កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ត្រលប់ជួយក្រុមតទល់ Spurs ក្រោយសុំទោសក្លិបនិងអ្នកគាំទ្រ
05, Jan 2022 , 5:20 pm        
រូបភាព
ខ្សែប្រយុទ្ធ Romelu Lukaku បានសុំទោសក្លិប Chelsea ព្រមទាំងអ្នកគាំទ្រចំពោះការបង្ហាញអារម្មណ៍មិនពេញចិត្តនៅទឹកដី Stamford Bridge ។ រូបគេក៏មានឈ្មោះជួយក្រុមវិញដែរ។



ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក ត្រូវលោក Thomas Tuchel ដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករទល់ក្លិប Liverpool ដែលបញ្ចប់ដោយលទ្ធផល ២-២ កាលពីសប្តាហ៍មុន។ គ្រូបង្វឹករូបនេះបានចាត់ទុកបញ្ហា Lukaku ថាជារឿងដ៏ធំមួយនិងរំខានខ្លាំង។
 
ទោះបីជាយ៉ាងនេះក្តី ក្រុមស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍បានបង្ហោះវីដេអូដែលបញ្ជាក់ថា Lukaku បានសុំទោសទៅកាន់ក្រុមអ្នកគាំទ្រ Chelseaទាំងអស់។ Lukakuពន្យល់ថា កិច្ចសម្ភាសទូរទស្សន៍ Sky Italia ជាវីដេអូតាំងពី៣សប្តាហ៍មុន។
 
«ខ្ញុំគិតថាប៉ុន្មានថ្ងៃមកនេះ ពិតជាមមាញឹកខ្លាំងណាស់អ្នកគ្រប់គ្នាគួរតែយល់ច្បាស់ហើយថាហេតុអ្វី។ ខ្ញុំខិតខំប្រឹងជួយនាំជ័យជម្នះដល់ក្រុមសម្រាប់២ប្រកួតចុងក្រោយនេះ, ខ្ញុំក៏ព្យាយាមត្រលប់មកចូលរួមក្រុមហើយប៉ុន្មានសប្តាហ៍នេះ។ វាជារឿងផ្ទាល់ខ្លួនផងដែរជាមួយកូវីដ-១៩។» Lukaku បាននិយាយក្នុងវីដេអូដែលបានបង្ហោះក្នុងគេហទំព័រ Chelsea បែបនេះ។
 
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ អះអាងថា វីដេអូសម្ភាសជាមួយទូរទស្សន៍ Sky Italia ជាការលាគ្នាចុងក្រោយនិងអរគុណទៅកាន់អ្នកគាំទ្រក្លិប Inter Milan។
 
«ខ្ញុំយល់ច្បាស់ ហើយខ្ញុំគិតថាក៏ដល់ពេលផ្ញើសារបកស្រាយផងដែរ។ កិច្ចសម្ភាសនោះ ខ្ញុំបាននិយាយអំពីការលាគ្នាទៅកាន់អ្នកគាំទ្រ Inter Milan ប៉ុណ្ណោះ ។ ខ្ញុំមិនបានមិនគោរពអ្នកគាំទ្រ ក្លិប ម្ចាស់ក្លិប និងគ្រូបង្វឹកឡើយ។ ពួកគេបានធ្វើគ្រប់យ៉ាងជួយខ្ញុំត្រលប់មកកាន់ទីនេះ។ វិញហើយខ្ញុំគ្មានបំណងចង់ចាកចេញឡើយ។» ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបានបន្ថែមបែបនេះ។


 
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ងក៏អះអាងក្នុងសន្និសីទកាសែតដែរថា Lukaku ពិតជាបានសុំទោសចំពោះកំហុសទាំងនោះពិតមែន។ ខ្សែប្រយុទ្ធបែលហ្ស៊ិកក៏បានវិលត្រលប់ចូលរួមហ្វឹកហាត់ជាមួយក្រុមវិញកាលពីថ្ងៃទី៣ ខែមករាមក។
 
តោខៀវ Chelsea នឹងត្រូវប្រកួតតទល់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspurs ក្នុងពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែមករា៕

Tag:
 Romelu Lukaku
  Chelsea
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com