COVID-19
អន្តរជាតិ
នូវែលសេឡង់៖ ក្រុមបាតុករប្រឆាំងវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកាសបន្តការតវ៉ានៅក្រៅសភា
09, Feb 2022 , 6:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រុមបាតុកររាប់រយនាក់ បន្តប្រមូលផ្តុំគ្នា​​នៅខាងក្រៅសភា ក្នុងក្រុងវែលីងតោន​របស់នូវែលសេឡង់ នៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការរឹតត្បិតក្នុងប្រទេស។ ក្នុងការតវ៉ានេះ​ ក្រុមបាតុករមួយចំនួន បានបោះតង់ស្នាក់នៅក្នុងបរិវេណសភាតែម្តង ដោយប្តេជ្ញានឹងស្នាក់នៅតាមតែអាចធ្វើទៅបាន។



បាតុកម្មនៅនូវែលសេឡង់ បានចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ ហើយត្រូវស្គាល់ថាជាក្បួនបាតុកម្មសេរីភាព ដែលយកត្រាប់តាមបាតុកម្មនៅកាណាដា ដែលក្រុមអ្នកបើករថយន្តដឹកទំនិញជំទាស់កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បាតុកម្មនេះ បានប្រែក្លាយជាភាពតានតឹង ខណៈពេលប៉ូលិសប្រមាណ ១០០ នាក់ ត្រូវបានដាក់ពង្រាយនៅរដ្ឋសភា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

យ៉ាងណាមិញ​ យានជំនិះជាច្រើនគ្រឿងដែលក្រុមបាតុករ បានយកមកចតនៅកណ្តាលផ្លូវក្នុងទីក្រុងវែលីតោន និងបង្កជាការកកស្ទះខ្លាំងកាលពីថ្ងៃទី៨ ខែកុម្ភៈ បានចាកចេញអស់ហើយ នៅថ្ងៃទី៩ ខែកុម្ភៈនេះ។ ប៉ុន្តែក្រុមបាតុករដែលរឹងទទឹងខ្លាំងរាប់រយនាក់ផ្សេងទៀត​ បានបោះតង់​ក្នុងបរិវេណសភាតែម្តង ដោយបដិសេធមិនព្រមចាកចេញ។ក្នុងបាតុកម្មនេះ​ មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបានរំលោភបំពានបន្ទាត់ព្រំដែនរបស់ប៉ូលិស។

ប៉ុន្តែមន្រ្តីក្នុងតំបន់ បានអះអាងថា ​ហេតុការណ៍បាតុកម្មនេះ នៅតែរក្សាបានសន្តិភាព ដោយគ្មានការប្រើអំពើហិង្សា។ «ប៉ូលិស នឹងបន្តគ្រប់គ្រងសកម្មភាពរបស់ក្រុមបាតុករ ដោយទទួលស្គាល់ថា ប្រជាជនមានសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី»។ ប៉ូលិសនូវែលសេឡង់បានបញ្ជាក់បែបនេះ។

កាលពីខែតុលា ឆ្នាំ២០២១​ នូវែលសេឡង់ បានដាក់បញ្ជាឱ្យបុគ្គលធ្វើការ ក្នុងវិស័យនានាដូចជា ផ្នែកសុខាភិបាល ច្បាប់ អប់រំ និងការពារជាតិជាដើម ត្រូវតែ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើមិនចង់ត្រូវបញ្ឈប់ពីការងារ។ លើសពីនេះ ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំង ក៏ត្រូវបង្ហាញ ដើម្បីចូលក្នុងភោជនីយដ្ឋាន ​ព្រឹត្តិការណ៍កីឡា និងសកម្មភាពសាសនាដែរ។

គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ នូវែលសេឡង់ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៨៥០៣ ​ករណី និងស្លាប់៥៣នាក់។ ចំណែកអត្រានៃអ្នកចាក់វ៉ាក់សាំងបង្ការពេញលេញសរុបមានចំនួន៩៣ភាគរយ៕

Tag:
 ក់សាំង
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com