កីឡាជាតិ
ជាតិ
គ្រូជំនួយជម្រើសជាតិកម្ពុជា៖ ការរិះគន់របស់អ្នកគាំទ្រ ជាសញ្ញាវិជ្ជមានក្នុងវិស័យបាល់ទាត់ខ្មែរ
03, Oct 2022 , 8:59 pm        
រូបភាព
លោក អ៊ុក សុធី (ស្តាំ) ជាមួយលោក ហុងដា (ឆ្វេង) ក្នុងពេលហ្វឹកហ្វឺនកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានៅពុហកីឡដ្ឋានមរតកតេជោ នាពេលកន្លងទៅ។ រូបពី អ៊ុក សុធី
លោក អ៊ុក សុធី (ស្តាំ) ជាមួយលោក ហុងដា (ឆ្វេង) ក្នុងពេលហ្វឹកហ្វឺនកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជានៅពុហកីឡដ្ឋានមរតកតេជោ នាពេលកន្លងទៅ។ រូបពី អ៊ុក សុធី
ដោយ:
លោក អ៊ុក សុធី គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា យល់ឃើញថាការរិះគន់របស់អ្នកគាំទ្រ និងមហាជនជាសញ្ញាវិជ្ជមានសម្រាប់កែលម្អវិស័យបាល់ទាត់នៅកម្ពុជា។ លោកសុធី មើលឃើញដូច្នេះ ក្រោយ បរាជ័យរបស់ក្រុម U23 និងឈុតធំកម្ពុជាក្នុងជំនួបមិត្តភាអន្តរជាតិកន្លងទៅ។

 
«ចំពោះបាល់ទាត់ទូទៅ តែងតែមានការរិះគន់។ ចំពោះខ្ញុំវាជាសញ្ញាមួយដ៏ល្អដែលពួកគាត់ចាប់ផ្តើមមានប្រតិកម្ម មានន័យថាពួកគាត់មិនត្រឹមតែគាំទ្រនោះទេតែចាប់ផ្តើមស្រលាញ់ និងចាប់អារម្មណ៍នឹងវិស័យកីឡាបាល់ទាត់ជាពិសេសចង់បានលទ្ធផលឈ្នះផងដែរ»។ លោក អ៊ុក សុធី ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។
 
ការលើកឡើងរបស់គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីមានមតិមហាជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា បញ្ចេញមតិរិះគន់ចំពោះការដឹកនាំក្រុម និងការលេងរបស់កីឡាករនៅលើទីលានក្រោយក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតអាយុក្រោម ២៣ឆ្នាំ ចាញ់ជប៉ុន U23 ជប៉ុន ៣-១ និងឈុតធំចាញ់ បង់ក្លាដែស ១-០។ ទោះយ៉ាងណាលោក សុធី សម្តែងអារម្មណ៍អរគុណចំពោះអ្នកគាំទ្រ និងមហាជនដែលចាប់អារម្មណ៍ចំពោះបាល់ទាត់ ខណៈការរិះគន់តែងតែកើតមានពេលក្រុមបរាជ័យ។
 
គ្រូជំនួយជម្រើសជាតិកម្ពុជារូបនេះបន្ថែមទៀតថា៖«បាល់ទាត់ត្រូវការអ្នកគាំទ្រ។ បើសិនជាអ្នកគាំទ្រមិនសប្បាយចិត្តគាត់រិះគន់ ពិតណាស់វាអាចជះលទ្ធផលមួយចំនួនដល់ការដឹកនាំដែរ។ សម្រាប់ខ្ញុំ ដូចខ្ញុំបាននិយាយអ៊ីចឹង វាជាសញ្ញាវិជ្ជមានសម្រាប់បាល់ទាត់កម្ពុជា ដែលអ្នកគាំទ្រចាប់ផ្តើមមានប្រតិកម្ម ហើយក្រុមការងារនឹងប្រឹងប្រែងឱ្យខ្លាំងបន្ថែមទៀត»។
 
សូមរំឭកថា សម្រាប់ជំនួបមិត្តភាពអន្តរជាតិរបស់ក្រុមកម្ពុជា ឈុតអាយុក្រោម ២៣ឆ្នាំ ចាញ់ជប៉ុន ៣-១ នាពហុកីឡដ្ឋានមរតកតេជោធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា និងពហុកីឡដ្ឋានដដែល ជម្រើសជាតិឈុតធំកម្ពុជា ចាញ់បង់ក្លាដែស ១-០ កាលពីថ្ងៃទី២២ ខែកញ្ញា ក្នុងជំនួបមិត្តភាពអន្តរជាតិ MinebeaMitsumi៕
 
 
 

Tag:
 កីឡាបាល់ទាត់
 អ៊ុក សុធី
© រក្សាសិទ្ធិដោយ thmeythmey.com