ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានសម្ដេច ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) អាចនឹងដូចរដូវកាលឆ្នាំ ២០២១ ប្រសិនជាព្រះខ័នរាជស្វាយរៀង, បឹងកេត, ភ្នំពេញក្រោន និង
វិសាខា ឈ្នះ ជំនួបជើងទី២ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ហើយនិងជំនួបរវាង ណាហ្គាវើលដ៍និងភ្នំពេញក្រោន នៅតែមានភាពតានតឹង ដោយជើងទី១ បញ្ចប់ទៅត្រឹមលទ្ធផលស្មើ។
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាក្រុមទើបប្រកួតជាមួយក្រុមបឹងកេត នៅក្នុងលីគហើយមានការពិបាកខ្លះសម្រាប់ជំនួបជាមួយអគ្គិសនីកម្ពុជា។ក្រុមមានទីតាំងនៅខេត្តស្វាយរៀងនេះ បានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអគ្គិសនីកម្ពុជានៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:៣០ល្ងាច ថ្ងៃទី៣១ ខែសីហា នេះ។
គ្រូបង្វឹករូបនេះមិនដែលមើលស្រាលគូប្រកួតឡើង បើទោះជាក្រុមខ្លួនធ្លាប់ឈ្នះអគ្គិសនីកម្ពុជា ក៏ដោយ។ម្យ៉ាងវិញទៀតនោះ អគ្គិសនីកម្ពុជា ក៏ជាក្រុមខ្លាំងមួយផងដែរ នៅក្នុងលីគ២។ លោក ទុំសារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា អះអាងដូចគ្នាដែរថា ការជួបជាមួយព្រះខ័នរាជស្វាយរៀង គឺមិនមែនជារឿងងាយស្រួលទេ សម្រាប់យកជ័យជំនះ។ ម្យ៉ាងវិញទៀត
ក្រុមមួយនេះ មានអ្នកគាំទ្រច្រើនណាស់នៅក្នុងទឹកដីរបស់គេ។ តែទោះជាយ៉ាងនោះក្ដីគ្រូបង្វឹករូបនេះ ការត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនីមួយៗទោះជាជួបក្រុមណាក៏ដោយ គឺជាកាតព្វកិច្ចរបស់កីឡាករ គ្រូបង្វឹក និងក្រុមទាំងមូល។
«ព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រច្រើន នៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង តែសម្រាប់ខាងយើងការត្រៀមខ្លួនឲ្យល្អ ការបំប៉នស្មារតីប្រកួត និងកាយសម្បាទា គឺជាការត្រៀមខ្លួន
ដែលយើងត្រូវធ្វើ មិនថាជួបគូប្រកួតខ្លាំងឬក៏ខ្សោយទេ។»។ លោកទុំ សារ៉ាយ បានបញ្ជាក់ប្រាប់ដូច្នេះ។
ទន្ទឹមពេលគ្នានេះភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បញ្ជាក់ថា ក្លិប បានធ្វើដំណើរឆ្ងាយទៅប្រកួត
ខេត្តសៀមរាបជាមួយ អង្គរថាយហ្គឺ ហើយកីឡាករ មានភាពនឿយហត់បន្ដិចប៉ុន្ដែស្មារតីប្រកួតនៅតែមានសម្រាប់ជំនួបនេះ។ «កីឡាកររបស់យើង បានរក្សាសុខភាពបានល្អ ប៉ុន្ដែមានកីឡាករ យ៉ើ សាហ្វី តែម្នាក់ប៉ុណ្ណោះជាប់ពិន័យ មិនអាចប្រកួតបានដោយសារទទួល បានកាតលឿង២ នៅជំនួបជើងទី១។ ក្រៅពីនេះកីឡាករទាំងអស់ គឺត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត ជាមួយនិងស្មារតីប្រកួតដ៏មុះមុតនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកសម្រាប់ការបោះជំហានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។»។
ចំពោះការត្រៀមខ្លួនរបស់ក្រុមណាហ្គាវើលដ៍បែបណានោះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងគ្រូបង្វឹកបានទេ។ ក្នុងថ្ងៃជាមួយគ្នានេះបឹងកេត ត្រូវទទួល កោះកុងអេហ្វស៊ី នៅកីឡដ្ឋាន Cambodian Airway។ ការប្រកួតនេះ បឹងកេត ដូចជាមិនមានសម្ពាធទេ ដោយប្រកួតក្រៅដី ម្ចាស់ផ្ទះនេះឈ្នះកោះកុង២-០ ក្នុងជើងទី១។ រីឯវិសាខា ត្រូវស្វាគមន៍ កងយោធពលខេមរភូមិន្ទនៅកីឡដ្ឋានព្រីនស៍។ ក្លិបទ័ព នឹងត្រូវប្រកួតអស់ពីសមត្ថភាព ដោយជើងទី១ វិសាខាឈ្នះក្នុងលទ្ធផល ៣-១។គួរបញ្ចាក់ថា ប្រសិនការប្រកួតឆ្នាំ២០២១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បឹងកេត ជួប វិសាខា ហើយព្រះខ័នរាជស្វាយរៀង ស្វាគមន៍ភ្នំពេញក្រោន។ ប្រសិនលទ្ធផលនៅថ្ងៃស្អែក ៤ក្រុមនេះ ឡើងទៅវគ្គបន្ទាប់ តើវិសាខាអាចការពារដំណែងជើងឯក បានទេប្រសិនមានឱកាសឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ?