COVID-19
ជាតិ
កម្ពុជា ទទួលបានវ៉ាក់សាំងAstraZeneca ៣០ម៉ឺនដូសពី ប៉ូឡូញ ![សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលវ៉ាក់សាំង AstraZeneca ពីលោកស្រី Carmen MORENO តំណាងរដ្ឋាភិបាលប្រទេសប៉ូឡូញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០មករា។](https://image.thmeythmey.com/pictures/2022/01/30/front____.jpg)
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលវ៉ាក់សាំង AstraZeneca ពីលោកស្រី Carmen MORENO តំណាងរដ្ឋាភិបាលប្រទេសប៉ូឡូញ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០មករា។
×![]()
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី៣០ មករា ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលជំនួយវ៉ាក់សាំង ពីលោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅវិមានសន្តិភាព។ ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន៣០ម៉ឺនដូសនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ជាពិសេសក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជា ក្នុងក្របខណ្ឌទូទាំងប្រទេស ។
អំឡុងពេលទទួលវ៉ាក់សាំងនេះដែរ សម្ដេចបានថ្លែងថា កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសបានល្អ។ ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចជាធម្មតា ។
យ៉ាងណាមិញ សម្ដេចក៏បានអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ពីជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) ដែលកំពុងផ្លាស់ទីក្នុងប្រទេសកម្ពុជា។ សម្ដេច លើកទឹកចិត្ត ប្រជាជនឱ្យការពារដោយប្រុងប្រយ័ត្ន ជៀសជាងការភ័យស្លន់ស្លោ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩មករា ឆ្នាំ២០២២ ប្រជាជនក្នុងប្រទេសកម្ពុជាជាង ១៣លាន៧សែន នាក់បានទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ២ដូសរួចរាល់ និងមានប្រជាជនជាង ៥លាននាក់ទទួលបានដូសទី៣ ខណៈប្រជាជនជាង ៤៤ម៉ឺននាក់ទទួលបានវ៉ាក់សាំងដូសទី៤ ៕
© រក្សាសិទ្ធិដោយ thmeythmey.com