ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការពាណិជ្ជកម្ម និងតុលាការការងារ អាចនឹងត្រូវដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២២
04, Apr 2022 , 1:30 pm        
រូបភាព
លោក ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រហែលជានៅចុងឆ្នាំ២០២២ ទើបតុលាការពាណិជ្ជកម្ម និងតុលាការការងារ អាចនឹងត្រូវដាក់ឲ្យដំណើរការ។ នេះបើតាមលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ហើយក៏ជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ។



លោក ជីវ សុងហាក់ មិនអាចនិយាយក្នុងលក្ខខណ្ឌជាក់លាក់ឡើយថា ក្រសួងយុត្តិធម៌ នឹងអាចដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការកាងារ នៅថ្ងៃណា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោក គ្រាន់តែអាចសន្និដ្ឋានថា ក្រសួងយុត្តិធម៌ នឹងព្យាយាមធ្វើយ៉ាងណាឲ្យតុលាការទាំង២នេះ អាចដំណើរការបាននៅចុងឆ្នាំ២០២២។

តាមគម្រោង ក្រសួងយុត្តិធម៌ ចង់ដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ប៉ុន្តែមិនសម្រេចដូចការរំពឹងទុក។ តុលាការទាំង២ប្រភេទ ត្រូវកំណត់ជាថ្មីថា នឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២២នេះ។ គម្រោងនៃការដាក់ឲ្យដំណើរការតុលាការទាំង២ នៅដើមឆ្នាំ២០២២ មិនបានសម្រេចទៀត ដោយត្រូវពន្យារពេលដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២វិញ។

បើតាមលោក ជីវ សុងហាក់ មូលហេតុនៃការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ត្រូវពន្យារពេលម្តងហើយម្តងទៀតបែបនេះ គឺដោយសារក្រសួងយុត្តិធម៌ កំពុងតាក់តែងនីតិវិធីស្តីពីការដំណើរការតុលាការទាំង២នៅឡើយ។ លោក លើកឡើងថា ការសរសេរនីតិវិធីស្តីពីការដំណើរការតុលាការទាំង២ ត្រូវការពេលវេលា ដោយមិនអាចសរសេរតែមួយភ្លែតឲ្យចប់នោះទេ។ លោក បន្តថា ម្យ៉ាងទៀត ក្រសួងយុត្តិធម៌ ក៏ត្រូវការពេលវេលា ដើម្បីបណ្តុះបណ្តាលចៅក្រម និងមន្រ្តីតុលាការអំពីវិស័យទាំង២នេះផងដែរ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ លើកពីករណីតុលាការពាណិជ្ជកម្ម មកបរិយាយយ៉ាងដូច្នេះថា៖«យើង ត្រូវមានការបណ្តុះបណ្តាលចៅក្រមពាណិជ្ជកម្ម មន្រ្តីតុលាការ ដែលចេះដឹងអំពីផ្នែកពាណិជ្ជហ្នឹងទៀត។ ការបណ្តុះបណ្តាល ប្រហែលជាត្រូវការជ្រើសរើសចៅក្រម ដែលគាត់មាននីតិសម្បទា ហើយឲ្យគាត់ទៅទទួលនីតិសម្បទាផ្នែកពាណិជ្ជកម្មហ្នឹង អ៊ីចឹង ការបណ្តុះបណ្តាលធនធានមនុស្ស ការរៀបចំនីតិវិធី ដើម្បីដំណើរការបាន វា ទាមទារពេលវេលា»។

លោក មើលឃើញថា ការមានតុលាការពាណិជ្ជកម្មដាច់ដោយឡែកបែបនេះ នឹងជួយពន្លឿនការដោះស្រាយបណ្តឹងរបស់ពាណិជ្ជករឲ្យបានលឿន។ លោក បន្ថែមថា អ្នករកស៊ី ត្រូវការការលឿន ក្នុងការដោះស្រាយវិវាទទាក់ទងនឹងការរកស៊ីរបស់គេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ដំណើរការតែតុលាការព្រហ្មទណ្ឌនិងតុលាការរដ្ឋប្បវេណីប៉ុណ្ណោះ។ រាល់សំណុំរឿង ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្មនិងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យតុលាការរដ្ឋប្បវេណី កាត់ក្តី។ តាមពិត តុលាការពាណិជ្ជកម្ម និងតុលាការការងារ មានចែងក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការរួចមកហើយ ប៉ុន្តែមិនទាន់អាចដំណើរការបាននៅឡើយ។

នៅដើមឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដោយតែងតាំងលោក ជីវ សុងហាក់ ជាប្រធាន៕

Tag:
 តុលាការពាណិជ្ជកម្ម
  តុលាការការងារ
  ជីវ សុងហាក់
© រក្សាសិទ្ធិដោយ thmeythmey.com