ជាតិ
កញ្ញា គិត វួចគី៖«ស្រ្តីដែលសិក្សាជំនាញទូរគមនាគមន៍ និងបណ្តាញ ត្រូវបានលើកកម្ពស់ក្នុងវិស័យការងារ»
09, Mar 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ ទូរគមនាគមន៍ និងបណ្តាញ គឺជាជំនាញមួយក្នុងចំណោមជំនាញជាច្រើននៃវិស័យព័ត៌មានវិទ្យា ដែលពលរដ្ឋខ្មែរនិយមហៅកាត់ថា អាយធី (IT)។ ជំនាញនេះ ហាក់មិនសម្បូរនិស្សិតខ្មែរសិក្សាឡើយ ជាពិសេសនិស្សិតស្រី។​ កញ្ញា គិត វួចគី ដែលកំពុងធ្វើការងារលើជំនាញនេះ បានលើកឡើងថា មិនមាននិស្សិតស្រីច្រើនឡើយសិក្សាជំនាញនេះ ប៉ុន្តែនៅក្នុងវិស័យការងារ នារីត្រូវបានផ្តល់លក្ខខណ្ឌពិសេស និងមានអាទិភាពច្រើន។



ព័ត៌មានវិទ្យា គឺជាវិស័យបច្ចេកវិទ្យាមួយ ដែលពាក់ព័ន្ធនឹងបណ្តាញកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ សេដ្ឋកិច្ចអេឡិចត្រូនិក បង្កើតគេហទំព័រ និងការគ្រប់គ្រងសុវត្ថិភាពព័ត៌មានជាដើម។ ជំនាញទូរគមនាគមន៍ និងបណ្តាយ ស្ថិតក្នុងចំណោមជំនាញជាច្រើននៃវិស័យព័ត៌មានវិទ្យា ដែលទាក់ទងនឹងបណ្តាញអ៊ីនធឺណិត ក៏ដូចជាការតភ្ជាប់ប្រព័ន្ធទូរសព្ទ។
 
ការសិក្សាជំនាញទូរគមនាគមន៍ និងបណ្តាញ ត្រូវបានគេវាយតម្លៃថា ជាជំនាញដែលមិនសូវមាននិស្សិតចាប់អារម្មណ៍សិក្សាឡើយ ជាពិសេសនិស្សិតស្រី។ ពលរដ្ឋខ្មែរមួយចំនួនមានផ្នត់គំនិតថា ការសិក្សាជំនាញនេះ គឺសមស្របសម្រាប់បុរសច្រើនជាងនារី ហើយឱកាសការងារក៏មិនទូលាយសម្រាប់ស្ត្រី។ កញ្ញា គិត វួចគី អតីតនិស្សិតសិក្សាជំនាញទូរគមនាគមន៍ និងបណ្តាញ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងថា៖«ខ្ញុំជាសិស្សជំនាន់ទី៣ ហើយអ្នករៀនជំនាញនេះមានប្រហែល២០នាក់ ចំណែកសិស្សស្រីមានប្រមាណ១០នាក់។ ប៉ុន្តែសិស្សស្រីខ្លះបោះបង់ ដូច្នេះអ្នករៀនដល់ចប់មានតែ ៥នាក់ទេ»។
 
បច្ចុប្បន្នកញ្ញា គិត វួចគី ជាវិស្វករបណ្តាញអ៊ីនធឺណិត ( IP Network Engineer) នៅក្រុមហ៊ុន Huawei Cambodia។ កញ្ញា បានប្រាប់សារព័ត៌មានថ្មីៗ២៥ឱ្យដឹងថា ដ្បិតមិនសូវមាននិស្សិតស្រីរៀន តែស្រ្តីដែលធ្វើការលើជំនាញនេះ ត្រូវបានគេផ្តល់អាទិភាព រួមជាមួយលក្ខខណ្ឌការងារពិសេសមួយចំនួនផងដែរ។ ទោះស្រ្តីទទួលបានការលើកកម្ពស់ជាងបុរសក្តី តែសមត្ថភាពបំពេញការងាររវាងស្រ្តី និងបុរស គឺស្មើគ្នា។
  

កញ្ញា គិត វួចគី វិស្វករបណ្តាញអ៊ីនធឺណិត

កញ្ញា វួចគី បានលើកឡើងដូច្នេះ៖«បច្ចុប្បន្ន គេលើកកម្ពស់ច្រើនសម្រាប់ស្រីៗ ដែលរៀនជំនាញនេះ ហើយឱកាសការងារក៏គេមិនគិតច្រើនឡើយរវាងប្រុស និងស្រី សំខាន់ឱ្យតែមានសមត្ថភាព។ ការងារមួយចំនួនត្រូវចុះទៅតាមទីតាំងអង់តែន ចុះតាមខេត្តអ៊ីចឹងទៅ គឺគេផ្តល់ឱ្យបុរសច្រើនជាង។ ប៉ុន្តែ ការងារស្ទើរតែ៩០ភាគរយ គឺផ្តោតលើសមត្ថភាព មិនគិតថាប្រុស ឬស្រីឡើយ»។
 
លទ្ធភាពបំពេញការងាររវាងបុរស និងស្រ្តី គឺមានភាពស្មើគ្នា ប៉ុន្តែស្រ្តីបានទទួលលក្ខខណ្ឌពិសេស ដោយត្រូវបានជ្រើសរើសឱ្យធ្វើការនៅការិយាល័យ ច្រើនជាងការចុះត្រួតពិនិត្យនៅទីតាំងផ្ទាល់។ «នៅតាមក្រុមហ៊ុនអ៊ីនធឺណិត ដែលត្រូវទៅតាមផ្ទះភ្ញៀវ បើឱ្យបុគ្គលិកស្រីទៅគឺពិបាក។ ហេតុនេះ ស្រីៗភាគច្រើន គឺធ្វើការនៅការិយាល័យផ្នែកបច្ចេកវិទ្យា ផ្នែកអ៊ីនធឺណិតដូចគ្នា តែប្រុសៗគេទៅតាមផ្ទះភ្ញៀវ ហើយស្រីៗយើងប្រតិបត្តិការនៅការិយាល័យ»។ នេះជាការលើកឡើងរបស់កញ្ញា គិត វួចគី វិស្វករបណ្តាញអ៊ីនធឺណិត ( IP Network engineer)។
 
នាសម័យឌីជីថល ៤.០ ក្រុមហ៊ុនភាគច្រើនមានកន្លែងផ្ទុកទិន្នន័យ(Data center)ផ្ទាល់ខ្លួន ដើម្បីផ្ទុកទិន្នន័យផ្សេងៗ។ ការណ៍នេះនឹងធ្វើឱ្យវិស័យការងារនៃជំនាញទូរគមនាគមន៍ និងបណ្តាញ កាន់តែមានភាពទូលំទូលាយ និងសម្បូរបែបជាងមុន។ កញ្ញា គិត វួចគី បានជំរុញ និងលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលចង់រៀនជំនាញ ត្រូវតស៊ូក្នុងការរៀនសូត្រ ព្រោះវាទាមទារ​ឱ្យនិស្សិតស្រាវជ្រាវ និងស្វ័យសិក្សាច្រើន។
 
«សម្រាប់សិស្សប្អូន ដែលចង់រៀន ឱ្យតែស្រឡាញ់ មិនពិបាករៀនឡើយ ហើយបើមិនស្រឡាញ់ យើងអត់មានទឹកចិត្តតស៊ូរៀនទេ ព្រោះយើងអាចនឹងបោះបង់ត្រឹមឆ្នាំទី១ ឬទី២ ក៏ថាបាន។​ ទោះយើងស្រី យើងអាចគិតថា ពេលធ្វើការវាពិបាក តែឱកាសការងារវាច្រើន ដោយសារជំនាញនេះកំពុងមានតម្រូវការ»។ នេះជាការលើកឡើងរបស់វិស្វករបណ្តាញអ៊ីនធឺណិតខាងលើ ដោយបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍ តម្រូវការបច្ចេកវិទ្យាកាន់តែច្រើន ហើយសម័យនេះមិនមានការរើងអើងថាជាបុរស ឬស្រ្តីឡើយ គឺស្មើគ្នា៕
 
 
 
 

Tag:
 សិទ្ធិនារី
  ៨មីនា
  ជំនាញបណ្តាញទូរគមនាគមន៍
  ព័ត៌មានវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com