អន្តរជាតិ
លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងបាញ់ផ្កាយរណបតាមដានសកម្មភាពអាម៉េរិកនិងសម្ព័ន្ធមិត្ត
10, Mar 2022 , 7:29 pm        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងបន្ទប់ត្រួតពិនិត្យមួយនៅទីតាំងអភិវឌ្ឍអវកាស។ រូបថត KCNA
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងបន្ទប់ត្រួតពិនិត្យមួយនៅទីតាំងអភិវឌ្ឍអវកាស។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លើកឡើងថា កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទទួលបានព័ត៌មានជាក់ស្តែងពីសកម្មភាពយោធារបស់អាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍បែបនេះនៅថ្ងៃទី ១០ ខែមីនា ក្រោយទស្សនកិច្ចលោក គីម នៅមជ្ឈមណ្ឌលផ្កាយរណបមួយ។


ខណៈពេលចុះត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន លើកឡើងថា ផ្កាយរណបឈ្លបយកការណ៍យោធាជាច្រើននឹងត្រូវបញ្ជូនចូលគន្លងរាងប៉ូលតាមផែនការ៥ឆ្នាំដែលបានប្រកាសលើកដំបូងកាលពីឆ្នាំមុន។ ។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA លោក គីម បានសង្កត់ធ្ងន់ថា គោលបំណងនៃការអភិវឌ្ឍ និងប្រតិបត្តិការបញ្ជូនផ្កាយរណបឈ្លបយកការណ៍យោធានេះ គឺដើម្បីផ្តល់ព័ត៌មានជាក់លាក់និងទាន់ពេលវេលាដល់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងពីសកម្មភាពយោធារបស់កងទ័ពឈ្លានពានអាម៉េរិក និងកងកម្លាំងសម្ព័ន្ធមិត្តផ្សេងទៀតក្នុងតំបន់ដូចជាកូរ៉េខាងត្បូង និងជប៉ុន។
 
លោក គីម បានសង្កត់ធ្ងន់ថា គម្រោងនេះគឺសម្រាប់បង្កើនសមត្ថភាពត្រៀមប្រយុទ្ធរបស់ប្រទេសដោយការធ្វើឱ្យប្រសើរឡើងនៅប្រព័ន្ធការពារជាតិ ដែលជាភារកិច្ចអាទិភាពផ្នែកនយោបាយ និងយោធាដែលគណបក្ស និងរដ្ឋាភិបាលកូរ៉េខាងជើងយកចិត្តទុកដាក់បំផុត។ ក្រៅតែពីមានមុខងារឈ្លបយកការណ៍ ផ្កាយរណបនេះក៏មានមុខងារការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិរបស់កូរ៉េខាងជើង អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន និងលើកតម្កើងកិត្យានុភាពជាតិ។  
 
បើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងហាក់កំពុងរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ក្នុងពេលឆាប់ៗនេះ។ លើសពីនេះដែរ សកម្មភាពនេះទំនងជាបង្កបញ្ហាចម្រូងចម្រាសដូចការសាកល្បងអាវុធនុយក្លេអ៊ែរកន្លងមកដែរ ដោយសារផ្កាយរណបនេះបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិកដែលត្រូវបានហាមឃាត់។ 
 
នៅថ្ងៃទី ២៧ ខែកុម្ភៈនិងថ្ងៃទី៥ ខែមីនា កូរ៉េខាងជើង បានធ្វើតេស្តសាកល្បងប្រព័ន្ធផ្កាយរណបចំនួនពីរដង។ យ៉ាងណាមិញក្រោយការធ្វើតេស្តនេះ អាម៉េរិក កូរ៉េខាងត្បូងនិងជប៉ុន បានលើកឡើងថា ការសាកល្បងនេះពាក់ព័ន្ធនឹងការបាញ់មីស៊ីលបាលីស្ទិក។ 
 
ការបាញ់ផ្កាយរណបសាកល្បងនេះ ធ្វើឱ្យកូរ៉េខាងជើងទទួលបានការថ្កោលទោសពីអន្តរជាតិ។ អាម៉េរិក បានអះអាងថា ខ្លួនបានបង្កើនការឃ្លាំមើល និងឈ្លបយកការណ៍នៅក្នុងសមុទ្រលឿងបន្ថែម ហើយបានបង្កើនការត្រៀមខ្លួនការពារពីមីស៊ីលបាលីស្ទិកផងដែរ ខណៈកូរ៉េខាងជើងបន្តអភិវឌ្ឍនិងសាកល្បងអាវុធឥតឈប់ឈរ៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com