាក់ទាញខ្លាំងណាស់ដែរក្នុងខេត្តមណ្ឌលគិរី។

 ខេត្តកំពត
 
ក្រៅពីខេត្តទាំង១០នេះ ខេត្តមួយចំនួនផ្សេងទៀតក៏នៅតែមានភ្ញៀវទេសចរទៅកម្សាន្តដែរ តែមិនច្រើននោះទេ ដោយភាគច្រើនសម្បូរតែភ្ញៀវក្នុងខេត្តប៉ុណ្ណោះ។ ចំណែកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍យ៉ាងសំខាន់សម្រាប់កម្ពុជា ត្រូវបានជំងឺកូវីដ-១៩ វាយប្រហារយ៉ាងដំណំ ស្ទើរពេញមួយឆ្នាំ។ តែទោះយ៉ាងណា ខេត្តសៀមរាប ក៏ចាប់ផ្ដើមមានភ្ញៀវទេសចរជាតិទៅកម្សាន្តខ្លះវិញនៅអំឡុងខែវិច្ឆិកា និងខែធ្នូ នៅឆ្នាំ២០២១នេះ។ ដោយឡែកអ្នករកស៊ីក្នុងវិស័យទេសចរណ៍ មានក្ដីរំពឹង ថាឆ្នាំ២០២២ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា នឹងមានសកម្មភាពខ្លាំងក្លាឡើងវិញ ក្រោយរដ្ឋាភិបាលសម្រេចបើកប្រទេសទាំងមូលវិញ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com