អន្តរជាតិ
ការសិក្សា៖ ភាពស៊ាំនឹងថ្នាំអង់ទីប្យូទិច បង្កឱ្យមានមនុស្សស្លាប់​ច្រើនជាង​ជំងឺគ្រុនចាញ់ និងអេដស៍ទៅទៀត
30, Jan 2022 , 4:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការសិក្សាថ្មី ដែលចុះផ្សាយលើទិនានុប្បវត្តិ Lancet បានបង្ហាញថា បច្ចុប្បន្ន ភាពស៊ាំនឹងឱសថប្រឆាំង​មេរោគ (ថ្នាំអង់ទីប្យូទិច) កំពុងបង្កឱ្យមានមនុស្ស​ស្លាប់យ៉ាងច្រើនជុំវិញពិភពលោក។ ស្ថានភាពនៃភាពស៊ាំ​នឹងឱសថប្រឆាំងមេរោគ កំពុងរីករាល​ដាលកាន់តែធំឡើង និងកាន់តែ​ធ្ងន់ធ្ងរ​ជាងមុន ដោយវាបានធ្វើឱ្យមាន​មនុស្សស្លាប់ ១,២៧លាននាក់ ពោលគឺច្រើនជាងមនុស្ស​ស្លាប់ ដោយសារកើតជំងឺគ្រុនចាញ់ និងជំងឺ​អេដស៍ទៅទៀត។

 
ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (អង់ទីប្យូទិច) កើតឡើងនៅពេលមេរោគ ដូចជាបាក់តេរី ឬវីរុស​បង្កជំងឺឆ្លង ហើយ​វិវដ្ដទៅស៊ាំ​នឹងឱសថដែលមានតួនាទីសម្លាប់វា។ វាមានន័យថា ថ្នាំអង់ទីប្យូទិច នឹង​លែងមាន​ប្រសិទ្ធភាពប្រឆាំងមេរោគ ឬមិនអាចព្យាបាលជំងឺបន្តទៀត​ឡើយ។ ដូច្នេះ ពពួកមេរោគ​បង្កជំងឺនឹងចាប់ផ្តើមវាយប្រហារសុខភាពមនុស្សឡើងវិញ។ 
 
តាមការសិក្សា ភាពស៊ាំនឹងឱសថប្រឆាំង​មេរោគ កំពុងរីករាលដាលកាន់តែ​ធ្ងន់ធ្ងរ និងបង្កឱ្យមាន​មនុស្ស​ស្លាប់យ៉ាងច្រើនជុំវិញពិភពលោក។ មនុស្សប្រមាណ ១,២៧លាននាក់បានស្លាប់ ដោយសារ​ស៊ាំនឹងថ្នាំអង់ទីប្យូទិច ហើយជិត ៥លាននាក់ទៀត បានស្លាប់មានជាប់ទាក់ទងនឹងបញ្ហាថ្នាំ​អង់ទីប្យូទិចនេះ តាំងពីឆ្នាំ២០១៩ មក។ វាមានចំនួនច្រើនជាងករណីស្លាប់​ ព្រោះជំងឺគ្រុនចាញ់ និងជំងឺអេដស៍។ ក្នុងឆ្នាំដដែលនេះ ជំងឺគ្រុនចាញ់បានបង្កឱ្យមានករណីស្លាប់ចំនួន ៦៤ម៉ឺននាក់ ខណៈជំងឺអេដស៍ បានបង្កឱ្យមានមនុស្សស្លាប់ ៨៦ម៉ឺននាក់ប៉ុណ្ណោះ។ 
 
ការសិក្សាបានធ្វើឡើងលើមនុស្ស ៤៧១លាននាក់ មកពីបណ្ដាប្រទេស និងដែនដី ២០៤ជុំវិញពិភពលោក។ ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម ទទួលរងគ្រោះ ដោយសារបញ្ហាភាពស៊ាំនឹង​ឱសថប្រឆាំង​មេរោគធ្ងន់ធ្ងរជាងគេ។ ប៉ុន្តែប្រទេសអ្នកមានខ្លះ ក៏ប្រឈមបញ្ហានេះក្នុងកម្រិតខ្ពស់ដែរ។ 
 
របាយការណ៍បង្ហាញថា ៧០ភាគរយនៃការស្លាប់បណ្តាលមកពីការស៊ាំនឹងថ្នាំអង់ទីប្យូទិចដែល​ត្រូវបានគេចាត់ទុកថាជាប្រភេទថ្នាំខ្លាំងប្រឆាំងនឹងការឆ្លងមេរោគធ្ងន់ធ្ងរ។ ថ្នាំទាំងនោះរួមមាន Beta-lactams និង Fluoroquinolones ដែលជាទូទៅត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ព្យាបាល​ការឆ្លងមេរោគត្រង់សរីរាង្គជាច្រើនដូចជា ផ្លូវទឹកនោម ផ្លូវដង្ហើមផ្នែកខាងលើ និងខាងក្រោម ឆ្អឹង និងសន្លាក់។
 
ភាពស៊ាំ នឹងឱសថប្រឆាំងមេរោគអាចធ្វើឱ្យការជំងឺមិនអាចព្យាបាលបាន។ តាមការប៉ាន់ប្រមាណ​ ភាពស៊ាំនឹងឱសថអាចបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១០លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៥០ ទៅ។ វាអាចនឹងបង្កការស្លាប់ច្រើនជាងជំងឺមហារីក ដែលជាមូលហេតុនាំនៃការស្លាប់ច្រើនជាងគេ​ទូទាំងពិភពលោក។ 
 
គួរបញ្ជាក់ថា ការស៊ាំនឹងឱសថប្រឆាំងមេរោគអាចបង្កឡើងតាមវិធីច្រើនយ៉ាង តែភាគច្រើនវាបង្កឡើង​ដោយមនុស្សប្រើថ្នាំមិនទាន់គ្រប់ចំនួន។ នេះមានន័យថា មនុស្សភាគច្រើន ចាប់ផ្ដើមឈប់ប្រើថ្នាំ​នៅពេលអាការៈជំងឺប្រសើរឡើងបានបន្តិច ខណៈមេរោគ ឬបាក់តេរីបង្កជំងឺមិនទាន់ងាប់អស់​នៅឡើយ។ ដូច្នេះ មេរោគនឹងមានឱកាសលូតលាស់បំបែកខ្លួនបន្តវាយប្រហារសុខភាពជាថ្មី ហើយ​នៅពេលនោះហើយដែលភាពស៊ាំនឹងឱសថកើតឡើង ធ្វើឱ្យឱសថអស់ប្រសិទ្ធភាពលែងមាន​សមត្ថភាពសម្លាប់មេរោគ តទៅទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com