កីឡាជាតិ
ជាតិ
បាល់ទះ៖ ក្រុមជម្រើសជាតិកម្ពុជា ស្វាគមន៍ សិង្ហបុរី ក្នុងជំនួបមិត្តភាពអន្តរជាតិលើកដំបូង
01, Oct 2022 , 7:59 am        
រូបភាព
បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម កន្លងទៅ។
បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម កន្លងទៅ។
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងរៀបចំការប្រកួតបាល់ទះមិត្តភាពអន្តរជាតិជាលើកដំបូងរបស់ខ្លួនទល់ក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៥ ខែតុលា នាទីលាន់បាល់ទះក្នុងសាលព្រីនស៍។ ការប្រកួតនេះដែរគឺដើម្បីបង្កើន និងវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានសិទ្ធិរៀបចំជាប្រវត្តិសាស្រ្ត។

 
ក្រោយធ្វើបានល្អនាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កន្លងទៅសហព័ន្ធកីឡាបាល់ទះកម្ពុជាបន្ថែមការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិឱ្យកាន់តែខ្លាំងជាងមុន ដោយបើកឆាកទទួលមិត្តរួមតំបន់អាស៊ាន សិង្ហបុរី នាទឹកដីកម្ពុជា។ បើតាមការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នេះជាលើកដំបូងរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាហើយដែលមានការប្រកួតមិត្តភាពអន្តរជាតិ។
 
កម្ពុជា បច្ចុប្បន្នកំពុងមានសន្ទស្សន៍ខ្លាំងក្រោយដណ្តើមបានមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ បន្ទាប់ពីយកឈ្នះថៃ វគ្គផ្តាច់ព្រ័ត្រដណ្តើមដំណែងលេខ៣ ក្នុងលទ្ធផល ៣-២(២៥-២២, ២២-២៥, ២៥-២២, ១៣-២៥, ១៥-១៣ )។ ចំណែកក្រុមភ្ញៀវសិង្ហបុរី ប្រកួតចុងក្រោយរបស់គេចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ៣-០(២៦-២៤, ២៥-២១, ២៥-១៨) នាស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីន។ 
 

ក្រុមកីឡាករបាល់ទះជម្រើសជាតិសិង្ហបុរី ក្រោយពេលហ្វឹកហាត់។ រូបពី អាំង សិរីពិសិដ្ឋ

សម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នា១លើក ក្នុងឆ្នាំ២០១៥ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅសិង្ហបុរី ក្នុងវគ្គសន្សំពិន្ទុជម្រុះវិលជុំ ដោយកម្ពុជាឈ្នះ សិង្ហបុរី ៣-០(២៥-១៩, ២៥-២៣, ២៥-១៦)។ លោក អាំង សិរីពិសិដ្ឋ ប្រាប់សារព័ត៌មានថ្មីៗ ថាសហព័ន្ធបង្កើតព្រឹត្តិការណ៍នេះឡើងគឺដើម្បីចង់វាស់ស្ទង់កម្រិតសមត្ថភាពក្រុមជម្រើសជាតិបន្ទាប់ពីហ្វឹកហាត់បិទខ្ទប់ក្នុងរដូវកាលកូវីដ-១៩ កន្លងទៅ។
 
លោក អគ្គលេខាធិការបន្ថែមថា៖«គោលដៅតែមួយគត់ គឺយើងចង់ផ្លាស់ប្តូរបទពិសោធក៏ដូចជាចង់វាស់ស្ទង់កម្រិតគុណផលនៃការប្រកួតរបស់ជម្រើសជាតិរបស់យើង។ ទោះបីរាល់ថ្ងៃនេះយើងហ្វឹកហាត់បិទខ្ទប់ជាប្រចាំក៏ពិតមែនប៉ុន្តែយើងមិនដឹងពីការហ្វឹកហាត់អំពីគុណផលយើងដល់កម្រិតណា»។ លោក អាំង សិរីពិសិដ្ឋ និយាយដូច្នេះ៕
 

Tag:
 កីឡាបាល់ទះ
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com