អន្តរជាតិ
IMF អនុម័តមូលនិធិសង្គ្រោះបន្ទាន់ចំនួន ១,៤ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
10, Mar 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា បានអនុម័តមូលនិធិសង្គ្រោះបន្ទាន់ ចំនួន១,៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជួយបំពេញតម្រូវការចំណាយ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចអ៊ុយក្រែន ដែលកើតចេញពីការវាយប្រហាររបស់រុស្ស៊ី។

 
ការវាយប្រហារពីកម្លាំងរុស្ស៊ីលើអ៊ុយក្រែន បានបង្កផលប៉ះពាល់ទាំងអាយុជីវិតប្រជាជន, ផ្ទះសំបែង, ផ្លូវថ្នល់, ហេដ្ឋារចនាសម្ព័ន្ធ និងព្រមទាំងសេដ្ឋកិច្ចទាំងមូល។ ការណ៍នេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ និងវិបត្តិសេដ្ខកិច្ចយ៉ាងខ្លាំងសម្រាប់អ៊ុយក្រែន។ 
 
ខណៈអ៊ុយក្រែនកំពុងប្រឈមវិបត្តិខាងលើ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចក្នុងប្រជុំថ្ងៃទី៩ ខែមីនា បានលើកឡើងថា ៖ «ការឈ្លានពានរបស់យោធារុស្ស៊ីលើអ៊ុយក្រែន មានការទទួលខុសត្រូវចំពោះវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចដ៏ធំ»។ លោកស្រីក៏បានព្យាការណ៍ថា អ៊ុយក្រែននឹងត្រូវប្រឈម វិបត្តិសេដ្ឋកិច្ចដ៏ដុនដាបជាងនេះទៅទៀតនៅក្នុងឆ្នាំនេះ។
 
បន្ថែមពីនេះ មូលនិធិ IMF បានបញ្ជាក់ថា សង្គ្រាមបាននាំផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយជម្លោះក្នុងរយៈពេល ១៣ ថ្ងៃមកនេះ បានធ្វើឱ្យប្រជាជនច្រើនជាង ២លានលាន បានភៀសខ្លួនចេញពីប្រទេស និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ 
 
ទន្ទឹមនេះ នាយកគ្រប់គ្រងIMF ខាងលើ បានបន្តថា អ៊ុយក្រែន ត្រូវការហិរញ្ញប្បទានមានទំហំធំ និងបន្ទាន់ ហើយអាចកើនឡើងយ៉ាងខ្លាំង ប្រសិនបើសង្រ្គាមនៅតែបន្ត។ នៅពេល សង្គ្រាម ត្រូវបានបញ្ចប់ អ៊ុយក្រែនទំនងជា ត្រូវការការគាំទ្រដ៏ច្រើនបន្ថែមទៀត។
 
ការទូទាត់ក្រោមហិរញ្ញប្បទានរហ័ស (RFI) របស់ IMFខាងលើនេះ ស្មើនឹង៥០ភាគរយនៃ កូតាអ៊ុយក្រែននៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយការទូទាត់នឹងជួយផ្ដល់ជាមូលនិធិសម្រាប់ការចំណាយ បន្ទាន់រយៈពេលខ្លី និងជួយពន្លឿនការផ្តល់ហិរញ្ញប្បទានពីដៃគូផ្សេងទៀត។
 
ហិរញ្ញប្បទានរហ័ស គឺជាការផ្តល់មូលនិធិយ៉ាងរហ័សដល់ប្រទេសសមាជិក IMF ដោយមិនចាំបាច់មានកម្មវិធីពេញលេញ។ សមាជិកអាចស្នើសុំ ហិរញ្ញប្បទានរហ័ស ម្តងហើយម្តងទៀត ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា នៅពេលណាមួយ ប្រសិនបើសមតុល្យនៃការទូទាត់របស់ប្រទេសនោះ ជួបវិបត្តិខាងក្រៅ។ នេះបើយោងតាមគេហទំព័រ IMF ។
 
ក្រៅពីនេះ មូលនិធិIMF បានបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនបានលុបចោលការរៀបចំផ្តល់ប្រាក់កម្ចី ដែលមានស្រាប់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ប៉ុន្តែនឹងធ្វើការជាមួយស្ថាប័នមួយនេះ ដើម្បីរៀបចំកម្មវិធី សេដ្ឋកិច្ចសមស្របមួយ ដែលផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ច នៅពេលស្ថានភាពអនុញ្ញាត។
 
គួរបញ្ជាក់ថា ថវិកាសង្គ្រោះបន្ទាន់ចំនួន ១,៤ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននេះ បាន ដាក់បន្ថែមពីលើទឹកប្រាក់ចំនួន៧០០លានដុល្លារ ដែល IMF ផ្តល់ទៅឱ្យអ៊ុយក្រែន កាលពីខែធ្នូ ឆ្នាំ២០២១ និង ២,៧ពាន់លានដុល្លារ នៅក្នុងសិទ្ធិដកប្រាក់ពិសេស ឬទុនបម្រុងគ្រាអាសន្ន កាលពីខែសីហា ឆ្នាំ២០២១៕ 
 

Tag:
 IMF
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com