ជាតិ
“យុវជនដើម្បីវប្បធម៌ជាតិ” ជាប្រធានបទនៃទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២២
23, Feb 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស ចូលរួមកាន់តែសកម្មឡើងថែមទៀត ក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិ។


ក្នុងសារាចរ ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នឹងលើកកម្ពស់មនសិការ និងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច នៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស។
 
លើកទឹកចិត្តឱ្យមានការចូលរួម ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
 
បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ ក្នុងកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ 
 
ជំរុញប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាន នៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដើម្បីឱ្យការប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ អាចប្រព្រឹត្តទៅដោយរលូន តាមគន្លងប្រក្រតីភាពថ្មី។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធពិធី ”ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ 
 
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
 
ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
 
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ងត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយ ទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម៕
 

Tag:
 វប្បធម៌
  សិល្បៈ
  ក្រសួងវប្បធម៌
  ទិវាវប្បធម៌ជាតិ៣មីនា
© រក្សាសិទ្ធិដោយ thmeythmey.com