អន្តរជាតិ
លោកហ្សេលេនស្គី៖ អ៊ុយក្រែន នឹងឈប់ទទូចចង់ចូលជាសមាជិកណាតូ
09, Mar 2022 , 1:57 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Facebook-ប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ Facebook-ប្រធានាធិបតីអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៧ ខែមីនា បានអះអាងថា អ៊ុយក្រែន នឹងលែងទទូចចូលជាសមាជិកសម្ព័ន្ធយោធាណាតូហើយ។ ការបញ្ជាក់របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ហាក់បន្ទន់ជំហររបស់ខ្លួននៅចំពោះមុខរុស្ស៊ី ដែលកំពុងវាយប្រហារមកលើអ៊ុយក្រែន។ បើតាមលោក ហ្សេលេនស្គី អង្គការណាតូ ខ្លាចបញ្ហាចម្រូងចម្រាស និងមិនចង់ប្រឈមមុខជាមួយរុស្ស៊ី។

 
ចាប់តាំងពីឆ្នាំ២០០៨ មក អ៊ុយក្រែន បានស្នើចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ដើម្បីការពារខ្លួនពីរុស្ស៊ី។ រហូតដល់រុស្ស៊ីបញ្ជូនទ័ពចូលអ៊ុយក្រែន សម្ព័ន្ធយោធាមួយនេះ នៅតែមិនទាន់ទទួលអ៊ុយក្រែនជាសមាជិកដដែល។ ដោយរង់ចាំយូរ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា អង្គការណាតូ មិនចង់ទទួលអ៊ុយក្រែនជាសមាជិកឡើយ។ 
 
«ខ្ញុំបានត្រជាក់ចិត្តទាក់ទិននឹងសំណួរចូលជាសមាជិកណាតូ បន្ទាប់ពីយើងយល់ថា ណាតូមិនបានរៀបចំទទួលអ៊ុយក្រែនឡើយ»។ លោក  ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ABC នៅយប់ថ្ងៃទី៧ ខែមីនា។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ សម្ព័ន្ធយោធាណាតូ ខ្លាចជួបបញ្ហាចម្រូងចម្រាស និងមិនចង់ប្រឈមមុខជាមួយរុស្ស៊ី។ 
 
ជុំវិញសមាជិកភាពរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា លោក មិនចង់ធ្វើជាប្រធានាធិបតីនៃប្រទេសដោយទទូចសុំអ្វីមួយតាមការលុតជង្គង់ឡើយ។ មិនតែប៉ណ្ណោះ មេដឹកនាំរូបនេះ បានបញ្ជាក់ផងថា លោកបើកចំហក្នុងការសម្របសម្រួល ជុំវិញឋានៈរបស់ដែនដីពីរនៅភាគខាងកើតអ៊ុយក្រែន។ 
 
ការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនបែបនេះ ហាក់បន្ទន់ជំហររបស់ខ្លួនទៅតាមការទាមទាររបស់រុស្ស៊ី ដែលមិនចង់ឱ្យប្រទេសមួយនេះចូលជាសមាជិកណាតូ ព្រោះវាអាចធ្វើឱ្យប៉ះពាល់សន្តិសុខរុស្ស៊ី។ មិនតែប៉ុណ្ណោះ រុស្ស៊ី ក៏ចង់ឱ្យអ៊ុយក្រែនទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្សផងដែរ។ 
 
ក្រោយការលុកលុយរបស់រុស្ស៊ី រុស្ស៊ី និងអ៊ុយក្រែន បានចរចាជាមួយគ្នាចំនួន៣លើកហើយ ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំនោះ គ្មានអ្វីជាដុំកំភួនឡើយ។ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃទី១០ ខែមីនា នឹងជួបគ្នានៅតួកគីជាលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមមក។ ជំនួបថ្នាក់រដ្ឋមន្រ្តីនេះ ត្រូវបានរដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu សង្ឃឹមថា នឹងនាំទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ៕ 
 
 

Tag:
 អ៊ុយក្រែន
  ណាតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com