អន្តរជាតិ
លោកពូទីន៖ រុស្ស៊ីនឹងងើបឡើងកាន់តែខ្លាំងជាងមុន ហើយទណ្ឌកម្មនឹងធ្លាក់លើបស្ចិមប្រទេសវិញ
11, Mar 2022 , 11:27 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១០ ខែមីនា បានលើកឡើងថា ទណ្ឌកម្ម ដែលប្រទេសជាច្រើនបានដាក់លើរុស្ស៊ី រួមទាំងសហភាពអឺរ៉ុប នឹងត្រលប់ទៅបណ្តាប្រទេសទាំងនោះវិញ តាមរយៈការកើនឡើងនៃតម្លៃប្រេង និងអាហារ។ បើតាមលោកពូទីន ទណ្ឌកម្មរបស់លោកខាងលិច នឹងធ្វើឱ្យរុស្ស៊ីកាន់តែមានឯករាជ្យ ភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងមានអធិបតេយ្យពេញលេញ។

 
ក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១០ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងពីបញ្ហាជាច្រើន ចាប់តាំងពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន និងរងទណ្ឌកម្មពីសំណាក់បស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀត។ ថ្លែងប្រាប់សមាជិករដ្ឋាភិបាលខ្លួន លោក ពូទីន បានលើកឡើថា គ្មានឡើយជម្រើសផ្សេងក្រៅពីប្រតិបត្តិការយោធាពិសេស ហើយរុស្ស៊ីក៏មិនចង់សម្របសម្រួលលើបញ្ហាទាក់ទិននឹងអធិបតេយ្យ សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច ក្នុងរយៈពេលខ្លីដែរ។ 
 
«នៅទីបញ្ចប់ បញ្ហាទាំងនោះ នឹងនាំឱ្យមានឯករាជ្យ ភាពគ្រប់គ្រាន់សម្រាប់ប្រទេស និងអធិបតេយ្យបន្ថែមទៀត»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ទណ្ឌកម្ម អាចត្រូវបានប្រទេសមួយចំនួនដាក់មកលើរុស្ស៊ី ក្នុងគ្រប់ករណី។ បើតាមលោកពូទីន រុស្ស៊ីអាចប្រឈមផលវិបាក និងមានបញ្ហាមួយចំនួន ប៉ុន្តែនៅក្នុងអតីតកាល រុស្ស៊ី បានឆ្លងកាត់បញ្ហាទាំងនោះស្រាប់ហើយ ស្របពេលរុស្ស៊ីនឹងជម្នះទណ្ឌកម្មក្នុងពេលនេះទៀត។ បន្ទាប់ពីយកដែនដីគ្រីមេ មកគ្រប់គ្រងនៅក្នុងឆ្នាំ ២០១៤ រុស្ស៊ី បានរងទណ្ឌកម្មជាច្រើនពីសំណាក់អាម៉េរិក និងសហភាពអឺរ៉ុប។ 
 
ទន្ទឹមនេះ មេដឹកនាំដ៏មានឥទ្ធិពលនៅរុស្ស៊ីរូបនេះ បានបន្តថា រុស្ស៊ីនឹងបន្តអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចសន្យាលក់ប្រេងជាមួយបណ្តាប្រទេសផ្សេងៗ ប៉ុន្តែមេដឹកនាំរូបនេះ ក៏បានរិះគន់លើទណ្ឌកម្មអាម៉េរិកលើប្រេងរបស់ខ្លួនដែរ​ ព្រោះវាអាចធ្វើឱ្យតម្លៃប្រេងលើទីផ្សារសកល ហក់ឡើងខ្ពស់នៅក្នុងប្រវត្តិសាស្រ្ត។ 
 
«ពួកគេ បានប្រកាសបិទការនាំចូលប្រេងរុស្ស៊ីទៅក្នុងទីផ្សារអាម៉េរិក»។ ប្រធានាធិបតីរុស្ស៊ីបានអះអាងបែបនេះ មុនបញ្ជាក់ថា ទណ្ឌកម្មបែបនោះ នឹងធ្វើឱ្យតម្លៃហក់ឡើង អតិផរណា នឹងកើនខ្ពស់នៅក្នុងប្រវត្តិសាស្រ្ត។ បើតាមលោកពូទីន អាម៉េរិកទំនងជាបន្ទោសលើរុស្ស៊ី ដោយសារតែកំហុសរបស់ខ្លួន ខណៈពេលរុស្ស៊ី មិនបានធ្វើអ្វីទាំងអស់។ 
 
និយាយដោយមិនប្រើកំហឹង លោកពូទីន បានកត់សម្គាល់ថា រុស្ស៊ី គឺជាប្រទេសដ៏សំខាន់មួយផលិតជីកសិកម្ម ហើយវានឹងមិនអាចចៀសផុតពីផលវិបាកសម្រាប់ទីផ្សារអាហារពិភពលោកឡើយ ប្រសិនបើប្រទេសលោកខាងលិចបង្កបញ្ហាសម្រាប់រុស្ស៊ី។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ និងសមភាគីអ៊ុយក្រែន លោក  ឌីមីត្រូ គូលេបា បានជួបគ្នាជាលើកដំបូងនៅក្រុង Antalya តួកគី ដោយមានការសម្របសម្រួលពីរដ្ឋមន្រ្តីការបរទេសតួកគី​  លោក Mevlut cavusoglu។ កិច្ចប្រជុំត្រីភាគីនេះ មិនទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ ជុំវិញការអនុវត្តបទឈប់បាញ់ និងច្រកជំនួយមនុស្សធម៌នៅក្រុង Mariupol។ 
 
បន្ទាប់ពីជំនួបនោះ លោក គូលេបា បានលើកឡើងថា កិច្ចចរចា បានធ្វើឡើង ដើម្បីស្វែងរកបទឈប់បាញ់រយៈពេល២៤ម៉ោង នៅក្នុងតំបន់ប្រយុទ្ធ និងក្រុង Mariupol ប៉ុន្តែភាគីរុស្ស៊ី មិនបានប្តេជ្ញាចំពោះបញ្ហាទាំងពីរនោះឡើយ។ លោក ឡាវរ៉ូវ វិញ បានអះអាងថា លោកគ្មានការភ្ញាក់ផ្អើលឡើយដែលរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលើកឡើងបែបនេះ។ បើតាមប្រមុខការទូតរុស្ស៊ី ក្នុងជំនួបនៅតួកគី គ្មានភាគីណាមួយចង់ជជែកពីបទឈប់បាញ់ឡើយ។ 
 
ក្នុងនាមជាអ្នកសម្របសម្រួល រដ្ឋមន្រ្តីការបរទេសតួកគី លោក Cavusoglu បានយល់ថា កិច្ចចរចាមួយនេះ មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែកិច្ចចរចាតែមួយលើកក៏មិនអាចរកច្រកចេញបានដែរ។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានអះអាងថា ក្រុងមូស្គូ ចង់បន្តកិច្ចចរចាជាមួយក្រុងកៀវ ហើយ លោកពូទីន ក៏មិនបដិសេធ ក្នុងជំនួបជាមួយប្រធានាធិបតីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែរ។ មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះ បាននិយាយដដែលៗថា រុស្ស៊ីចង់ដោះស្រាយជម្លោះជាមួយអ៊ុយក្រែន តាមរយៈកិច្ចចរចា៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែ​ន
  អឺរ៉ុប
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com