ជាតិ
យុវជន បូ វីន បាត់ឱកាសការងារ និង ការសិក្សាមួយចំនួន ដោយសារឆ្លងជំងឺកូវីដ-១៩
11, Mar 2022 , 8:59 am        
រូបភាព
យុវជន បូ វីន និស្សិតឆ្នាំទីបួន កំពុងអង្គុយក្រោមដើមឈើមួយកន្លែង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យុវជន បូ វីន និស្សិតឆ្នាំទីបួន កំពុងអង្គុយក្រោមដើមឈើមួយកន្លែង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយ៖  លិវ លីម៉ឹង(Liv Liming) 
 
ភ្នំពេញ៖ ​ក្នុងរយៈពេលជិតមួយខែ ក្នុងការសម្រាកព្យាបាលជំងឺកូវីដ-១៩ លោក បូ វីន បានបាត់បង់ឱកាសការងារ និង ការសិក្សារៀនសូត្រមួយចំនួន នៅរាជធានីភ្នំពេញ​។  នាអំឡុងពេលឆ្លងកូវីដ-១៩ បូ វីន បានបាត់បង់នូវអាហារូបករណ៍រៀនភាសាអង់គ្លេស រួមទាំងឱកាសការងារមួយចំនួន ដែលជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សានានារបស់ខ្លួន។

 

យុវជន បូ វីន បានឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា (Delta) កាលពីថ្ងៃទី១១សីហា ឆ្នាំ២០២១។  ក្រោយទទួលលទ្ធផលបែបនេះ បូ វីន ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៃមជ្ឈមណ្ឌលព្រីមៀសែនសុខ​ ដោយបានជាសះស្បើពីជំងឺនេះ​ នាចុងខែសីហា។ ជិតមួយខែនៃការឆ្លងជំងឺកូវីដ-១៩ យុវជន​មកពីខេត្តសៀមរាបរូបនេះ បានបាត់បង់ឱកាសរៀនសូត្រ ឱកាសការងារ និងឱកាសផ្សេងៗទៀតច្រើន ផងដែរ។ 
 
 «ខ្ញុំបាត់បង់ច្រើន! ការសិក្សារបស់ខ្ញុំត្រូវបានធ្លាក់ចុះ ព្រោះ​ថ្ងៃដែលខ្ញុំឆ្លងកូវីដ-១៩ភ្លាមហ្នឹង គឺខ្ញុំត្រូវចូលរៀនថ្ងៃហ្នឹងតែម្តង គឺចូលរៀននៅឆមាសទីមួយ នៃឆ្នាំទីបួន។ មានន័យថា ខ្ញុំចាប់ផ្តើមឆ្លង [កូវីដ-១៩] គេចាប់ផ្តើមចូលរៀន។ អ៊ីចឹង ខ្ញុំបាត់បង់ការសិក្សាបាត់ហើយ»។ នេះជាការលើកឡើងរបស់ បូ វីន។ 
 
ក្រៅពីនេះ បូវីន ក៏បានបាត់បង់អាហារូបណ៍រៀនភាសាអង់គ្លេ​ស និង ឱកាសការងារមួយចំនួនផងដែរ។ យុវជនវ័យ២១រូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា៖ « [ឱកាស] ប៉ុន្មានមុខនេះ គឺសំខាន់និងមានប្រយោជន៍ខ្លាំងសម្រាប់ខ្ញុំ ដែលវាជួយគាំទ្រខ្ញុំឱ្យរៀននៅភ្នំពេញ និងកាត់បន្ថយចំណាយ។ ប៉ុន្តែ ដល់ពេលគេ [ខាងក្រុមហ៊ុន] ដឹងយើងឆ្លងកូវីដ-១៩ ក៏គេផ្តាច់ការងារខ្ញុំដែលទើបសម្ភាសជាប់នៅត្រឹមហ្នឹងចោលទៅ!»។ 
 
មកទល់បច្ចុប្បន្ន បូវីន ជាសះស្បើយពីជំងឺកូវីដ-១៩​ បានប្រមាណ៦ខែហើយ។ ដ្បិត សះស្បើយក៏ពិតមែន ប៉ុន្តែសុខភាពរបស់យុវជនរូបនេះ មិនអាចរឹងមាំល្អបាន១០០ភាគរយ ដូចគ្រាដែលមិនទាន់ឆ្លងជំងឺនេះឡើយ។ ជាមួយគ្នានេះ បូវីន​ បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ចូលរួមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីឆ្លងជំងឺកូវីដ-១៩។ 
 
បូ វីន បាននិយាយដូច្នេះថា៖ «បើការពារបានក៏ការពារទៅ! កុំឱ្យខាតបង់ដូចខ្ញុំ។ ខ្ញុំខាតបង់ប៉ុណ្ណឹងមើលទៅច្រើនសម្រាប់ខ្ញុំ។ ប៉ុន្តែអ្នក [ឆ្លងកូវីដ-១៩] ផ្សេងទៀត គឺខាតបង់ច្រើនជាងខ្ញុំទៀត រហូតដល់មានវិបត្តិផ្លូវចិត្តទៀត»៕ 
 

Tag:
 អប់រំ
  COVID-19
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com