អន្តរជាតិ
WHO៖ ព័ស្តុតាងថ្មីរកឃើញថា​ វីរុសអូមីក្រុងចេញរោគសញ្ញាស្រាល និងប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ
05, Jan 2022 , 12:30 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
ព័ស្តុតាងជាច្រើន បានបង្ហាញថាជំងឺកូវីដ-១៩ បង្កដោយវីរុសបំប្លែងខ្លួនអូមីក្រុង អាចមានសមត្ថភាពវាយលុកតំបន់ផ្លូវដង្ហើមផ្នែកខាងលើ និងចេញរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែមករា មុនព្រមានថា វីរុសបំប្លែងខ្លួនថ្មីនេះ នឹងនាំឱ្យមានករណីឆ្លងជំងឺកូវីដ-១៩កើនឡើងខ្លាំង ប៉ុន្តែមានអត្រាស្លាប់ទាប។

 
ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុង ត្រូវបានរកឃើញនៅអាហ្រ្វ៊ិកខាងត្បូង ទិន្នន័យរបស់ WHO បានបង្ហាញថា​ វីរុសនេះ មានល្បឿនចម្លងលឿន និងបានសាយភាយទៅកាន់បណ្តាប្រទេសជាង១២៨ប្រទេសលើសកលលោក។ ទន្ទឹមនេះ ករណីឆ្លងជំងឺកូវីដ-១៩ បានហក់ឡើងជាថ្មីនៅក្នុងបណ្តាប្រទេសទាំងនោះ។ បណ្តាប្រទេសអឺរ៉ុប អាម៉េរិក និងឥណ្ឌាជាដើម មានករណីឆ្លងប្រចាំថ្ងៃរាប់ម៉ឺនករណី។ 
 
ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង កំពុងផ្ទុះឡើងបែបនេះ អ្នកគ្រប់គ្រងឧប្បត្តិហេតុរបស់ អង្គការសុខភាពពិភពលោក លោក​ Abdi Mahamud​ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងរកឃើញថា...​វីរុសអូមីក្រុង ធ្វើឱ្យប៉ះពាល់ផ្លូវដង្ហើមផ្នែកខាងលើ ​ ដោយមិនដូចវីរុសផ្សេងទៀតដែលបង្កឱ្យមានជំងឺរលាកស្ងួតធ្ងន់ធ្ងរ»។ ផ្នែកផ្លូវដង្ហើមផ្នែកខាងលើ មានដូចជាច្រមុះ មាត់ និងបំពង់កជាដើម។ អ្នកជំនាញរូបនេះបានបន្ថែមថា ការរកឃើញ​ព័ស្តុតាងថ្មីនេះ អាចជាដំណឹងល្អ ប៉ុន្តែអ្នកជំនាញត្រូវសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីដឹងឱ្យកាន់តែច្បាស់ជាងមុន។
 
បើទោះមិនធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងព្យាបាលនៅមន្ទីរពេទ្យ វីរុសបំប្លែងខ្លួន អូមីក្រុង បានធ្វើឱ្យមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងបណ្តាប្រទេសមួយចំនួន ហក់ឡើងខ្ពស់។ អាម៉េរិក នៅថ្ងៃទី៤ ខែធ្នូ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ជាង ៥៦ម៉ឺនករណី។ លោកបានសង្កត់ធ្ងន់ថា​ អ្វីដែលរកឃើញនៅពេលនេះ គឺករណីឆ្លងខ្លាំង និងអត្រាស្លាប់ទាប។
 
លោក Mahamud​ ​បានបន្តព្រមានថា អូមីក្រុងមានល្បឿនចម្លងខ្ពស់ ដែលអាចវាយលុកតំបន់ជាច្រើន ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ និងបង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធសុខាភិបាលក្នុងប្រទេសណាដែលមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាប។ មធ្យោបាយដ៏ល្អបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុសបំប្លែងខ្លួនថ្មី បណ្តាប្រទេសទាំងអស់ ត្រូវអនុវត្តតាមគោលដៅរបស់អង្គការ WHO ដោយត្រូវបង្កើនការចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗឱ្យបាន៧០ភាគរយ ជាជាងការផ្តល់នៅដូសជំរុញទី៣ ឬទី៤៕

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com