ជាតិ
ប្រាសាទបន្ទាយស្រី ជាប្រាសាទប្រើប្រាស់ថ្មភក់ពណ៌ផ្កាឈូកដ៏ពិចិត្រ
30, Jan 2022 , 5:00 pm        
រូបភាព
ដោយ៖ ឡុង តូន

សៀមរាប៖ ចម្ងាយប្រមាណ ២គីឡូម៉ែត្រពីសាលាស្រុកបន្ទាយស្រី ទេសចរ អាចមកទស្សនាប្រាសាទបន្ទាយស្រី ដែលជាបុរាណស្ថានដ៏ល្បីល្បាញមួយ ដែលកសាងរវាងគ្រិស្តសករាជ៩៦៧ ក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវម៌្មទេវ-ទី២ (រាជេន្រ្ទវរ្ម័ន) និងព្រះបាទជយវម្ម៌ទេវ-ទី៥ (ជយវរ្ម័ន) ដោយព្រះរាជគ្រូនាម យជ្ញវរាហ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរនិងព្រះនរាយណ៍។

 
ទេសចរខ្មែរ និងបរទេស ភាគច្រើនតែងនឹកដល់វិចិត្រកម្មដ៏កំពូលនៃប្រវត្តិសិល្បៈ ពេលមកទស្សនាប្រាសាទបន្ទាយស្រី។ លើសពីនេះ ការប្រើប្រាស់ថ្មភក់ពណ៌ «ផ្កាឈូក» ក៏ជាលក្ខណៈពិសេសមួយដែលប្លែកពីប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។ ដ្បិតសំណង់នេះ បានកសាងតាំងពីសតវត្សរ៍ទី១០ តែដោយសារថ្មមានគុណភាពទើបអាចរក្សាក្បាច់ចម្លាក់ដ៏វិចិត្រទាំងនោះបានយ៉ាងប្រសើរ។ ចម្លាក់នៅប្រាសាទបន្ទាយស្រីមានលក្ខណៈលម្អិត ជ្រៅ ដែលមើលទៅស្ទើរតែមិនជឿថាជាចម្លាក់លើថ្ម ព្រោះបើក្រឡេកមួយភ្លែត ទេសចរភាគច្រើនតែងគិតថាជាចម្លាក់ដែលឆ្លាក់លើដីឥដ្ឋ ឬលើឈើ។ 
 
 
សម្ភារៈសំណង់នៅទីនេះ ក្រៅពីថ្មភក់ពណ៌ផ្កាឈូកដែលប្រើជាសសរ គ្រោងទ្វារបង្អួច ជើងទៀន ផ្ដែរ ហោជាងនិងស្រទាប់ខាងក្រៅនៃតួប៉មទាំងបី ក៏មានការប្រើប្រាស់ថ្មបាយក្រៀមសម្រាប់សាងសង់កំពែង លាន ខ្លោងទ្វារ អគាររណប និងស្រទាប់ទីពីរនៃតួប៉មទាំងបីផងដែរ។ រីឯឥដ្ឋ ក៏មានប្រើសម្រាប់ប្រក់ដំបូលយ៉នៃតួប៉មកណ្ដាលនិងដំបូលនៃ «ហោត្រៃ» ទាំងពីរ ព្រមទាំងសម្រាប់សង់កំពែង និងខ្លោងទ្វារខាងលិចនៃរួតទី១។ តាមរយៈរូបភាពដែលដាក់បង្ហាញនៅក្នុងអគារតាំងពិព័រណ៍នៃប្រាសាទបន្ទាយស្រីនេះ អ្នកស្រាវជ្រាវក៏បានលើកបង្ហាញអំពីការប្រើប្រាស់ឈើនៅក្នុងគ្រឿងបង្គំដំបូលនៃអគាររណបផ្សេងៗនិងថែវដែលនៅអមខាងផ្លូវចូល។ បច្ចុប្បន្ន ថែវដែលនៅអមខាងផ្លូវចូលនេះ នៅសល់តែជញ្ជាំងនិងសសរខ្លះៗតែប៉ុណ្ណោះ។
 
សម្រាប់ការសាងសង់ប្រាសាទបន្ទាយស្រី ប្រភពថ្មពណ៌ផ្កាឈូកស្ថិតនៅក្នុងការជជែកដេញដោលគ្នារបស់អ្នកស្រាវជ្រាវនៅឡើយ ព្រោះបើយោងលើការប្រទះឃើញនៅតាមខ្ពង់រាបនៃជួរភ្នំគូលែន កន្លែងខ្លះស្រទាប់ពណ៌ផ្កាឈូកដែលនៅផ្នែកខាងលើមានកម្រាស់រហូតដល់២០ម៉ែត្រក៏មាន តែពុំសមាសភាពលម្អិតដូចថ្មនៅបន្ទាយស្រីឡើយ។ មតិរបស់អ្នកស្រាវជ្រាវខ្លះទៀតគិតថា ប្រហែលជាតំបន់ភ្នំដីដែលនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទនេះ ព្រោះគេបានប្រទះឃើញអន្លង់ជម្រៅប្រមាណ១០ម៉ែត្រនៅជើងភ្នំ។
 
 
ក្រៅពីភាពស្ញប់ស្ញែងលើទេពកោសល្យនៃសិល្បៈដាប់ឆ្លាក់ ការរចនាលម្អចម្លាក់នៅទីនេះ ក៏ជាការចាប់ផ្ដើមបង្ហាញសម្រង់ទេវកថាធំៗនៃព្រហ្មញ្ញសាសនានៅតាមផ្ដែរនិងហោជាងនៃតួប៉ម និងតាមខ្លោងទ្វារ។ ការតុបតែងទៀតសោត ក៏មានការបែងចែកជាពីរផ្នែកដូចការតម្កល់ទេពនៅក្នុងតួប៉មទាំងបី។ មានន័យថា នៅតួប៉មខាងត្បូងនិងកណ្ដាលសង់ឧទ្ទិសថ្វាយចំពោះព្រះឥសូរ រីឯតួប៉មខាងជើងឧទ្ទិសថ្វាយដល់ព្រះនរាយណ៍។ 
 
ហេតុដូចនេះ ចម្លាក់ដែលលម្អតាមហោជាងនិងផ្ដែរ តាំងពីអគាររណបនៅអមខាងផ្លូវចូលរហូតដល់តួប្រាសាទ គឺប៉ែកខាងត្បូងនិងកណ្ដាល ភាគច្រើន រៀបរាប់អំពីទេវកថាទាក់ទងនឹងអង្គព្រះឥសូរ ឯប៉ែកខាងជើងលើកបង្ហាញពីទេវកថាដែលទាក់ទងព្រះនរាយណ៍។ ហេតុដូចនេះ តាមលក្ខណៈបដិមាសាស្ត្រ នៅពេលចូលដល់មុខប្រាសាទ ផ្នែកខាងក្នុង គេអាចមើលឃើញចម្លាក់សំខាន់ៗដូចជា ព្រះសិវនាដរាជ (ព្រះឥសូររាំ) ឆ្លាក់លម្អហោជាងកើតនៃខ្លោងទ្វារទី១ (រាប់ពីក្នុងមកក្រៅ)។ ចំពោះ“ហោត្រៃ”ខាងត្បូង មានចម្លាក់រៀបរាប់អំពីព្រះឥសូរ ដែលបង្ក្រាបស្ដេចអសុរ លម្អនៅហោជាងខាងកើត និងការរំលាយព្រះកាមនៅហោជាងខាងលិច។ 
 
 
ចំណែកហោត្រៃខាងជើងមានចម្លាក់ទាក់ទងនឹងព្រះក្រឹស្ណា ដែលបង្ហាញអំពីការតតាំងជាមួយព្រះឥន្ទ្រ ក្នុង“ជម្លោះព្រៃខណ្ឌវៈ” លម្អនៅហោជាងខាងកើត និងការសម្លាប់ស្ដេចកាម្សៈនៅហោជាងខាងលិច។ ក្រៅពីនេះក៏មានចម្លាក់ទាក់ទងនឹងតួអង្គនៃទេពផ្សេងៗ ក៏ដូចជាសម្រង់រឿងរាមាយាណ (រាមកេរ្តិ៍) ជាដើម។
 
ការហៅឈ្មោះប្រាសាទថា «បន្ទាយស្រី» ក៏មានការបកស្រាយផ្សេងៗគ្នារបស់អ្នកស្រុក។ តែទោះជាយ៉ាងណា តាមការលើកឡើងរបស់អ្នកស្រាវជ្រាវខ្លះថា ការហៅប្រាសាទដោយមានពាក្យ «បន្ទាយ» ក៏ពុំមានអ្វីចម្លែក ព្រោះតាមមាត់អ្នកស្រុកដែលមានលំនៅក្បែរប្រាសាទ ពួកគាត់តែងចាត់ទុកសំណង់បុរាណដែលមានកំពែងថ្មដ៏រឹងមាំព័ទ្ធជុំវិញបែបនេះ ជាបន្ទាយ។ ការហៅទាំងនេះមានជាអាទិ៍ បន្ទាយធំ បន្ទាយអម្ពិល បន្ទាយក្ដី បន្ទាយសំរែ។ ប៉ុន្តែ អ្វីដែលត្រូវយកមកគិត ដោយផ្អែកលើសិលាចារឹក គឺពាក្យ «ស្រី» ព្រោះ «ស្រី» (ឝ្រី)នៅទីនេះមិនមែនមានន័យថានារីឬស្ត្រីភេទឡើយ។ «ស្រី» (ឝ្រី) ក្នុងភាសាសំស្ក្រឹត មានន័យថា សិរី មង្គល ឬតេជះ។ ដោយហេតុបែបនេះ តាមស្ថាមនាមដើមនៃប្រាសាទបន្ទាយស្រី (សិលាចារឹក K. 842) សិវលិង្គដែលជាអទិទេពចម្បង តម្កល់នៅតួប៉មកណ្ដាល មានព្រះនាមថា «ព្រះគម្ដែងអញស្រីត្រីភូវនមហេសូរ» (វ្រះកម្រតេង៑អញ៑ឝ្រីត្រិភូវនមហេឝ្វរ) ដែលមានន័យថា «ព្រះដ៏ជាធំនៃត្រៃភព» ឬ «ម្ចាស់នៃលោកទាំងបី»។ ជាទូទៅ នៅសម័យអង្គរ ឈ្មោះរបស់ប្រាសាទតែងតែយកតាមនាមនៃអទិទេពដែលសំខាន់ជាងគេនៃប្រាសាទនីមួយៗ។ ដោយហេតុបែបនេះ នាមដើមរបស់ប្រាសាទបន្ទាយស្រីអាចកំណត់បានថា «ស្រីត្រីភូវនមហេសូរ» (ឝ្រីត្រិភូវនមហេឝ្វរ)។ ដូចនេះ ការហៅថា «បន្ទាយស្រី» ប្រហែលជាទម្លាប់នៃការប្រើយ៉ាងខ្លីតាមមាត់ខ្មែរ ដោយកាត់យកត្រឹមតែពាក្យ «ស្រី» នៃឈ្មោះដើមរបស់ប្រាសាទនេះ រួមផ្សំជាមួយពាក្យ «បន្ទាយ» ពីខាងមុខ៕ 
 


















Tag:
 បន្ទាយស្រី
  ថ្មភក់
  ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com