អន្តរជាតិ
ការសិក្សា៖ ពាក់កណ្ដាលប្រជាជនពិភពលោកនឹងមានបញ្ហាមីញ៉ូប គិតត្រឹមឆ្នាំ ២០៥០
06, Feb 2022 , 2:29 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការសិក្សាថ្មីមួយ បានរកឃើញថា អត្រាអ្នកខ្សោយគំហើញ (មីញ៉ូប) មានចំនួនកើនឡើងយ៉ាងខ្លាំងនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។ អ្នកដែលមានហានិភ័យវិវដ្តទៅរកការខ្សោយគំហើញខ្ពស់ ភាគច្រើន គឺជាអ្នកដែលបានរៀនសូត្រច្រើនដល់សាកលវិទ្យាល័យ។ ពួកគេប្រឈមនឹងការវិវដ្តច្រើនជាងមនុស្សដទៃ ៨ដង។ ដើម្បីជំនួយ និងទប់ស្កាត់ការវិវដ្តនៃការខ្សោយគំហើញ អ្នកគួរពាក់វ៉ែនតា ឬប្រើកែវភ្នែកសិប្បនិម្មិត (Contact lenses)។

 
តាមការសិក្សាចុះផ្សាយលើទំព័រ The Conversation អត្រានៃអ្នកខ្សោយគំហើញ (មីញ៉ូប) កំពុងកើនឡើង ហើយប្រជាជនប្រមាណពាក់កណ្តាលនៃពិភពលោកនឹងមានគំហើញខ្សោយគិតត្រឹមឆ្នាំ២០៥០។ នៅអង់គ្លេស និងអឺរ៉ុប អត្រានៃអ្នកខ្សោយគំហើញបានកើនឡើងទ្វេដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។
 
ការអះអាងនេះបាន ផ្អែកលើការសិក្សាដែលមានអ្នកចូលរួមជាង ១០ម៉ឺននាក់។ អ្នកដែលមានហានិភ័យប្រឈម នឹងការខ្សោយគំហើញខ្លាំង គឺបុគ្គលទទួលការសិក្សា ក្នុងរយៈពេលយូរឆ្នាំ។ អ្នកដែលបានឆ្លងកាត់ការអប់រំនៅសាកលវិទ្យាល័យ ប្រឈមនឹងការវិវដ្តទៅរកភ្នែកមីញ៉ូបខ្ពស់ជាងអ្នក ដែលមិនបានរៀនច្រើន។ លើសពីនេះ អ្នកស្រាវជ្រាវ បានរកឃើញថា ប្រជាជនចិនមានហានិភ័យខ្ពស់ក្នុងការវិវដ្តទៅមានគំហើញខ្សោយ តាំងពីវ័យកុមារភាព ដល់ទៅ ២៤០ភាគរយបើប្រៀបធៀបទៅនឹងប្រជាជនស្បែកស។
 
អ្នកមានភ្នែកមីញ៉ូប ភាគច្រើនគឺជាប្រជាជនអាស៊ី។ កូរ៉េខាងត្បូង ក៏មិនខុសពីចិនប៉ុន្មានដែរ ក្មេងប្រុសរស់នៅទីក្រុងសេអ៊ូលស្ទើរតែ ៩៧ភាគរយ មានអាយុ ១៩ សុទ្ធតែមានគំហើញខ្សោយ។ វាអាចបណ្តាលមកពីកត្តាជាច្រើន ដូចជារបៀបរស់នៅកាលពីកុមារ និងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាជាដើម។ 
 
អ្នកដែលរៀនសូត្រច្រើន ត្រូវចំណាយពេលអានសៀវភៅ និងប្រឈមការប្រើសម្ភារអេឡិចត្រូនិច ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃច្រើន។ ជាក់ស្តែង ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាល ការសិក្សាបានប្តូរទៅរៀនតាមប្រព័ន្ធអនឡាញពីផ្ទះតាមរយៈកុំព្យូទ័រ និងទូរស័ព្ទជាដើម ដូច្នេះចំនួនអ្នកមានគំហើញខ្សោយបានកើនឡើងគួរឱ្យកត់សម្គាល់។ 
 
គួរបញ្ជាក់ថា ការមានគំហើញខ្សោយ បានប៉ះពាល់ការរស់នៅរបស់មនុស្សយ៉ាងខ្លាំង។ អ្នកមានភ្នែកមីញ៉ូបត្រូវចំណាយលុយលើការទិញវ៉ែនតា ឬកែវភ្នែកសិប្បនិម្មិត(Contact lenses) ដើម្បីជំនួយគំហើញ និងទប់ស្កាត់ការវិវដ្តទៅមុខនៃជំងឺ ហើយត្រូវទៅជួបអ្នកជំនាញត្រួតពិនិត្យសុខភាពភ្នែកជាប្រចាំ។ ហេតុនេះ ដើម្បីការពារពីការមានគំហើញខ្សោយ ការសិក្សាបានណែនាំឱ្យមនុស្សចំណាយពេលលំហែរនៅខាងក្រៅផ្ទះ ក្រោយប្រើភ្នែកធ្វើការយូរម៉ោង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com