អន្តរជាតិ
វិបត្តិមីយ៉ាន់ម៉ា៖ ក្រុមប្រឹក្សាសន្តិសុខ UN ស្វាគមន៍​ការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតពិសេស
03, Feb 2022 , 2:06 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២ ខែកុម្ភៈ ចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញស្ថានភាពនៅមីយ៉ាន់ម៉ា ស្របពេលខួបមួយឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា។ តាមរយៈសេចក្តីថ្លែងការណ៍នោះ ក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញការគាំទ្រចំពោះអាស៊ាន ក្នុងការសម្របសម្រួលលើដំណោះស្រាយប្រកបដោយសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ UNSC ក៏បានបង្ហាញការស្វាគមន៍ចំពោះការតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេសផងដែរ។

 
រយៈពេលមួយឆ្នាំហើយ ដែលរបបសឹក បានឡើងកាន់អំណាច បន្ទាប់ពីរដ្ឋប្រហារដើមខែកុម្ភៈ ឆ្នាំ២០២១។ គ្មានឡើយច្រកចេញនយោបាយ ខណៈមេដឹកនាំរដ្ឋាភិបាលស៊ីវិល នៅតែបន្តរងបទចោទ និងកាត់ទោសឱ្យជាប់ពន្ធនាគារ។ ស្របគ្នានេះ ការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងយោធា នៅតែបន្តកើតមាន បើទោះមេដឹកនាំ យោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់ក៏ដោយ។ 
 
ចំខួបមួយឆ្នាំនៃរដ្ឋប្រហារ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលមានសមាជិកទាំង១៥ រដ្ឋមួយនេះ នៅថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញការគាំទ្រពេញលេញលើតួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួលសេចក្តីសម្រេចប្រកបដោយសន្តិភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ក៏បានស្វាគមន៍ការតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរ។ 
 
«ពួកគេស្វាគមន៍ការតែងតាំង លោកប្រាក់ សុខុន ជាប្រេសិតពិសេសអាស៊ាន ដោយបង្ហាញការគាំទ្រពីតួនាទី និងកិច្ចខិតខំ ក្នុងការរៀបចំកិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធ»។ ក្រុមប្រឹក្សាសន្តិសុខ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែលទើបតែបានកើតមាននៅក្នុងប្រទេស រួមទាំងការចំណាកស្រុករបស់ប្រជាជនទៅប្រទេសជិតខាង និងក្នុងព្រៃ។ សេចក្តីថ្លែងការណ៍នោះ ក៏បានជំរុញឱ្យមានការអនុវត្តការឯកភាព ៥ចំណុចផង។ 
 
សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឱ្យមានការដោះលែង អ្នកដែលជាប់ឃុំដោយបង្ខំ ដូចជាលោកស្រី អ៊ុងសាន ស៊ូជី, ប្រធានាធិបតីលោក Win Myint និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលផ្សេងទៀត។ ក្រុមប្រឹក្សាមួយនេះ បានលើកឡើងពីការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ស្របពេលប្រជាជនក្នុងប្រទេសមួយនេះ កំពុងប្រឈមជំងឺកូវីដ-១៩ ការចំណាកស្រុក និងបញ្ហាផ្សេងទៀត។ 
 
លើសពីនេះ សេចក្តីថ្លែងការណ៍ បាបបញ្ជាក់ពីការថ្កោលទោសរបស់ UNSC ទៅលើយោធាមីយ៉ាន់ម៉ាពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ រួមមានគ្រឹះស្ថានសិក្សា និងសុខាភិបាល។ តាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យមានបាតុកម្ម និងការតវ៉ា បានបណ្តាលឱ្យជនស៊ីវិលប្រហែល ១៥០០នាក់បាត់បង់ជីវិត នៅក្នុងការបង្ក្រាប និង ១១៨០០នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់៕ 
 

Tag:
 UNSC
  មីយ៉ាន់ម៉ា
 ​ របបសឹក
  អាសាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com