អន្តរជាតិ
នូវែលសេឡង់ ពន្យារពេលបើកព្រំដែនសម្រាប់អ្នកដំណើរជុំវិញពិភពលោកដល់ខែតុលា
03, Feb 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន ។ រូបថត Xinhua
នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន ។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន  ប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈថា នូវែលសេឡង់នឹងមិនបើកព្រំដែនឡើងវិញទាំងស្រុងសម្រាប់អ្នកដំណើរបរទេសរហូតដល់ខែតុលា។ ប៉ុន្តែនូវែលសេឡង់ នឹងកាត់បន្ថយវិធានការរឹតបន្តឹងព្រំដែនដ៏តឹងរ៉ឹងជាដំណាក់កាលៗដោយអនុវត្តលើជនជាតិនូវែលសេឡង់ជាដំបូង។


នាសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ប្រមុខដឹកនាំនូវែលសេឡង់ ចាស៊ីនដា អាឌើន  បានប្រកាសពីផែនការ៥ជំហានដើម្បីបើកព្រំដែនប្រទេសខ្លួនទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកឡើងវិញ។ នៅដំណាក់កាលដំបូង នូវែលសេឡង់ ចាប់ផ្តើមអនុវត្តលើកលែងវិធានការចត្តាឡីស័កលើជនជាតិនូវែលសេឡង់ដែលជាប់គាំងនៅបរទេសសិន បន្ទាប់មកដល់វេនជនបរទេស។
 
លោកស្រី អាឌើន  បញ្ជាក់ទៀតថា រាល់ប្រជាជននូវែលសេឡង់ដែលរស់នៅអូស្ត្រាលី អាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេដោយការដាក់ចត្តាឡីស័កនៅតាមផ្ទះចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ខណៈជនជាតិនូវែលសេឡង់ដែលនៅបណ្តាប្រទេសផ្សេងទៀតនឹងត្រូវអនុវត្តចាប់ពី២សប្តាហ៍បន្ទាប់។ 
 
ចំណែក អ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំងពេញលេញ និងកម្មករជំនាញមួយចំនួនអាចចូលនូវែលសេឡង់នៅដើមខែមីនា ហើយនិស្សិតអន្តរជាតិប្រមាណ៥ពាន់នាក់ នឹងត្រូវអនុញ្ញាតឱ្យចូលចាប់ពីថ្ងៃទី១២ ខែមេសា។ អ្នកទេសចរដែលទៅពីអូស្ត្រាលី និងប្រទេសមិនត្រូវការទិដ្ឋាការ ត្រូវអនុញ្ញាតត្រឹមខែកក្កដា ហើយអ្នកដំណើរបរទេសមកពីជុំវិញពិភពលោក នឹងត្រូវរង់ចាំដល់ខែតុលាឯណោះ។ លោកស្រី អាឌើន សង្កត់ធ្ងន់ថា រាល់អ្នកដំណើរពីបរទេសទាំងអស់ ត្រូវធ្វើចត្តាឡីស័កតាមផ្ទះរយៈពេល១០ថ្ងៃ។
 
បើតាមនាយករដ្ឋមន្រ្តីរូបនេះ ស្ទើរតែពីរឆ្នាំហើយដែលប្រទេសស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះ ត្រូវបានបិទដើម្បីទប់ស្កាត់ករណីកើនឡើងនៃជំងឺកូវីដ-១៩។ ដូច្នេះ វាដល់ពេលហើយដែលប្រទេសនេះ ត្រូវផ្លាស់ប្តូរវិធានការ។
 
គិតត្រឹមថ្ងៃទី៣ខែកុម្ភៈ នូវែលសេឡង់ដែលមានប្រជាជនរស់នៅ៥លាននាក់ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩សរុបជាង១៧ពាន់នាក់ និងស្លាប់ចំនួន៥៣នាក់។ឯអត្រានៃអ្នកចាក់វ៉ាក់សាំងពេញលេញមានចំនួន៩៥ភាគរយ៕
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com