រថយន្ត
អន្តរជាតិ
ដើម្បីទប់ស្កាត់ការរិះគន់ លោក ប្រាយុទ្ធ ប្រគល់ឡាន និងយានយន្តអម៣គ្រឿងទៅឲ្យរដ្ឋវិញ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រី។ រូបថត AFP
× លោក ប្រាយុទ្ធ ចាន់ អូចា បានប្រគល់រថយន្ត និងយានយន្តអមបីគ្រឿងទៀតទៅវិមានរដ្ឋាភិបាលវិញ ដើម្បីទប់ស្កាត់ការរិះគន់នានា។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោកត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា។
លោក ប្រាយុទ្ធ បានតម្រូវឲ្យអ្នកបើកបររថយន្តខ្លួន យករថយន្តដែលប្រើប្រាស់ក្នុងតំណែងជានាយករដ្ឋមន្ត្រី រួមទាំងយានយន្តអម៤គ្រឿងទៀតទៅប្រគល់ឲ្យរដ្ឋាភិបាលវិញ ដោយលោកនៅបន្តប្រើប្រាស់រថយន្ត Mercedes Benz ដែលជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនវិញ។
សារព័ត៌មានថៃ មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងរថយន្ត ក៏ដូចជាយានយន្តអម ដែលអតីតមេដឹកនាំយោធារូបនេះ សម្រេចប្រគល់ជូនរដ្ឋវិញនោះឡើយ ប៉ុន្តែបានគូសបញ្ជាក់ថា នេះជាការសម្រេចចិត្តដើម្បីទប់ស្កាត់រលកនៃការរិះគន់ទៅលើរូបលោក ទាក់ទងនឹងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
កាលពីចុងសប្តាហ៍កន្លងមក លោក ប្រាយុទ្ធ បានចុះសួរសុខទុក្ខកងកម្លាំង ដែលចុះជួយជនរងគ្រោះដោយទឹកជំនន់នៅខេត្តអាយុធ្យា។ នាខណៈនោះ គេបានសង្កេតឃើញលោកធ្វើដំណើរជាមួយរថយន្ត Toyota Land Cruiser របស់ក្រសួងការពារជាតិ។
កាលពីថ្ងៃទី២៤ ខែសីហា តុលាការធម្មនុញ្ញថៃ បានបញ្ជាឱ្យលោកប្រាយុទ្ធព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញទទួលពាក្យបណ្តឹងរបស់បក្សប្រឆាំងថៃ ដើម្បីកំណត់អាណត្តិរបស់លោកប្រាយុទ្ធ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។
រដ្ឋធម្មនុញ្ញថៃ កំណត់ឱ្យអ្នកនយោបាយថៃ កាន់តំណែងបានត្រឹម ៨ឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីព្យួរនេះ ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwon បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះ ប៉ុន្តែលោកសុខចិត្តមិនអង្គុយលើកៅអីនាយករដ្ឋមន្ត្រី ដើម្បីទុកកិត្តិយសជូនលោកប្រាយុទ្ធ។
© រក្សាសិទ្ធិដោយ thmeythmey.com