អន្តរជាតិ
UN ជំរុញឱ្យពួកតាលីបង់បញ្ចេញព័ត៌មានពីការបាត់ខ្លួនអ្នកកាសែត២នាក់
02, Feb 2022 , 5:39 pm        
រូបភាព
កម្លាំងសន្តិសុខតាលីបង់ ឈរល្បាតតាមដងផ្លូវ។ រូបថត Xinhua
កម្លាំងសន្តិសុខតាលីបង់ ឈរល្បាតតាមដងផ្លូវ។ រូបថត Xinhua
ដោយ:
បេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំអាហ្វហ្គានីស្ថាននៅថ្ងៃទី១ ខែកុម្ភៈ​ អំពាវនាវឱ្យរដ្ឋបាលតាលីបង់បញ្ចេញព័ត៌មានលម្អិតស្តីពីការឃុំខ្លួនអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន២នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា។

 
លោក Ali Asghari អ្នកគ្រប់គ្រងប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន Ariana Newsក្នុងអាហ្វហ្គានីស្ថាន លើកឡើងថា នៅរសៀលថ្ងៃទី ៣១ ខែមករា អ្នកសារព័ត៌មានរបស់ខ្លួន២នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនបានដឹងច្បាស់ពីអត្តសញ្ញាណអ្នកចាប់ជំរិតនោះទេ។ អ្នកនាំពាក្យរដ្ឋបាលតាលីបង់លោក Bilal Karimi អះអាងថា ខ្លួនកំពុងស៊ើបអង្កេតពីការចាប់ជំរិតបុរសទាំង២នាក់នោះ តែបដិសេធថា អ្នកសារព័ត៌មានទាំងនេះមិនត្រូវបានចាប់ខ្លួនដោយរដ្ឋាភិបាលតាលីបង់ទេ។
 
«ដោយការព្រួយបារម្ភកើនឡើងទៅលើការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ និងការបញ្ចេញមតិដោយសេរី អង្គការសហប្រជាជាតិ (UN) ជំរុញឱ្យក្រុមតាលីបង់បង្ហាញជាសាធារណៈថា ហេតុអ្វីបានជាពួកគេត្រូវគោរពសិទ្ធិអាហ្វហ្គានីស្ថាន ហើយចាប់ឃុំខ្លួនអ្នករាយការណ៍ព័ត៌មានទាំងនេះ»។ បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន(UNAMA) បង្ហោះសារបែបនេះនៅលើ Twitter នៅថ្ងៃទី១ ខែកុម្ភៈ។
 
ពីទីក្រុងហ្សឺណែវនៅថ្ងៃដដែល អ្នកនាំពាក្យស្នងការសិទ្ធិមនុស្ស UN លោកស្រី Ravina Shamdasan ក៏បង្ហាញព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់ខ្លួនសកម្មជនសិទ្ធិមនុស្ស៦នាក់កាលពីខែមុនពាក់ព័ន្ធនឹងការតវ៉ាទាមទារឱ្យគោរពសិទ្ធិស្ត្រី។
 
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ»។ អ្នកនាំពាក្យសិទ្ធិមនុស្ស UN បញ្ជាក់បែបនេះ​ ដោយបន្តថា នៅមានរបាយការណ៍ផ្សេងទៀតទាក់ទិននឹងការតាមចាប់ខ្លួនសកម្មជនដទៃទៀតនៅអាហ្វហ្គានីស្ថាន។ របាយការណ៍ទាំងនេះអាចជាតម្រុយដែលនាំឱ្យមានការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ដោយ​បំពាន។​ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានច្រានចោលការវាយតម្លៃរបស់អ្នកនាំពាក្យសិទ្ធិមនុស្ស UN ដោយនិយាយថា ខ្លួនកំពុងស៊ើបអង្កេតស្ថានភាពពាក់ព័ន្ធនឹងស្ត្រីដែលត្រូវបានចាប់ជំរិតនោះ។
 
គួរបញ្ជាក់ថា ការព្រួយបារម្ភទៅលើសុវត្ថិភាពរបស់អ្នកប្រឆាំងតាលីបង់ និងស្រ្តីដែលមានមុខងារសំខាន់ៗក្នុងអាហ្វហ្គានីស្ថានបានកើនឡើង តាំងពីក្រុមឥស្លាមជ្រុលនិយមមួយចូលកាន់កាប់ប្រទេសកាលពីខែសីហា ឆ្នាំ២០២១។ សមាជិកសង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់បានភៀសខ្លួនចេញពីប្រទេស ថ្វីបើពួកតាលីបង់អះអាងថា ខ្លួនលើកលែងទោសជារួមមានសមាជិកយោធាអាហ្វហ្គានីស្ថាន ហើយសន្យាគោរពសិទ្ធិស្ត្រីស្របតាមច្បាប់ និងទំនៀមទម្លាប់ឥស្លាមក៏ដោយ៕
 

Tag:
 UN
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com