អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀតនៅថ្ងៃនេះ ដែលសង្ស័យជាមីស៊ីលចម្ងាយឆ្ងាយ
30, Jan 2022 , 3:00 pm        
រូបភាព
យោធាកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃទី៣០ ខែមករា ថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ទៀតសំដៅសមុទ្រខាងកើត។ នេះជាការបាញ់មីស៊ីលលើកទី៧ នៅក្នុងខែមករា ក៏ដូចជាឆ្នាំ២០២២ នេះតែម្ដង។

 
ជារឿងមិនធ្លាប់មានក្នុងពេលមួយត្រឹមមួយខែ កូរ៉េខាងជើង បាញ់មីស៊ីលដល់ទៅ៧លើក។ លើកទី៧ កើតឡើងនៅថ្ងៃទី៣០ ខែមករា។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង អះអាងថា មីស៊ីលនេះបាញ់ចេញពីទីតាំងក្នុងខេត្ត Jagang ជាប់ព្រំដែនចិន ដែលកូរ៉េខាងជើងធ្លាប់ប្រើក្នុងការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកាលពីឆ្នាំ២០២១ និងពីរដងទៀតនៅដើមឆ្នាំ២០២២។
 
ទាំងកូរ៉េខាងត្បូង ទាំងជប៉ុនដែលចាប់សញ្ញារបស់មីស៊ីលសង្ស័យថា ទីក្រុងព្យុងយ៉ាងទំនងជាបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ។ លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែ​មករា ថា​ ប្រសិនបើមីស៊ីលដែបាញ់នេះជាមីស៊ីលបាលីស្ទិកមែន វាអាចហោះដល់កម្ពស់២​០០០គីឡូម៉ែត្រ ហើយហោះបាន៣០នាទីមុនវាយប្រហារគោលដៅនៅចម្ងាយ៨០០គីឡូម៉ែត្រ។
 
បើពិតជាមីស៊ីលចម្ងាយឆ្ងាយមែន នេះជាលើកដំបូងដែលកូរ៉េខាងជើងបាញ់មីស៊ីលប្រភេទនេះគិតតាំងពីឆ្នាំ២០១៨ មក។ របបដឹកនាំទីក្រុងព្យុងយ៉ាង បានប្រកាសផ្អាកជាឯកតោភាគីការបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរនៅឆ្នាំ២០១៨ នៅពេលដែលដំណើរការចរចាស្វែងរងកសន្តិភាពចាប់ផ្ដើមលេចសញ្ញាវិជ្ជមាន មុនជាប់គាំងនៅឆ្នាំបន្ទាប់។
 
ប៉ុន្តែក្នុងកិច្ចប្រជុំគណៈការិយាល័យនយោបាយមជ្ឈិមបក្សពលករនៅដើមខែនេះ កូរ៉េខាងជើងបានបោះតម្រុយថា អាចចាប់ផ្ដើមការសាកល្បងជាថ្មីឡើងវិញ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com