ជាតិ
បទសម្ភាសន៍
សិល្បះ
តើភាពយន្តខ្មែរអាចរីកចម្រើនបានទេ ខណៈភាពយន្តបរទេសនៅតែហូរចូលច្រើន?
02, Oct 2022 , 4:29 pm        
រូបភាព
ភាពយន្តខ្មែរ និងការហូរចូលនៃភាពយន្តបរទេស
ភាពយន្តខ្មែរ និងការហូរចូលនៃភាពយន្តបរទេស
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ភាពយន្តបរទេសបន្តហូរចូលទីផ្សារកម្ពុជា ខណៈសន្ទុះគាំទ្រភាពយន្តខ្មែរវិញ ហាក់មានកម្រិតតិចតួចនៅឡើយ ។ លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ ពន្យល់ថា ទោះបីបិទការនាំចូលភាពយន្តបរទេស ក៏មិនប្រាកដថា ភាពយន្តខ្មែរខ្លាំងនោះដែរ។ សម្រាប់លោក ប៉ូរ៉ាក់ ភាពយន្តខ្មែរខ្លាំងបាន លុះត្រាពង្រឹងគុណភាព ទាំងកត្តាធនធានមនុស្ស និងកត្តាហិរញ្ញវត្ថុ។ ជាពិសេស ធាតុផ្សំពីផលិតករភាពយន្តក្នុងស្រុក ក្រុមហ៊ុនចែកចាយ រោងភាពយន្ត និងស្ថានីយ៍ទូរទស្សជាដើម សម្រាប់ប្រកួតប្រជែងទីផ្សារ។ ជាមួយគ្នានេះ អ្នកនិពន្ធឯករាជ្យ លោក ស៊ុំ សូរិយ បានបញ្ជាក់ថា​ ការសាមគ្គីគ្នា ការផ្ដល់ឱកាសឱ្យផលិតករជំនាន់ក្រោយ និងការចូលរួមពីអ្នកគាំទ្រ ទើបអាចជួយលើកកម្ពស់ភាពយន្តខ្មែរបាន។

 
ដើម្បីកាន់តែលំអិត សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ និងលោក ស៊ុំ សូរិយ អ្នកនិពន្ធឯករាជ ដូចតទៅ៖








 
កញ្ញា សុង សុធាវី៖  ថ្មីៗនេះមានការលើកឡើងថា រដ្ឋគួរទប់ស្កាត់ការហូរចូលភាពយន្តរបស់បរទេស ដើម្បីឱ្យភាពយន្តខ្មែរមានឱកាសរីកលូតឡើង តើលោកមានការចូលរួមយ៉ាងណាក្នុងនាមក្រសួងពាក់ព័ន្ធ? 
 
លោក ប៉ុក បូរ៉ាក់៖ ខ្ញុំយល់ឃើញថា វិស័យភាពយន្តខ្មែរអាចរីចម្រើន និងមានការគាំទ្រពីមហាជន មិនមែនជាបញ្ហាយើងត្រូវបិទពីក្រៅនោះទេ។ នៅក្នុងវិស័យភាពយន្តមានធាតុផ្សំសំខាន់បួនយ៉ាងគឺ ផលិតករភាពយន្ត ក្រុមហ៊ុនចែកចាយ រោងភាពយន្ត និងស្ថាននីយ៍ទូរទស្សន៍។ មិនមែនយើងបិទភាពយន្តបរទេសហើយឱ្យយើងរីកចម្រើន១០០%នោះទេ។ តែខ្ញុំក៏ទទួលស្គាល់ដែរ កាលណាវាច្រើនពេកវាក៏មានបញ្ហាដូចគ្នា ព្រោះនៅក្នុងបរិបទយើងនៅខ្សោយ អ៊ីចឹងយើងត្រូវការទប់ស្កាត់ខ្លះដែរ មិនអាចបណ្តោយពេកទេ។ ជារួមយើងមានការសិក្សាច្រើនដែរមានទាំងការស្នើរ ការពិភាក្សា ។ល។ ក្នុងសម័យបច្ចេកវិទ្យា ភាពយន្តបរទេសអាចចូលមកកម្ពុជាតាមរូបភាពជាច្រើន ដែលយើងពិបាកនឹងទប់ស្កាត់បានផងដែរ។ អ៊ីចឹងយើងមានតែពង្រឹងខ្លួនឯងទេទើបជារឿងសំខាន់ដំបូងបំផុត។


 លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ  ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់.

កញ្ញា សុង សុធាវី៖ តើការពង្រឹងទាំងនោះមានរូបភាពបែបណា ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានការជ្រោមជ្រែង និងលើកកម្ពស់ភាពយន្តខ្មែរកន្លងមក?
 
លោក ប៉ុក បូរ៉ាក់៖ យើងមានការពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកហ្នឹង មានវគ្គបណ្តុះបណ្តាលរៀងរាល់ឆ្នាំ ហើយឃើញថាបញ្ហាតែងនិពន្ធ អត្ថបទផ្នែកភាពយន្តនៅខ្វះខាតខ្លាំង។ រីឯផ្នែកបច្ចេកទេសយើងមានការរីកចម្រើនទៅមុខហើយ។ យើងត្រូវការបណ្តុះបណ្តាលជាប្រចាំបន្តទៀត ពង្រឹងគុណភាព សមត្ថភាពភាពយន្តយើង។ កន្លងមកយើងមានការស្នើរសុំទៅរដ្ឋាភិបាលឱ្យបន្ធូរបន្ធយលើការអនុវត្តន៍កាតព្វកិច្ចពន្ធមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យភាពយន្ត ពន្ធលើការចាក់បញ្ចាំង ពន្ធកាត់ទុកលើសេវាកម្មផ្សេងៗ ពន្ធលើចំណូលបៀវត្ស យើងបានធ្វើការងារទាំងហ្នឹងបានច្រើន និងការជំរុញទីផ្សារភាពយន្តខ្មែរទៅតាមបណ្តាខេត្តផងដែរ ដែលពីមុនយើងមានតែនៅតាមទីក្រុងទេ។ តាមរយៈរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ យើងឃើញថាការចាក់បញ្ចាំងភាពយន្តនៅតាមម៉ោងពិសេស យើងអនុញ្ញាតឱ្យចាក់តែរឿងខ្មែរទេ មិនអាចបញ្ចាំងរឿងបរទេសឡើយ។ 
 


លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ  ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់

កញ្ញា សុង សុធាវី៖ ក្នុងនាមជាអ្នកនិពន្ធមួយរូបចំពោះលោកផ្ទាល់ តើការទប់ស្កាត់ភាពយន្តយ៉ាងច្រើនពីបរទេសពិតជាឱកាសល្អសម្រាប់ការងើបឡើងរបស់ភាពយន្តក្នុងស្រុកពិតមែនទេ?
 
លោក ស៊ុំ សូរិយ៖ ខ្ញុំមើលឃើញថាការផលិតភាពយន្តរបស់យើងហាក់នៅមានភាពតូចចង្អៀត និងមិនទាន់សម័យនៅឡើយហើយដើរក្រោយគេច្រើនមែនទែន។ ការសិក្សាស្វែងយល់ពីភាពយន្តរបស់បរទេសវាអាចជាវិធីសាស្ដ្រមួយដែរ នៅក្នុងការចាក់សោររកមើលឱ្យឃើញនូវរូបមន្តដ៏ត្រឹមត្រូវដើម្បីជួយដល់ការផលិតភាពយន្តរបស់ខ្មែរយើងឱ្យល្អប្រសើរឡើង។ ខ្ញុំគិតថាវាជាការល្អទៅវិញទេនៅពេលដែលយើងអាចទស្សនាភាពយន្តបរទេសព្រោះយើងអាចដឹងថាគេផលិតរឿងបែបណា ហើយយើងអាចស្គាល់បានថាអ្វីជាភាពយន្តគុណភាពរបស់ពួកគេ ហើយប្រជាជនយើងចូលចិត្តភាពយន្តប្រភេទណា។ បើយើងបិទភាពយន្តពីក្រៅប្រទេសពិតមែន! តើយើងគិតថាប្រជាជនរបស់យើងនឹងត្រឡប់មកទស្សនាភាពយន្តរបស់យើងវិញឬ? វាពិតជារឿងគួរឱ្យអស់សំណើចណាស់ដែលយើងគិតថាធ្វើបែបនេះហើយប្រជាជនយើងនឹងមិនអាចមានវិធីសាស្រ្តតាមដានទស្សនាភាពយន្តបរទេសទាំងនោះបាន។ យើងគួរតែចាប់ផ្តើមគិតឡើងវិញ! តើនេះជាសម័យអ្វីហើយ? 
 
សម្រាប់ការយល់ឃើញរបស់លោក ស៊ុំ សូរិយ អ្នកនិពន្ធឯករាជ្យវិញ៖
 
កញ្ញា សុង សុធាវី៖ លោកបានក្រាញននៀលនៅក្នុងវិស័យនេះច្រើនឆ្នាំ តើក្រៅពីលំហូរចូលច្រើននៃភាពយន្តបរទេសមកកម្ពុជា អ្វីជាឧបសគ្គសម្រាប់ផលិតករក្នុងស្រុកក្នុងការធ្វើឱ្យវិស័យនេះរីកចម្រើនឡើងដូចគេ?
 
លោក ស៊ុំ សូរិយ៖ នៅក្នុងវិស័យនេះច្រើនឆ្នាំ តែខ្ញុំហាក់បីដូចជានៅក្រៅសង្វៀនប្រកួតនៅឡើយ ព្រោះមានឧបសគ្គចំពោះខ្ញុំ។ ខ្ញុំសូមបដិសេធតែម្ដងនៅពេលដែលនិយាយថាលំហូរចូលច្រើននៃភាពយន្តបរទេសមកកម្ពុជាជាឧបសគ្គរបស់ផលិតករក្នុងការផលិតភាពយន្តក្នុងស្រុក។ ប៉ុន្តែការពិតវាមានឧបសគ្គពិតៗជាច្រើនដែលស្ថិតនៅពីក្រោយខ្នងការផលិតភាពយន្តរបស់ខ្មែរ ហើយក៏ជាឧបសគ្គរបស់ខ្ញុំ និងរបស់ផលិតករវ័យក្មេងដទៃទៀតផងដែរ នោះគឺ “ឱកាស” និង “ទេពកោសល្យ”។ អ្នកនិពន្ធ ផលិតករ និងអ្នកស្រឡាញ់វិស័យសិល្បៈភាពយន្តជំនាន់ក្រោយមិនទទួលបានឱកាសពេញលេញសោះឡើយ។ ភាគច្រើនបើគេប្រកាសរើសអ្នកនិពន្ធ អ្នកដឹកនាំ ឬអ្នកកាន់តួនាទីណាមួយក្នុងវិស័យហ្នឹងគឺគេគ្រាន់តែប្រកាស។ បើទោះយើងមានបទពិសោធ ឬមានការតាំងចិត្តខ្ពស់យ៉ាងណា ក៏មានភាគរយតិចណាស់ដែលត្រូវបានគេជ្រើសរើស។ មួយទៀត! ទេពកោសល្យ! ពេលខ្លះចំណេះដឹងយើង ទេពកោសល្យ និងភាពប៉ិនប្រសប់របស់យើងត្រូវបានគេមិនឱ្យតម្លៃ ឬនិយាយបែបនេះបែបនោះ មិនទទួលស្គាល់ ហើយពួកគេបែរជាស្រវាយកអ្នកដែលធ្លាប់មានឈ្មោះល្បីមកពីការចម្លងស្នាដៃពីបរទេសយកទៅធ្វើការជាមួយវិញ។ ទាំងដែលអ្នកទាំងនោះមិនមែនជាអ្នកដែលមានសិល្បៈក្នុងខ្លួន ឬមានដុងពីកំណើត។
 

លោក ស៊ុំ សូរិយ  អ្នកនិពន្ធឯករាជ្យនៅកម្ពុជា.

កញ្ញា សុង សុធាវី៖ តើលោកមានការចូលរួមបែបណា ក្នុងនាមជាអ្នកនិពន្ធជំនាន់ថ្មី ដើម្បីលើកគុណតម្លៃភាពយន្តខ្មែរឱ្យនៅតែមានព្រលឹងជាតិ ទាំងបច្ចុប្បន្ន និងទៅអនាគត?
 
លោក ស៊ុំ សូរិយ៖ ក្រោយពីឆ្លងកាត់ការងារជាអ្នកនិពន្ធជាប់កុងត្រា និងធ្លាប់ជាអ្នកនិពន្ធទទួលរងនូវគំនាបមួយចំនួនក្នុងការនិពន្ធស្នាដៃដែលខ្ញុំគិតថាវាជារសជាតិរបស់ខ្មែរយើង ជាស្នាដៃដែលគេធ្លាប់គិតថាវាមិនល្អ មិនទាក់ទាញ និងមិនត្រូវបានលើកទឹកចិត្ត បច្ចុប្បន្ននេះខ្ញុំសម្រេចចិត្តមកធ្វើជាអ្នកនិពន្ធឯករាជ្យវិញម្ដង។ ក្រុមផលិតក៏ដូចជាក្រុមហ៊ុនមួយចំនួនដែរ បានទាក់ទងមកខ្ញុំដើម្បីផលិតភាពយន្តនាពេលកន្លងមក តែខ្ញុំនៅមើលឃើញថាពួកគាត់ហាក់មិនទាន់មានគោលបំណងច្បាស់លាស់ណាមួយដើម្បីជួយផ្សព្វផ្សាយដល់វិស័យមួយនេះបានក្រៅពីការធ្វើដើម្បីតែប្រាក់ចំណេញ និងចំណូលចិត្តមួយចំណែកតូចរបស់ពួកគាត់។ ក្នុងនាមជាអ្នកនិពន្ធមួយរូបខ្ញុំមានជំនឿជឿជាក់ថាបើផលិតករយើងមានការសាមគ្គីគ្នា យើងផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយ និងធ្វើការឱ្យត្រូវនឹងជំនាញនោះយើងនឹងរកឃើញនូវគុណតម្លៃនៃភាពយន្តខ្មែរយើងយ៉ាងពិតប្រាកដ។ ហើយយើងក៏អាចធ្វើឱ្យអ្នកទស្សនាក្នុងប្រទេសយើងចាប់ផ្តើមងាកមកទស្សនា និងគាំទ្រកុនរបស់យើង។ បើអ្វីៗដំណើរការទៅរលូននោះ ខ្ញុំសង្ឃឹមថាភាពយន្តរបស់យើងនឹងអាចនាំចេញទៅក្រៅប្រទេស ឬផ្សព្វផ្សាយបានយ៉ាងទូលំទូលាយចូលក្នុងទីផ្សារអាស៊ាន និងពិភពលោកនាពេលអនាគត៕
 

 លោក ស៊ុំ សូរិយ  អ្នកនិពន្ធឯករាជ្យនៅកម្ពុជា

Tag:
 វិស័យសិល្បៈភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com