ជាតិ
ក្រសួងធនធានទឹក ឱ្យពលរដ្ឋសំច័យ «ទឹក» សម្រាប់ប្រើប្រាស់នារដូវប្រាំង និងដើមរដូវវស្សា
05, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យពលរដ្ឋសំច័យទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង និងដើមរដូវវស្សា។ ចំនួនភ្លៀងធ្លាក់ អាចនឹងមានច្រើន ប៉ុន្តែទឹកភ្លៀង អាចនឹងមានចំនួនតិចជាងឆ្នាំ២០២១។

 
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងកាលពីថ្ងៃទី២ ខែកុម្ផៈ ថា ចាប់ពីខែកុម្ភៈ ដល់ ខែឧសភា ឆ្នាំ២០២២ កម្ពុជា នឹងរងឥទ្ធិពលបាតុភូតឡានីណា La Nina ប្រមាណ៨៥ភាគរយ។ បន្ទាប់ពីនោះឥទ្ធិពលនេះ នឹងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតក្ដៅប្រមាណ១ ០ភាគរយ  និងឡានីណា La Nina ជាបាតុភូតត្រជាក់ ប្រមាន៧០ភាគរយ។
 
បើតាមការព្យាករ សម្រាប់រដូវប្រាំង នៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា អាចស្ថិតនៅចន្លោះ ២១-២៤អង្សា។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បរមា អាចស្ថិតនៅចន្លោះ ១៨-២១ អង្សា។ ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាអាចនៅចន្លោះ ២០-២៣អង្សា។
 
ទន្ទឹមនេះ  ចាប់ពីខែមេសា ដល់ខែឧសភា អាកាសធាតុ នឹងកើនកម្ដៅជាបន្ដបន្ទាប់។ ចំពោះបណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងចន្លោះ៣៥-៣៨អង្សា។ ជាមួយគ្នានេះ នៅតំបន់ខ្ពងរាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងចន្លោះ ៣៤ ដល់៣៧អង្សា។


រូបភាពដោយ ក្រសួងធនធានទឹក  និងឧតុនិយម
 
ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមា អាចនឹងកើនឡើងចន្លោះពី៣២-៣៥ អង្សា។  នៅខែមេសា និងខែឧសភា  សម្រាប់កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ពី ៣៧-៣៩អង្សា។
 
តាមការព្យាករខាងលើ បរិមាណទឹកភ្លៀងនៅក្នុងឆ្នាំ២០២២ អាចនឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២១។ ចាប់ពីខែកុម្ភៈ រហូរដល់ដើមខែឧសភា នឹងអាចមានភ្លៀងកក់ខែពីមធ្យមទៅច្រើន។ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ  និងខ្យល់កន្ទ្រាក់ច្រើន។
 
បើទោះបីជានៅរដូវប្រាំង និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាទឹកភ្លៀងដែលធ្លាក់មក មិនទាន់ល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរឱ្យពលរដ្ឋសូមបន្ដរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំច័យ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕


រូបភាពដោយ ក្រសួងធនធានទឹក  និងឧតុនិយម


Tag:
 ក្រសួងធនធានទឹក
  អាកាសធាតុ
  ព្យាករអាកាសធាតុលើកទី១
© រក្សាសិទ្ធិដោយ thmeythmey.com