ជាតិ
រដ្ឋបាលភ្នំពេញ ហាមដុតផាវ និងបង្កសំឡេងផ្ទុះគ្រប់ប្រភេទ នាឱកាសបុណ្យចូលឆ្នាំចិន
30, Jan 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការហាម ដុតផាវ កាំជ្រួចឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ការលែងល្បែងស៊ីសង និងការហែក្បួនតាមបែបប្រពៃណី ឬសាសនាដោយគ្មានការអនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ការហាមឃាត់ខាងលើរបស់ រដ្ឋបាលរាជធានីភ្នំពេញនេះ ដើម្បីរៀបចំសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២។



ក្នុងសេចក្ដីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យពលរដ្ឋដុតក្រដាសសែនត្រូវប្រើប្រាស់ធុងដែក ឬឆ្នាំងដី ដើម្បីដុត ដោយមិនអនុញ្ញាតឱ្យដុតក្រដាសលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។ 
 
ចំពោះ ការដុតក្រដាសសែន នាឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាមនេះ លោក ជាដារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងលំញ័រ ក៏បានអំពាវនាវដល់ពលរដ្ឋកុំឱ្យដុតក្រដាសច្រើនពេក ដែលធ្វើឱ្យប៉ះពាល់គុណភាពខ្យល់និងប៉ះពាល់ដល់សុខភាព តាមរយៈសកម្មភាពនេះ។ ការលើកឡើងរបស់ លោក ជា ណារ៉ាធ្វើឡើងនាសន្និសីទសារព័ត៌មាន ស្ដីពីការដាក់អនុវត្តផែនការខ្យល់ស្អាតកម្ពុជា របស់ក្រសួងបរិស្ថាន។ ក្នុងសេចក្ដីប្រកាសនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការអុជធូប ទៀន ក្រដាសសែន ភ្លើងចង្ក្រានចរន្តអគ្គីសនី ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលកើតឡើងជាយថាហេតុណាមួយ។ លោកសង្កត់ធ្ងន់លើការចាត់វិធានឱ្យមានប្រសិទ្ធិភាព កុំឱ្យមានការនាំចូលផាវ កាំជ្រួចជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនោះ ដែលមានតាំងលក់នៅគ្រប់កន្លែងនៅរាជធានីភ្នំពេញ។ 
 
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានស្នើដល់មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារទាំងនេះឱ្យបានទូលំទូលាយ។ឯរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវផ្សព្វផ្សាយការណែនាំ ដល់កងកម្លាំង និងមន្ត្រី ព្រមទាំងពលរដ្ឋឱ្យអនុវត្តតាមការណែនាំឱ្យមានប្រសិទ្ធភាព៕ 
 
 

Tag:
 ហាមដុតផាវ
  បុណ្យចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com