ជាតិ
នៅពីក្រោយវត្តមាន១០ឆ្នាំនៃការបង្កើតសារព័ត៌មានថ្មីៗ
10, Apr 2022 , 7:00 am        
រូបភាព
ពីលោក Pierre Gillette (ព្យែរ ហ្សីលែត) 
អតីតនាយកនិពន្ធកាសែតកំបូដស័រ

សារព័ត៌មានថ្មីៗ thmeythmey.com រៀបចំកម្មវិធីអបអរសាទរខួបលើកទី១០របស់ខ្លួននៅថ្ងៃទី១០ មេសានេះ។ ខួបលើកទី១០នេះធ្វើឲ្យខ្ញុំរំភើបចិត្តជាពន់ពេក ព្រោះថាស្ថាបនិកទាំងបីរូប គឺលោក គី សុខលីម លោក លាង ដឺលុច និងលោក ប៉ែន បូណា ព្រមទាំងនាយកប្រតិបត្តិ​បច្ចុប្បន្ន គឺលោក អ៊ឹង ចំរើន សុទ្ធសឹងតែជាអតីតអ្នកសារព័ត៌មាននៅកាសែតជាភាសាបារាំងឈ្មោះ កំបូដស័រ (Cambodge Soir) ដែលកាលនោះរូបខ្ញុំផ្ទាល់ជានិពន្ធនាយកពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០៧។ ក្រោយមក កាសែតនេះ បានបិទទ្វារ។

 
ឆ្លងកាត់ការបណ្តុះបណ្តាលនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសារព័ត៌មាន ពួកគេទាំងអស់គ្នាបានចាប់ផ្តើមអាជីពជាអ្នកកាសែតដំបូងនៅកាសែត កំបូដស័រ តែម្តង។ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយដែលបានផ្ទេរចំណេះដឹងផ្នែកសារព័ត៌មានរបស់ខ្ញុំទៅឲ្យពួកគាត់ ហើយខ្ញុំក៏សុំថ្លែងអំណរគុណដល់ពួកគាត់ផងដែរដែលផ្តល់ឱកាសឲ្យខ្ញុំបានស្គាល់ប្រទេសខ្មែរ, ប្រទេសខ្មែរដែលខ្ញុំកំពុងបន្តរស់នៅដោយបានចំណាយពេល២៨ឆ្នាំនៅទីនេះ។ ពីសហការីធ្វើការជាមួយគ្នា ក្រោយមកពួកយើងក៏បានក្លាយជាមិត្តភក្តិនឹងគ្នា ហើយចំណងមិត្តភាពរបស់ពួកយើងនៅតែបន្តរហូតមកដល់សព្វថ្ងៃ និងទៅថ្ងៃអនាគត។ 
 

កាលពីពួកយើងចាប់ផ្តើមដំបូង គឺនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកកាសែតនៅសារព័ត៌មានថ្មីៗ thmeythmey.com, thmeythmey25 និងអ្នកកាសែត cambodianess.com ជាច្រើនរូបមិនទាន់កើតនៅឡើយទេ ហើយបណ្តាញសង្គម និងសារព័ត៌មានអនឡាញក៏មិនទាន់មានវត្តមាននៅឡើយដែរ។ 
 
ការបង្កើតសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey) កាលពីដប់ឆ្នាំមុនបានបង្ហាញយ៉ាងច្បាស់ថា ស្ថាបនិកនៃសារព័ត៌មាននេះពិតជាមានចក្ខុវិស័យវែងឆ្ងាយ និងមានសេចក្កីក្លាហានអង់អាចមែនទែន។ 
 
ខ្ញុំនិយាយថា ពួកគាត់មានចក្ខុវិស័យវែងឆ្ងាយ ព្រោះថា ពួកគាត់ពិតជាបានយល់ច្បាស់ថានៅប្រទេសកម្ពុជាក៏ដូចជានៅប្រទសដទៃទៀតដែរ គឺថាទៅថ្ងៃអនាគត សារព័ត៌មានអនឡាញនឹងមានប្រៀបជាងសារព័ត៌មានដែលធ្វើការផ្សព្វផ្សាយដោយប្រើវិធីសាស្រ្តបែបបុរាណមិនថាកាសែតអាន វិទ្យុ ឬទូរទស្សន៍នោះទេ ពោលគឺសារព័ត៌មានអនឡាញអាចផ្សព្វផ្សាយព័ត៌មានទៅដល់មនុស្សដ៏ច្រើនលើសលប់ ដោយមិនចាំបាច់ចំណាយថវិកាច្រើនពេកនោះទ។
 
ហើយខ្ញុំនិយាយថា ពួកគាត់មានសេចក្កីក្លាហានអង់អាច ក៏ព្រោះតែពួកគាត់ផលិតព័ត៌មានដែលមានគុណភាព ពោលគឺមុននឹងផ្សព្វផ្សាយព័ត៌មានមួយៗ ពួកគាត់ធ្វើការផ្ទៀងផ្ទាត់ និងថ្លឹងថ្លែងយ៉ាងហ្មត់ចត់។ នៅក្នុងបរិបថមួយដែលសម្បូរដោយព័ត៌មានមិនពិត ឬក៏អ្នកកាសែតអាចទទួលរងការស្តីបន្ទោសគ្រប់ពេលវេលាថាធ្វើឲ្យប៉ះពាល់ដល់អ្នកនេះឬអ្នកនោះ ឬក៏ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សីលធម៌ជាដើមនោះ ដូច្នេះអ្នកកាសែតទាមទារឲ្យមានគុណសម្បត្តិខាងលើនេះ។ ខុសពីមនុស្សមួយចំនួនដែលតាំងខ្លួនថាជាអ្នកកាសែត តែបែរជាបញ្ចេញមតិតាមអនឡាញដោយលាក់ឈ្មោះលាក់ប្រវត្តិនោះ អ្នកកាសែតសារព័ត៌មានថ្មីៗ thmeythmey.com ដាក់ឈ្មោះរបស់ខ្លួនរហូត និងធានាខុសត្រូវលើអ្វីដែលខ្លួនបានចុះផ្សាយ។ 
 
សារព័ត៌មានថ្មីៗ thmeythmey.com, thmeythmey25 បូកជាមួយនឹងសារព័ត៌មាន cambodianess.com មានអ្នកសែតទាំងអស់៥០នាក់ដែលអ្នកខ្លះជាបុគ្គលិកប្រចាំនៅសារព័តមាន ហើយខ្លះទៀតជាអ្នកកាសែតឯករាជ្យ។ មែនហើយ គឺ៥០នាក់ ព្រោះថាគេមិនអាចផលិតព័ត៌មានប្រកបដោយគុណភាពដោយគ្មានវត្តមានអ្នកកាសែតបានឡើយ។ 
 
រាល់លើកពេលដែលខ្ញុំទៅស្នាក់ការសារព័ត៌មានថ្មីៗ ម្តងៗ ខ្ញុំរំភើបចិត្តណាស់នៅពេលឃើញពួកគាត់កំពុងធ្វើការ។ លែងមានក្រដាសកាសែតទៀតហើយ អ្វីៗគឺឌីជីថលទាំងអស់ ប៉ុន្តែបរិយាកាស គឺដូចកាលពីនៅកាសែតកំបូដស័រក្នុងទសវត្សរ៍៩០ដែរ គឺថា ម្នាក់ៗខំប្រឹងធ្វើការយ៉ាងស្ងៀមស្ងាត់ ហើយទន្ទឹមនឹងនេះក៏មានភាពតានតឹងខ្លះៗដែរ ព្រោះថាវាតែងតែមានសំណួរចោទសួរឡើងថា តើពួកគេមានព័ត៌មានត្រឹមត្រូវទេ? តើពួកគេសរសេរបានល្អទេ? ឬក៏តើពួកគេមិនបានភ្លេចព័ត៌មានសំខាន់ណាមួយដែរឬទេ?
 
មានថ្ងៃមួយនោះលោក សុខលីម បានណែនាំខ្ញុំទៅកាន់អ្នកកាសែតសារព័ត៌មានថ្មីៗ ដោយចាត់ទុកខ្ញុំដូចជាគ្រូតារបស់ពួកគេ។ ស្តាប់ទៅ ខ្ញុំដូចជាទើសចិត្តដែរ ព្រោះខ្ញុំដូចជាឡើងចាស់មួយកម្រិតទៀត។ ប៉ុន្តែនៅក្នុងបេះដូងរបស់ខ្ញុំវិញ គឺខ្ញុំមានមោទកភាពយ៉ាងខ្លាំងដែលមាន «ចៅៗ» ដូចជាពួកគេ។ 
 
អរគុណចំពោះស្ថាបនិកថ្មីៗ thmeythmey.com ដែលបានយក«អណ្តាតភ្លើង»នៃសេរីភាពរបស់កាសែតបារាំង កំបូដស័រ មកអុជបំភ្លឺបន្តដល់ជំនាន់ថ្មី ហើយខ្ញុំក៏សុំកោតសរសើរដល់អ្នកទាំងអស់គ្នាដែលបានបន្តថែរក្សាអណ្តាតភ្លើងអ្នកកាសែតឲ្យនៅតែបន្តឆេះជានិច្ច។ បើគ្មានអណ្តាតភ្លើងនេះទេ នោះសេរីភាពក្នុងការបញ្ចេញមតិនឹងត្រូវរលត់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com