អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ដូសជំរុញទី៤បង្កើនសមត្ថភាពប្រឆាំងជំងឺកូវីដ-១៩ ដល់ទៅ៥ដង
05, Jan 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett នៅថ្ងៃទី៤ ខែមករា បានលើកឡើងថា ការទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ នឹងជួយបង្កើនសមត្ថភាពនៃប្រព័ន្ធ​ភាពស៊ាំក្នុងការទប់ទល់​នឹង​ជំងឺ​នេះរហូតដល់៥ដងឯណោះ បន្ទាប់ពីបានទទួលវ៉ាក់សាំងបានមួយសប្ដាហ៍។

 
«មួយសប្ដាហ៍បន្ទាប់ពីបានទទួលវ៉ាក់សាំងដូសទី៤​ ពួកយើងអាចដឹងកាន់តែច្បាស់ថា ដូស ទី៤មាន​សុវត្ថិភាព»។ លោក Naftali Bennett បានលើកឡើងបែបនេះនៅថ្ងៃទី៤ ខែមករានៅ ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba​ ដែលបានរៀបចំ និងសិក្សាពីការផ្ដល់ដូសជំរុញលើកទី២ សម្រាប់​បុគ្គលិកពេទ្យ​របស់ខ្លួន ខណៈវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា មួយអាទិត្យបន្ទាប់ពីបុគ្គលិកពេទ្យបានទទួលវ៉ាក់សាំងដូសទី៤នោះ សមត្ថភាព នៃប្រព័ន្ធភាព​ស៊ាំក្នុ​ង​ការប្រឆាំងជំងឺកូវីដ-១៩របស់ពួកគេកើនឡើងរហូតដល់៥ដង ឯណោះ។ លោកក៏បានបន្តថា លទ្ធផល​នេះបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការប្រឆាំងនឹងការឆ្លងមេរោគ ការសម្រាកនៅមន្ទីរពេទ្យ និងរោគសញ្ញាធ្ងន់ធ្ងរ។
 
ការសិក្សារបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba​ បានចាប់ផ្ដើមនៅថ្ងៃទី២៧ ខែធ្នូដែលបាន​ ផ្ដល់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់់ បុគ្គលិក​ពេទ្យ​១៥០​នាក់។ កម្រិតអង់ទីករអ្នកដែលបានទទួលវ៉ាក់សាំងទាំងនោះ សុទ្ធតែ​ធ្លាក់ចុះ​ដោយសារតែពួកគេ​បាន​ទទួលវ៉ាក់សាំងដូសទី៣តាំងពី៤ទៅ៥ខែមុនមក។
 
បើតាមមន្ទីរពេទ្យខាងលើ វ៉ាក់សាំងដូសទី៤នេះគ្រាន់តែផ្ដល់ ផលប៉ះពាល់​កម្រិតស្រាល​សម្រាប់មនុស្ស​មួយចំនួនដែលមិនខុសគ្នាពីផលប៉ះពាល់នៃការទទួលវ៉ាក់សាំងដូសទីបីនោះទេ។ ផលប៉ះពាល់នោះ​រួម​មានការឈឺចុកចាប់ ក្ដៅខ្លួន និងឈឺក្បាលជាដើម។ លើសពីនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba​ ក៏បានបញ្ជាក់ថា ការសិក្សាពីក្រុមដាច់ដោយឡែកមួយទៀតនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ​លើ​វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna វិញ។ 
 
អ៊ីស្រាអែល បានដើរតួនាទីឈានមុខគេក្នុងការសិក្សាពីផលប៉ះពាល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយក៏ជាប្រទេសលឿនបំផុតមួយក្នុងការផ្ដល់វ៉ាក់សាំងពីរដងដល់ប្រជាជន ហើយក៏បានផ្ដល់​វ៉ាក់សាំងដូសជំរុញកាលពីឆ្នាំ២០២១ផងដែរ។ បច្ចុប្បន្ន ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងច្រើនជាង​១០ដងក្នុងរយៈពេលមួយខែកន្លងមកនេះ ហើយអ្នកជំងឺ​ធ្ងន់ធ្ងរ​ក៏​ហក់​ឡើង​ដែរ ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​៕

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com