អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការធម្មនុញ្ញថៃ ព្យួរ លោកប្រាយុទ្ធពីតំណែងនាយករដ្ឋមន្រ្តី
24, Aug 2022 , 2:37 pm        
រូបភាព
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែសីហា បានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥ និង៤សំឡេងប្រឆាំង ដោយកំណត់ឱ្យលោកប្រាយុទ្ធ ចន្ទអូចា ព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការទទួលពាក្យបណ្តឹងជុំវិញការកំណត់អាណត្តិរបស់លោករយៈពេល ៨ឆ្នាំ។


 
តុលាការធម្មនុញ្ញថៃ បានបញ្ជាឱ្យលោកប្រាយុទ្ធព្យួរការកាន់តំណែងជានាយករដ្ឋមន្រ្តី។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញទទួលពាក្យបណ្តឹងរបស់បក្សប្រឆាំងថៃ ដើម្បីកំណត់អាណត្តិរបស់លោកប្រាយុទ្ធ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។ រដ្ឋធម្មនុញ្ញថៃ កំណត់ឱ្យអ្នកនយោបាយថៃ កាន់តំណែងបានត្រឹម ៨ឆ្នាំប៉ុណ្ណោះ។ 

បញ្ហាសំខាន់នៃញត្តិ គឺអាណត្តិលោក ប្រាយុទ្ធ ។ បក្សប្រឆាំងអះអាងថា លោក ប្រាយុទ្ធ ដែលកាន់តំណែងតាំងពីរដ្ឋប្រហារឆ្នាំ២០១៤ មក លែងមានសិទ្ធិធ្វើជានាយករដ្ឋមន្រ្តីទៀតហើយ ព្រោះលោកកាន់តំណែងនេះ៨ឆ្នាំហើយ ដែលស្មើនឹង២អាណត្តិ។ ប៉ុន្តែភាគីលោក ប្រាយុទ្ធ និយាយការពារថា អាណត្តិរបស់លោក រាប់ចាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដូចនេះលោកនៅអាចធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

បន្ទាប់ពីព្យួរនេះ ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwon ត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីចាំផ្ទះ។ 

ក្នុងថ្ងៃទី២៤ ខែសីហា បាតុករថៃ បានតវ៉ាជុំវិញការអស់អាណត្តិរបស់លោកប្រាយុទ្ធ ចាប់តាំងពីឆ្នាំ២០១៤ មក។ បាតុករថៃមួយចំនួន បានធ្វើដំណើរពីវិមានជ័យជម្នះទៅផ្លូវ Phahon Yothin និងវិមានប្រជាធិបតេយ្យ ហើយស្នាក់នៅមុខសកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon។  

ពាក្យបណ្តឹងរបស់បក្សប្រឆាំង បានដាក់តាមសភាថៃ មុននឹងដល់ដៃតុលាការធម្មនុញ្ញ នៅថ្ងៃទី២២ ខែសីហា កន្លងទៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com