អន្តរជាតិ
UN ស្វែងរកជំនួយ១៦៩លានដុល្លារជួយជនរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងនៅហ្វីលីពីន
03, Feb 2022 , 8:29 pm        
រូបភាព
គំនរផ្ទះដែលបំផ្លាញដោយព្យុះរ៉ៃនៅហ្វីលីពីន។ រូបថត Xinhua
គំនរផ្ទះដែលបំផ្លាញដោយព្យុះរ៉ៃនៅហ្វីលីពីន។ រូបថត Xinhua
អង្គការសហប្រជាជាតិ(UN) បង្កើនចំនួនទឹកប្រាក់ដែលត្រូវរៃអង្គាសសម្រាប់ជួយជនរងគ្រោះដោយព្យុះទីហ្វុងរ៉ៃ Rai ដល់១៦៩លានដុល្លារ នេះបើតាមការបញ្ជាក់ពីអ្នកសម្របសម្រួលជម្រកដល់ជនរងគ្រោះរបស់ UN ខណៈហ្វីលីពីនកំពុងងើបចេញពីវិបត្តិមនុស្សធម៌។


បើតាមទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីន មនុស្សជាង ៤០០ នាក់ត្រូវបានស្លាប់ និងរាប់សែននាក់ទៀតបានបាត់បង់ផ្ទះសម្បែងដោយសារព្យុះទីហ្វុងរ៉ៃ។ នៅពេលដំបូង UN ប្រកាសស្វែងរកជំនួយចំនួន១០៧,២លានដុល្លារប៉ុណ្ណោះសម្រាប់ជួយប្រជាជនជាង៥៣ម៉ឺននាក់នៅតំបន់កណ្តាល និងភាគខាងត្បូងប្រទេសដែលរងគ្រោះខ្លាំងជាងតំបន់ឯទៀត។
 
យ៉ាងណាមិញ អ្នកសម្របសម្រួល UN នៅហ្វីលីពីន លោក Gustavo Gonzalez បានលើកឡើងថា ក្រោយការវាយតម្លៃជាង៧០ដង តម្រូវការជំនួយមនុស្សធម៌នៅហ្វីលីពីននៅតែមានកម្រិតខ្ពស់នៅឡើយ។ លោក Gonzalez បានបន្ថែមថា កញ្ចប់ជំនួយ១៦៩លានដុល្លារនេះ នឹងអាចជួយដល់ជនងាយរងគ្រោះបំផុតចំនួន៨៤ម៉ឺននាក់ដែលខ្វះខាតទីជម្រក អាហារ និងទឹកស្អាតជាដើម។ 
 
លើសពីនេះដែរ លោក Gonzalez ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា UN ទទួលបានទឹកប្រាក់ប្រហែល៣០ភាគរយនៃទឹកប្រាក់ជំនួយ ១៦៩ លានដុល្លារនេះហើយ ខណៈជំនួយជាង ៧០ ភាគរយទៀតកំពុងរងចាំការបរិច្ចាគបន្ថែម។ ក្រុមមនុស្សធម៌ ក៏កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីចែកចាយជំនួយទាំងនេះផងដែរ។
 
«តំបន់ដែលរងផលប៉ះពាល់ បានរងការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ ដីកសិកម្ម និងវិស័យនេសាទ ដែលបណ្តាលឱ្យសេដ្ឋកិច្ចនិងជីវភាពប្រជាជនក្នុងតំបន់រងផលប៉ះពាល់យ៉ាងខ្លាំង»។ លោក Gonzalez បានលើកឡើងបែបនេះ។ 
 
ផ្ទះប្រហែល១,៧លានខ្នង ត្រូវបានបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងព្យុះទីហ្វុងនេះ ដែលបង្កការបំផ្លិចបំផ្លាញច្រើនជាងព្យុះហៃយ៉ានក្នុងឆ្នាំ២០១៣។ លើសពីនេះដែរ ទីក្រុងជាង ៨០ ក៏ត្រូវបានអាជ្ញាធរកាត់ដាច់ចរន្តអគ្គិសនីផងដែរ។ 
 
ទន្ទឹមនេះដែរ អ្នកសម្របសម្រួល UN រូបនេះ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្យុះ ត្រូវបានរារាំងដោយការកើនឡើងករណីឆ្លងវីរុសបង្កជំងឺកូវីដ-១៩ អូមីក្រុងក្នុងប្រទេស។ លោកបានពណ៌នាបញ្ហានេះថាជា វិបត្តិជាន់វិបត្តិ។ 
 
ហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីការវាយប្រហារដោយព្យុះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ហ្វីលីពីនត្រូវទទួលរងការវាយប្រហារដោយព្យុះជាមធ្យម២០ដងក្នុងមួយឆ្នាំ៕
 

Tag:
 UN
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com