កីឡាជាតិ
ជាតិ
NOCC នឹងបញ្ចប់អាណត្តិទី៧ ហើយត្រៀមបន្តអាណត្តិទី៨ ដើម្បីសម្រេចទិសដៅស៊ីហ្គេម
02, Oct 2022 , 6:59 pm        
រូបភាព
កិច្ចប្រជុំពីភាក្សាត្រៀមរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ នៅចុងខែតុលា របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ រូបពី CAMSOC
កិច្ចប្រជុំពីភាក្សាត្រៀមរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ នៅចុងខែតុលា របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ រូបពី CAMSOC
ដោយ:
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៩-២០២២ និងបន្តអាណត្តិទី៨ ឆ្នាំ២០២២-២០២៦។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នៅថ្ងៃទី៣០ ខែកញ្ញា នៅអគារ NOCC។ ការបន្តអាណត្តិថ្មីទី៨ របស់ NOCC ដើម្បីធានាចរន្តការងារក្នុងទិសដៅឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

 
យោងតាមធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី (OCA ) អូឡាំពិកអន្ដរជាតិ (IOC) ក៏ដូចជាលក្ខន្ដិកៈរបស់ NOCC គ្រោងនឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ៤ឆ្នាំម្ដង ដើម្បីរៀបចំនូវសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។ អ្វីដែលសំខាន់គឺពិនិត្យទៅលើនិរន្តរភាពការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រៀមសម្រាប់អាណត្តិថ្មី។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការNOCC លើកឡើងថា៖«យើងបានធ្វើការទំនាក់ទំនងជាមួយប្រព័ន្ធច្បាប់។ គេហៅថា ក្រុមច្បាប់របស់ IOC និង OCA ដោយយើងសុំការណែនាំថា ចំពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែដល់ពេលយើងបញ្ចប់អាណត្តិនេះ តើយើងត្រូវធ្វើម៉េច? អ៊ីចឹងតាមការណែនាំ គឺយើងត្រូវតែធ្វើមហាសន្និបាត និងបោះឆ្នោតធម្មតា តែការបោះឆ្នោតជាសេចក្ដីទុកចិត្ត។ ដូច្នេះយើងនឹងរៀបចំឲ្យមានការបោះឆ្នោតជាសេចក្ដីទុកចិត្តនេះ ទៅតាមការណែនាំ ដោយគោរពតាមធម្មនុញ្ញដដែល»។ 
 
ជាមួយគ្នានោះដែរលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញក្នុងការរៀបចំមហាសន្និបាតអាណត្តិថ្មីឱ្យបានចប់សព្វគ្រប់នាចុងខែតុលា ខាងមុខ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិក OCA ដើម្បីឱ្យអាណត្តិទី៨ បានដើរតួជាស្នូលក្នុងការជំរុញការរៀបចំព្រឹត្តិការកីឡាអន្តរជាតិជាប្រវត្តិសាស្រ្តនាឆ្នាំ២០២៣ ទទួលបានជោគជ័យ៕
 

Tag:
 CAMSOC
 NOCC
© រក្សាសិទ្ធិដោយ thmeythmey.com