កីឡាជាតិ
ជាតិ
កីឡាជាតិលើកទី៣ ជាទីតាំងវាស់ស្ទង់សមត្ថភាព មន្ត្រីបច្ចេកទេស និងអត្ដពលិក សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
02, Oct 2022 , 9:29 am        
រូបភាព
សម្ដេច ហ៊ុន សែន និង លោក ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបើកពិធីប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨។ រូបពី Camsoc
សម្ដេច ហ៊ុន សែន និង លោក ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបើកពិធីប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨។ រូបពី Camsoc
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺជាការត្រៀមខ្លួន និងជាការវាស់ស្ទង់សមត្ថភាពមន្ត្រីបច្ចេកទេស និងអត្តពលិក មុនពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់លោក ហួត  សេងទ្រី  ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

 
លោក ហួត សេងទ្រី បានប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣មានសារសំខាន់ណាស់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ ត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។
 
ដោយឡែក ព្រឹត្តិការណ៍ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមគោលដៅសំខាន់ៗ ដូចជា ផ្តល់ឱកាសដល់អត្ដពលិកជាតិ បានវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ បានអនុវត្តជាក់ស្តែង ទទួលបានចំណេះដឹង និងបទពិសោធន៍។ គណៈកម្មការរៀបចំការប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំការប្រកួត និងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតដើម្បីឆ្ពោះទៅឆ្នាំ២០២៣។
 
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដាក់ ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា ហើយក៏មាន ៧ប្រភេទកីឡាប៉ារ៉ាឡាំពិក ៤៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ 
 

Tag:
 កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com