អន្តរជាតិ
លោក បៃឌិន បញ្ជាឱ្យទ័ពជាង៣ពាន់នាក់ទៅអឺរ៉ុបខាងកើត
03, Feb 2022 , 3:23 pm        
រូបភាព
អាម៉េរិកនឹងបញ្ជូនទ័ពបន្ថែមទៀតជាង៣ពាន់នាក់ទៅប៉ូឡូញ និងរូម៉ានីដើម្បីការពារតំបន់អឺរ៉ុប​ខាង​កើត ស្របពេលភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែនមិនទាន់ថមថយ ហើយរុស្ស៊ីនៅតែប្រមូល​ផ្ដុំទ័ព​របស់​ខ្លួន​ជាច្រើននៅព្រំដែនជាប់អឺរ៉ុបខាងកើតដដែល។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាត់ទុកការពង្រាយទ័ពនេះជាសញ្ញាមួយទៅកាន់រុស្ស៊ី។

 
ទោះដាក់ទ័ពរាប់ម៉ឺននាក់នៅព្រំដែនជាប់ប្លុកអឺរ៉ុបក្ដី រុស្ស៊ីបានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនគ្មានគម្រោងវាយលុកលុយអ៊ុយក្រែនឡើយ តែក៏មិនបង្ហាញជំហរដកថយដែរ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បញ្ជាក់ពីជំហររបស់រុស្ស៊ីច្បាស់ៗថា នឹងចាត់វិធានការជាក់លាក់ ប្រសិនបើតម្រូវការផ្នែក​សន្តិសុខរុស្ស៊ីមិនត្រូវបានបំពេញ ហើយសម្ព័ន្ធយោធាណាតូ នៅតែបញ្ចូលអ៊ុយក្រែន​ជា​សមាជិក​នោះ។
 
ស្របគ្នានឹងភាពតានតឹងនេះ អាម៉េរិក បន្តបញ្ជូនទ័ពរបស់ខ្លួនទៅប្រទេសនៅអឺរ៉ុបខាងកើតដើម្បីពង្រឹងការការពារ។ យោងតាមមន្ទីរបញ្ចកោណ កងទ័ពជាង១ពាន់នាក់ដែលមានមូលដ្ឋាននៅទីក្រុង Vilseck អាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅរូម៉ានី ខណៈកងទ័ពជាង១,៧០០ នាក់ទៀតនឹងចាកចេញពីបន្ទាយ Fort Bragg ក្នុងរដ្ឋ North Carolina ឆ្ពោះទៅប៉ូឡូញ។ កងទ័ព៣០០នាក់ផ្សេងទៀតរបស់បន្ទាយ Fort Bragg នឹង​បញ្ជូនទៅអាល្លឺម៉ង់។
 
ជុំវិញការបញ្ជូនទ័ពខាងលើ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសង្កត់ធ្ងន់ថា ដរាបណាលោក ពូទីន បន្តធ្វើសកម្មភាពយ៉ាងកាចសាហាវ អាម៉េរិកនឹងធ្វើសកម្មភាពធានាដល់សម្ព័ន្ធមិត្តណាតូ និងបណ្ដា​ប្រទេសអឺរ៉ុបខាងកើត។ 
 
ទាក់ទងរឿងនេះ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ John Kirby បានបញ្ជាក់ថា ការបញ្ជូនទ័ពនេះ ជាការផ្ញើសារដ៏រឹងមាំទៅកាន់លោក ពូទីន ក៏ដូចជាពិភពលោកថា សម្ព័ន្ធណាតូមានសារសំខាន់ចំពោះអាម៉េរិក ហើយក៏មានសារសំខាន់ចំពោះសម្ព័ន្ធមិត្តរបស់អាម៉េរិកដែរ។​ លោក Kirby បន្តថា អាម៉េរិក​ត្រៀម​ខ្លួន​សម្រាប់ការការពារសម្ព័ន្ធមិត្តណាតូប្រសិនបើការវាយលុកអាចនឹងកើតមាន តែក៏សង្ឃឹមថា ភាពតាន​តឹងនេះ នឹងមិនក្លាយជាសង្គ្រាមនោះឡើយ។
 
ការពង្រាយទ័ពនេះ ត្រូវបានប្រទេសអឺរ៉ុបសាទរ ពិសេសប្រទេសដែលត្រូវទទួលទ័ពអាម៉េរិក។ រដ្ឋមន្ត្រី​ការពារជាតិប៉ូឡូញ  Mariusz Blaszczak លើកឡើងថា ការដាក់​ពង្រាយ​ទ័ព​របស់​អាម៉េរិក ជា​សញ្ញា​ដ៏រឹងមាំនៃសាមគ្គីភាពនៃសម្ព័ន្ធណាតូ។ ចំណែកអគ្គលេខាធិការសម្ព័ន្ធណាតូ Jens Stoltenberg ក៏ស្វាគមន៍ការដាក់ពង្រាយនេះ ហើយចាត់ទុកការឆ្លើយតបរបស់អាម៉េរិកទប់ទល់នឹងរុស្ស៊ី គឺជា​ការ​ការពារខ្លួន និងសមហេតុផល៕
 
 
 
 
 
 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com