ជាតិ
ខេត្តកំពត ព្រះសីហនុ បន្ទាយមានជ័យ ទទួលបានទេសចរច្រើនជាងគេ ក្នុងសប្ដាហ៍ចុងខែតុលា និងដើមខែវិច្ឆិកា
08, Nov 2022 , 4:59 pm        
រូបភាព
ទេសចរដើរកម្សាន្ត នាដើមសប្តាហ៍ទី១ ខែវិច្ឆិកា
ទេសចរដើរកម្សាន្ត នាដើមសប្តាហ៍ទី១ ខែវិច្ឆិកា
ភ្នំពេញ៖ ក្នុងសប្ដាហ៍ចុងខែតុលា និងដើមខែវិច្ឆិកា គិតត្រឹមថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានទេសចរដើរកម្សាន្តទូទាំងប្រទេស សរុបចំនួន ៨០៣ ៤១៣នាក់ ក្នុងនោះទេសចរជាតិមានចំនួន ៧៧២ ៩៤២ ដោយទេសចរផ្ទៃក្នុងមានចំនួន ៣០ ៤៧១នាក់។ ខេត្តដែលទេសចរណ៍ទៅកម្សាន្តច្រើនមាន ខេត្តកំពត ព្រះសីហនុ បន្ទាយមានជ័យ កំពង់ធំ សៀមរាប ខេត្តតាកែវ និងរាជធានីភ្នំពេញ។



ភ្ញៀវដើរកម្សាន្តទូទាំងប្រទេសជាង ៨០ម៉ឺននាក់នេះ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។ 
 
យោងតាមទិន្នន័យភ្ញៀវទេសចរ របស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាងគេរួមមាន ខេត្តកំពតមានទេសចរចំនួន ២០៧ ២៤៥នាក់, ខេត្តព្រះសីហនុមានចំនួន ១៦០ ៤៦០នាក់, ខេត្តបន្ទាយមានជ័យមានចំនួន ១២៣ ៨៥៦នាក់, ខេត្តកំពង់ធំមានចំនួន ១០៧ ៩០៤នាក់, ខេត្តសៀមរាបមានចំនួន ៤៣ ៤៩២នាក់ ខេត្តតាកែវមានចំនួន ២៩ ១៥៥នាក់ និងទេសចរដែលមកកម្សាន្តនៅភ្នំពេញមានចំនួន ២២ ៩៥៤នាក់។ 
 
សូមរំលឹកដែរថា ចុងសប្តាហ៍ទី៤នៃខែតុលា ភ្ញៀវទេសចរប្រមាណ១លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស ស្របពេលបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។ ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕
 
ទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុ (រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ)


ទេសចរដើរកម្សាន្តពេលរាត្រី( រូបភាពពីរដ្ឋបាលខេត្តកំពត)


ទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប

 

Tag:
 ទេសចរ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com