ជាតិ
ប្រជាជនភូមិបង្កោងក្នុងតំបន់អង្គរ បន្តប្រពៃណីចាប់ត្រីរួមគ្នាសម្រាប់យកធ្វើបុណ្យភូមិ
22, Feb 2022 , 4:00 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
ដោយ:
រៀងរាល់ខែមាឃ ឬខែកុម្ភៈក្នុងឆ្នាំនីមួយៗ ប្រជាជននៅតំបន់អង្គរ ក្នុងភូមិបង្កោងនាំគ្នាចាប់ត្រី ដើម្បីជាការជួបជុំគ្នា និងយកត្រីទាំងនោះសម្រាប់ធ្វើម្ហូបបុណ្យភូមិ ក្រោយរដូវច្រូតកាត់រួច។

 
ប្រជាជនស្ទើរតែមួយភូមិ នាំគ្នាយកសម្ភារៈដូចជា សំណាញ់ ឈ្នាង អង្រុត ពីផ្ទះរៀងៗខ្លួនដើម្បីទៅចាប់ត្រីជុំគ្នា នៅបឹងបុរាណមួយខាងជើងភូមិ ដែលមានទំហំជាង១ហិកតា។ ប្រជាជនក្នុងភូមិបង្កោង  ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែធ្វើបែបនេះរៀងរាល់ឆ្នាំ ដោយកំណត់ពេលវាលាក្នុងខែមាឃ។ នាពេលទឹកស្រក ប្រជាជន នឹងធ្វើពិធីចាប់ត្រីនៅដើមខែ តែបើសិនទឹកមិនទាន់ស្រកប្រជាជននឹងចាប់ត្រីនៅចុងខែ។ ពួកគេកម្រធ្វើពិធីនេះហួសខែមាឃណាស់។


 លោក ពេជ្រ ឃិន ប្រធានភូមិ បង្កោង ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា​

លោក ពេជ្រ ឃិន មេភូមិបង្កោង បានប្រាប់សារព័ត៌មានThmeyThmey25 ថាទម្លាប់នៃការធ្វើបុណ្យភូមិ ឬបុណ្យឡើងអ្នកតា គឺមានយូរណាស់មកហើយ ។ តែពិធីចាប់ត្រីជុំគ្នារបស់អ្នកភូមិទើបតែមានជាង១០ឆ្នាំនេះប៉ុណ្ណោះ។ « ឆ្នាំនេះត្រីសម្បូរតែទឹកមិនទាន់ស្រកខ្លាំង។ អ៊ីចឹងអ្នកភូមិ ចាប់ត្រីមិនបានច្រើនទេ។ តែពួកគាត់មិនខ្វល់ថាបានមិនបានទេ។ គាត់មកនេះដើម្បីជួបជុំគ្នាសប្បាយ។ អ្នកខ្លះគាត់សុខចិត្តមកពីណាណីឱ្យទាន់ពេលចាប់ត្រីជុំគ្នា »។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ពេជ្រ ឃិន។
 

រូបភាពពីអាជ្ញាធរជាតិអប្សរា

សម្រាប់ពិធីចាប់ត្រីជុំគ្នានៅថ្ងៃដែលគណៈកម្មាការភូមិ បង្កោងបានកំណត់ គឺអនុញ្ញាតឱ្យតែអ្នកភូមិបង្កោងប៉ុណ្ណោះចូលចាំត្រី ដោយកាលពីឆ្នាំកន្លងៗទៅប្រជាជនអាចចាប់ត្រីរួមគ្នាបានប្រមាណ ១០០គីឡូក្រាម។ ចំណែកអ្នកនៅភូមិផ្សេងអាចមកចាប់ត្រីនៅបឹងបុរាណនេះនៅថ្ងៃបន្តបន្ទាប់ទៀត។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា៕
 
 

Tag:
 ភូមិបង្កោង
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com